បទពិសោធន៍​ពី​ហេតុការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ

មួយ​ឆ្នាំ​ក្រោយ​ហេតុការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់ ៣៥៣​នាក់ និង​របួស​ជិត ៤០០​នាក់ នៅ​លើ​ស្ពាន​កោះ​ពេជ្រ បាន​ផ្ដល់​នូវ​មេរៀន និង​ការ​ចងចាំ​ជា​ច្រើន​ដល់​មនុស្ស​ដែល​បាន​ដឹង​ហេតុការណ៍​នោះ។

0:00 / 0:00

កោះ​ពេជ្រ​ដែល​មាន​ឈ្មោះ​ពេញ​ថា មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ បាន​សង់​ស្ពាន​ថ្មី​ចំនួន ៣ បន្ថែម​ទៅ​លើ​ស្ពាន​ចាស់​ដែល​មាន​កន្លង​មក ដែល​ធ្វើ​ឲ្យ​ចំនួន​ស្ពាន​ឆ្លង​ចូល និង​ចេញ​កោះ​ពេជ្រ​ទាំង​អស់​មាន​៥។ ស្ពាន​ទាំង ៣ ដែល​សង់​ថ្មី​នោះ មាន​ឈ្មោះ​ថា ស្ពាន​ឥន្ទធនូ និង​ស្ពាន​ភ្លោះ​នាគរាជ។

ការ​សាងសង់​ស្ពាន​ថ្មី​បន្ថែម​នេះ ជា​ការ​គិតគូរ​មួយ​ក្រោយ​ពី​ទទួល​បាន​មេរៀន​ដ៏​តក់​ស្លុត កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ហេតុការណ៍​កោះ​ពេជ្រ​មាន​មនុស្ស​ស្លាប់​ជាង ៣០០​នាក់ កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​នោះ ជា​អនុស្សាវរីយ៍ ជា​មេរៀន និង​ជា​ការ​ពិសោធ​ដ៏​ជូរ​ចត់​របស់​រដ្ឋាភិបាល របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​កិច្ច​ការពារ​ពិធី​បុណ្យ​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​កុះករ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​កោះ​ពេជ្រ​មាន​មនុស្ស​ស្លាប់​នោះ អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា ៣ ជា​សំខាន់ គឺ​មាន​ការ​ជួយ​សង្គ្រោះ ការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ ទីកន្លែង​កើតហេតុ និង​ការ​រៀបចំ​ឲ្យ​មាន​វិធានការ​ម៉ត់ចត់​ត្រៀម​ជា​មុន​សម្រាប់​ពិធី​ផ្សេងៗលើក​ក្រោយ​ទៀត។

ក្រៅ​ពី​សាងសង់​ស្ពាន​បន្ថែម និង​ដាក់​សញ្ញា​ចរាចរណ៍​ដើម្បី​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ និង​ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ចូល​កោះ​ពេជ្រ​នោះ កោះ​ពេជ្រ​មាន​សង់​អគារ​ថ្មីៗ​បន្ថែម​លើ​ចំនួន​អគារ​ចាស់​ដែល​មាន​ជា​ច្រើន​ថែម​ទៀត ហើយ​ក៏​មាន​ហាង​លក់​ទំនិញ និង​ហាង​លក់​ចំណី​អាហារ​មួយ​ចំនួន​បាន​បើក​ថ្មីៗ និង​កន្លែង​សម្រាប់​កុមារា កុមារី ទៅ​ជិះ​សេះ ជិះ​ទោង​កម្សាន្ត​ផង​ដែរ។

បន្ថែម​ពី​ការ​សាងសង់​ស្ពាន​បន្ថែម អគារ​ថ្មីៗ ហាង​ទំនិញ​ថ្មីៗ និង​ទំនើប​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​លើ​កោះ​ពេជ្រ​នោះ ក៏​មាន​សាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយសារ​ការ​ផ្អើល​ជាន់​គ្នា​នៅ​លើ​កោះ​ពេជ្រ កាល​ពី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ ដើម្បី​ជា​កិច្ច​រំលឹក និង​គោរព​ដល់​អ្នក​អ្នក​ស្លាប់។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ស្ថាបនា​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​លើ​កោះ​ពេជ្រ កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ថា ព្រឹត្តិការណ៍​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ គឺ​ជា​បទពិសោធន៍​មួយ​ដ៏​ឈឺ​ចាប់​ដែល​ត្រូវ​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​មេរៀន​ដ៏​ឈឺ​ចាប់​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ភ្លេច​បាន​ឡើយ ជា​ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្លួន​ឯង ត្រូវ​តែ​គិត​អំពី​មេរៀន​នេះ​ឲ្យ​បាន​ម៉ត់ចត់​នៅ​ពេល​មាន​ពិធី​ធំៗ​ដែល​មាន​មនុស្ស​ច្រើន​ចូល​រួម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ការ​ស្លាប់​មនុស្ស​នៅ​កោះ​ពេជ្រ​នេះ ជា​មេ​រៀន​ដ៏​ធំ​មួយ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ហ្វូង​មហាជន​ដ៏​ច្រើន ហើយ​មេរៀន​នេះ​មិន​មែន​សម្រាប់​តែ​ក្នុង​ពេល​បុណ្យ​អុំ​ទូក​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​មេរៀន​សម្រាប់​គ្រប់​ពិធី​បុណ្យ​ធំៗ​ទាំង​អស់​ក្នុង​ពេល​អនាគត។ អាជ្ញាធរ​ត្រូវ​តែ​មាន​ផែនការ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​នូវ​ហេតុការណ៍​ដែល​កើត​មាន​ដូច​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ។

ទាក់ទង​ជាមួយ​ហេតុការណ៍​លើ​កោះ​ពេជ្រ​នោះ លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គេ​ត្រូវ​តែ​ចង​ក្រង​របាយការណ៍​មួយ​លម្អិត​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​ស្លាប់​មនុស្ស​នោះ ហើយ​ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ហេតុការណ៍​នោះ។

ចំណែក​ឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា គេ​ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ត​ទៅ​ទៀត។ ដូច​លោក សុន ឆ័យ ដែរ លោក កឹម សុខា បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បុណ្យ​នោះ។

ប៉ុន្តែ​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ច្រាន​ចោល​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ព្រឹត្តិការណ៍​កោះ​ពេជ្រ​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម។

ក្រៅ​ពី​ជា​កន្លែង​កម្សាន្ត និង​កន្លែង​មាន​ហាង​ទំនិញ កោះ​ពេជ្រ​ជា​កន្លែង​ពេញ​និយម​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ការ​តាំង​ពិព័រណ៍​ផលិតផល និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រៀបចំ​ជប់លៀង និង​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅ​នៅ​ទី​នោះ​ដែរ។ គេ​បាន​លើក​ឡើង​ថា ទី​កន្លែង ​កោះ​ពេជ្រ​នោះ​មាន​ទីតាំង​ចត​រថយន្ត​ទូលាយ​ជាង​កន្លែង​ផ្សេង​ទៀត។

ពិត​មែន​តែ​កោះ​ពេជ្រ​ធ្លាប់​មាន​មនុស្ស​ទៅ​កម្សាន្ត ហើយ​ផ្អើល​ជាន់​គ្នា​ស្លាប់​មនុស្ស ៣៥៣​នាក់ និង​របួស​ជិត ៤០០​នាក់ តែ​បច្ចុប្បន្ន​នេះ កោះ​ពេជ្រ​នៅ​តែ​ជា​ទី​កម្សាន្ត កន្លែង​យក​ខ្យល់​អាកាស​របស់​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន នៅ​ចុង​សប្ដាហ៍​ដដែល។ មិន​តែ​ប៉ុណ្ណោះ កោះ​ពេជ្រ​បាន​ល្បី​ឈ្មោះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ស្គាល់ និង​ចង់​ទៅ​មើល​ទី​កន្លែង​កើត​ហេតុ​នោះ​ទៀត​ផង៕