លីកាដូ អំពាវនាវ​រដ្ឋាភិបាល​កុំ​ចាត់​ទុក​អង្គការ​និង​សកម្មជន​អង្គការ​ជា​សត្រូវ

សមាជិក និង​អ្នក​គាំទ្រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) សរុប​ចំនួន​៣០០​នាក់ បាន​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​នេះ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ នៅ​ទីក្រុង​ភ្នំពេញ។
ដោយ សុខ សេរី
2012-08-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពុង ឈីវកេក ៣០៥
ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ផ្តល់​បទ​សម្ភាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ក្នុង​ពិធី​នោះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ថា ពួក​គេ​បាន​ជួយ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស បាន​ជាង​១លាន​នាក់។ ប៉ុន្តែ បុគ្គលិក​របស់​អង្គការ​នេះ ក៏​រង​ការ​គំរាមកំហែង មាន​ការ​ចោទ​ប្រកាន់​ពី​សមត្ថកិច្ច រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទៀត​ផង។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​ទុក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជា​ដៃគូ​បម្រើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស នៅ​ក្នុង​កម្ពុជា ជៀសវាង​ការ​ដាក់​គំនាប ឬ​គំរាមកំហែង​មក​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ចាត់​ទុក​ជា​សត្រូវ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ទទួល​ការ​អនុញ្ញាត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បម្រើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស នៅ​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០១២ នេះ គឺ​គម្រប់​ខួប​២០​ឆ្នាំ។

នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​នោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​គុក និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ទទួល​ការ​គំរាមកំហែង​ជាច្រើន​ករណី​កន្លង​មក ប៉ុន្តែ​អង្គការ​នេះ បាន​ជួយ​ប្រជាពលរដ្ឋ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចំនួន​ជាង​១លាន​នាក់​ហើយ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អង្គការ និង​សមាគម​សរុប​ជាង​២ពាន់ នៅ​ប្រទេស​កម្ពុជា។ បេសកកម្ម​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ គឺ​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កន្លង​មក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន មាន​ការ​ខក​ចិត្ត​ជាមួយ​រដ្ឋាភិបាល ដោយ​សារ​តែ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ការ​ផ្តល់​អនុសាសន៍​នានា មិន​ត្រូវ​បាន​ស្វាគមន៍​ពី​រដ្ឋាភិបាល៖ «ព្រោះ​ចិត្ត​យើង បំណង​យើង យើង​ចង់​ធ្វើ​កិច្ច​ការងារ​ជាមួយ​រដ្ឋាភិបាល ចង់​ឲ្យ​រដ្ឋាភិបាល​លោក​យក​យើង​ធ្វើ​ជា​ដៃគូ​ពិត​ប្រាកដ ព្រោះ​អី​បំណង​យើង​ដូច​គ្នា»

ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ដែរ ប្រធាន​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ជេមស៍ ហ៊ីណាន់ (James Heenan) បាន​មាន​ប្រសាសន៍​ថា កាល​ពី​១០​ឆ្នាំ​មុន​នេះ លោក​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​អាន​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ឯ​អង្គការ​សហប្រជាជាតិ គឺ​លោក​មាន​អារម្ភ​ថា ធុញ​ថប់​ណាស់ ប៉ុន្តែ​ពេល​នេះ លទ្ធផល​ជោគជ័យ​របស់​អង្គការ​លីកាដូ គឺ​ល្អ​ប្រសើរ​ណាស់៖ «នៅ​គ្រា​ដែល​មាន​ដៃគូ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​លីកាដូ គឺ​ជា​ដៃគូ​មួយ​ដែល​បាន​ធ្វើ​ការ​ជាច្រើន​បំផុត ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស ការពារ​ប្រជាពលរដ្ឋ តាម​ដាន​សង្កេតការណ៍​អ្នក​ធ្វើ​បាតុកម្ម តាម​ដាន​សង្កេតការណ៍​នៅ​ពេល​បោះ​ឆ្នោត តាម​ដាន​ស្ថានការណ៍​ពន្ធនាគារ និង​ជន​សង្ស័យ​ចោទ​ប្រកាន់​ដោយ​តុលាការ។ នៅ​មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​ទៀត ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស លើ​បញ្ហា​ដីធ្លី»

ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​មាន​សន្តិភាព ស្ថិរភាព និង​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​នៅ​ក្នុង​តំបន់៖ «ជំហរ​រដ្ឋាភិបាល​មិន​ដែល​ចាត់​ទុក​នរណា ផ្នែក​ណា​មួយ សង្គម​ស៊ីវិល ឬ​ក៏​ផ្នែក​ឯកជន ផ្នែក​ស្អី ឬ​សារព័ត៌មាន ជា​សត្រូវ​របស់​រដ្ឋាភិបាល​ទេ។ យើង​ស្វាគមន៍​ណាស់ ប៉ុន្តែ​យ៉ាប់​តែ​មន្ត្រី​ខ្លះ ដែល​ធ្វើ​ការងារ​នៅ​សង្គម​ស៊ីវិល​នោះ មិន​មែន​ជា​មន្ត្រី​បម្រើ​ឲ្យ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ ជា​សកម្មជន​ឲ្យ​បក្ស​ប្រឆាំង​ទៅ​វិញ»

រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ ការ​បាញ់​កម្មការិនី​ចំនួន​៣​នាក់​រង​របួស​ធ្ងន់ ដោយ​លោក ឈូក បណ្ឌិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

ការ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ​ទាម​ទារ​ដីធ្លី បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចន្ថា អាយុ​១៤​ឆ្នាំ​ស្លាប់ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ និង​ចុង​ក្រោយ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត ក្រោម​បទ​ជួយ​ចារី​នៅ​ខេត្ត​ក្រចេះ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I think the Cambodian Government should listen to human rights group and accept advice from them and specially the advice or Suggestion of Director of Licadho better than the Government criticizes or threatens human rights activists.

Aug 18, 2012 09:29 AM

អ្នក​អាន​អនាមិក

NGO also not to be a opponent. Are you OK with my idea?

Aug 18, 2012 08:19 AM

CheyVorman007

ពី AngKor Wat

បើតាំងខ្លួនេជាពូជមាន់ជល់ ពេលជល់ម៉េចក៏ខ្លួនមានសិទ្ធិ
បន្ថែមខ្នាយ ហីមិនអោយគេធ្វើផង លោកបងកំហូច? អាង
កាំភើ្លងនៅដៃ??

Aug 18, 2012 07:44 AM

អ្នក​អាន​អនាមិក

Obviously, Hun sen never ever think khmer people possess this country , he always that we are his enemy that's why .

Aug 17, 2012 01:58 PM

Alave in U.S

ពី California U.S. A

Without the Nonprofit Organizations in Cambodia, Hun Sen is more crule than Pol Pot. Any organizations, foreign affairs, Ambassies and the United Nation are the bones that stuck in Hun Sen throat. Think back in Pol Pot regime. If we had all kind of Organizations and Ambassies like this, we should n't suffered serverely in Khmer Rouge regime.

Aug 17, 2012 12:58 PM

មើល​មតិ​ទាំង​អស់.