អ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា ឧបសគ្គរបស់វិស័យឯកជនក្នុងការខ្ចីទុនពីស្ថាប័នហិរញ្ញវត្ថុមានដូចជា ការខ្វះខាតវត្ថុបញ្ចាំ និងអត្រាការប្រាក់ខ្ពស់។ ប៉ុន្តែធនាគារវិញបានឲ្យដឹងថា បច្ចុប្បន្នចំនួនធនាគារមានច្រើន ឬទុនច្រើនសម្រាប់ឲ្យវិស័យឯកជនខ្ចី និងអត្រាការប្រាក់ក៏មានភាពប្រកួតប្រជែងកាន់តែទាប។
ចំពោះអ្នកវិភាគផ្នែកវិនិយោគបានអះអាងថា ការចង់បានរបស់ធនាគារពីវិស័យឯកជននោះ គឺទាមទារឲ្យមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់មុននឹងស្នើសុំខ្ចីប្រាក់សម្រាប់អាជីវកម្មរបស់ខ្លួន។
វិស័យធនាគារបានរីកចម្រើនគួរឲ្យកត់សំគាល់រហូតដល់ពេលនេះ ដែលបង្ហាញពីតម្រូវការទុនវិនិយោគខ្លាំងនៅរយៈពេលចុងក្រោយ។ កត្តានេះបញ្ជាក់ថា ក្នុងចំណោមធនាគារ ឬស្ថាប័នហិរញ្ញវត្ថុទាំងនោះធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ផ្ដល់ប្រាក់កម្ចីផ្នែកឯកជនក៏មានការកើនឡើងរៀងរាល់ឆ្នាំ។
នាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី មានប្រសាសន៍ថា ការផ្ដល់ប្រាក់កម្ចីរបស់ធនាគារផ្ទាល់នៅរយៈពេល ៦ខែដើមឆ្នាំ២០១២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រមាណ ១៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ១.១៤៧លានដុល្លារ។ លោកបញ្ជាក់ទៀតថា ចំនួនអ្នកខ្ចីប្រាក់ពីធនាគារប្រមាណ ៣០ម៉ឺននាក់។
អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវសមាគមសេដ្ឋកិច្ចកម្ពុជា លោក ហេង ឌីណា មានប្រសាសន៍ថា តួនាទីរបស់ធនាគារមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសនីមួយៗដែលប្រព័ន្ធធនាគារនេះបានប្រមូលធនធានហិរញ្ញវត្ថុដែលនៅទំនេរ ទៅអ្នកដែលមានតម្រូវការពិតប្រាកដ។ បន្ថែមពីនេះវិស័យធនាគារបានជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុផងដែរ។
លោក ហេង ឌីណា៖ «អ៊ីចឹងការងារធំរបស់ធនាគារតាមទ្រឹស្ដី ទទួលប្រាក់បញ្ញើ ផ្ដល់ប្រាក់កម្ចី ក្នុងតួនាទីហ្នឹងគាត់ប្រមូលធនធាន (mobilize resource) អ្នកមានលុយច្រើនសល់ ទៅអ្នកដែលមានគំនិតហើយខ្វះលុយ មានគំនិតរកស៊ី មានគំនិតកែច្នៃ ហើយខ្វះទុន ហ្នឹងទីមួយ ហើយទីពីរ គឺមានតួនាទីសំខាន់ក្នុងការទូទាត់ប្រតិបត្តិការហិរញ្ញវត្ថុ»។
លោក ហេង ឌីណា មានប្រសាសន៍បន្តថា ឧបសគ្គរបស់វិស័យឯកជនក្នុងការរកវិស័យហិរញ្ញវត្ថុពីធនាគារ មានដូចជា ផ្នែកឯកជនដែលមានតម្រូវការហិរញ្ញវត្ថុ ខ្វះខាតវត្ថុបញ្ចាំ និងប្រព័ន្ធធនាគារខ្វះខាតប្រភពមូលធន ឬហិរញ្ញវត្ថុ និងអត្រាការប្រាក់នៅខ្ពស់នៅឡើយបើធៀបនឹងតំបន់។
បញ្ជាក់បន្ថែមពីបញ្ហានេះរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា អត្រាការប្រាក់ពិត (Real Interest Rate) មានតួលេខអវិជ្ជមាននៅឆ្នាំ២០០៨ ដែលមានអត្រា -9% (ដក ៩ភាគរយ) មានន័យថា អត្រានេះរួមបញ្ចូលនឹងតម្លៃអតិផរណាដែលកើនឡើងខ្ពស់នៅឆ្នាំ២០០៨។ ប៉ុន្តែអត្រាការប្រាក់ពិតបានកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំបន្ទាប់ ដែលមានអត្រាជាង ១៩% ដែលអត្រានេះខ្ពស់បំផុតនៅក្នុងចំណោមប្រទេសអាស៊ាន។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ិន ចាន់នី មានប្រសាសន៍បន្ថែមថា កត្តាប្រឈមចំពោះការខ្ចីប្រាក់ពីប្រព័ន្ធធនាគារចំពោះវិស័យឯកជននោះ គឺទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចីដែលម្ចាស់ធនាគារតម្រូវឲ្យមាន គឺមិនមែនពាក់ព័ន្ធនឹងអត្រាការប្រាក់ទេ។
លោក អ៊ិន ចាន់នី៖ «លក្ខខណ្ឌទេ! ឧបមាថា យើងឲ្យខ្ចី យើងត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ធ្វើឲ្យគាត់មានការលំបាកក្នុងការខ្ចី ប៉ុន្តែអត្រាការប្រាក់វិញ មានអត្រាទាបច្រើន ព្រោះអីមានការប្រកួតប្រជែងច្រើន ដោយសារតែចំនួនធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំង ៣២។ អ៊ីចឹងតម្លៃឲ្យខ្ចីហ្នឹង ការប្រាក់ទាប។ ការប្រាក់មិនមែនជាលក្ខខណ្ឌដែលគាត់មិនអាចខ្ចីបានទេ តែលក្ខខណ្ឌតម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុ»។
អ្នកជំនាញផ្នែកវិនិយោគ (Emerging Market Investment) លោក ម៉ៅ សាវិន មានប្រសាសន៍ថា របាយការណ៍ហិរញ្ញវត្ថុជាការចង់បានរបស់ធនាគារមុនផ្ដល់ប្រាក់កម្ចីទៅផ្នែកឯកជន សម្រាប់ផែនការអាជីវកម្ម រួមទាំងវត្ថុបញ្ចាំផងដែរ ប៉ុន្តែលោកបញ្ជាក់ថា មានធនាគារតិចតួចប៉ុណ្ណោះដែលមិនទាមទារវត្ថុបញ្ចាំ ដែលភាគច្រើនលើក្រុមហ៊ុនផ្នែកកសិកម្មដែលលេចធ្លោខ្លាំង ហើយមានការធានាដោយរដ្ឋាភិបាលផងដែរ។
លោក ម៉ៅ សាវិន មានប្រសាសន៍បន្ថែមថា ជាទូទៅផ្នែកឯកជន ឬម្ចាស់អាជីវកម្មគឺត្រូវមានរបាយការណ៍ហិរញ្ញវត្ថុមួយ ដើម្បីស្នើសុំការខ្ចីទុនវិនិយោគពីធនាគារ ដោយលោកបញ្ជាក់ថា ការមានរបាយការណ៍ហិរញ្ញវត្ថុហាក់មានការលំបាកសម្រាប់អាជីវកម្មណាមួយដែលទើបនឹងបើកថ្មី។
លោក ម៉ៅ សាវិន៖ «អ្នកដែលមានឱកាសទទួលបានហិរញ្ញវត្ថុ ជាទូទៅបើក្រុមហ៊ុនគាត់ចាប់ផ្ដើមយូរ ចាប់ផ្ដើមមុន គាត់មានទ្រព្យសម្បត្តិ គាត់មានរចនាសម្ព័ន្ធគ្រប់គ្រង គាត់មានធនធានមនុស្ស អាជីវកម្មរបស់គាត់មើលទៅលូតដុះដាល។ គាត់មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ជាទូទៅគាត់ប្រហែលជាមានអាទិភាពខ្លាំងជាងអ្នកដែលទើបនឹងចាប់ផ្ដើម»។
លោកមានប្រសាសន៍បន្ថែមថា ការតម្រូវរបស់ធនាគារនីមួយៗនូវកត្តាទាំងឡាយទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រុមហ៊ុន ផែនការអាជីវកម្ម គឺមានសារសំខាន់បំផុតដែលធនាគារវាយតម្លៃអំពីហានិភ័យចំពោះអាជីវកម្ម មានន័យថា បើហានិភ័យកាន់តែទាប ការផ្ដល់ទុនរបស់ធនាគារក៏មានភាពងាយស្រួល និងមានអត្រាការប្រាក់កាន់តែទាប។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ធនាគារពិភពលោក ការអភិវឌ្ឍសកលឆ្នាំ២០១១ បានបង្ហាញថា វិស័យហិរញ្ញវត្ថុរួមទាំងការចំណាយ និងលទ្ធភាពប្រើប្រាស់នៅកម្ពុជា មានលក្ខណៈអន់ខ្សោយនៅឡើយ។ ឥណទានសម្រាប់វិស័យឯកជនមានប្រហែលជាង ២៣% នៃផលិតផលសរុប (GDP) ធៀបនឹងជាង ៩% នៅឡាវ ជាង ៩០% នៅប្រទេសវៀតណាម និងជាង ១១៣% នៅថៃ។ តួលេខនេះបញ្ជាក់ថា ការផ្គត់ផ្គង់ឥណទានហាក់ពិបាករកនៅឡើយសម្រាប់វិស័យឯកជន។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ឥណទានចំពោះវិស័យឯកជនមានទំហំប្រមាណ ២ពាន់៥រយលានដុល្លារអាមេរិក។
អ្នកវិភាគនានាបានអះអាងថា លទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុស្ថិតក្នុងលំដាប់ទី៥ នៃកត្តារារាំងទាំង ១៥នៃការធ្វើអាជីវកម្មនៅកម្ពុជា បន្ទាប់ពីអំពើពុករលួយដែលស្ថិតនៅលំដាប់ទីមួយ ការិយាធិបតេយ្យគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលស្ថិតលំដាប់ទីពីរ កម្លាំងពលកម្មជំនាញមិនគ្រប់គ្រាន់ ស្ថិតលំដាប់ទី៣ និងភាពខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅលំដាប់ទី៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។