ម្យ៉ាងវិញទៀត គឺពួកគេបារម្ភខ្លាចក្រែងអ្នកភូមិនោះយករឿងទំនាស់ដីធ្លីដើម្បីសុំឲ្យនាយករដ្ឋមន្ត្រីជួយដោះស្រាយ។
អ្នកភូមិជាច្រើននាក់ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋានឃុំស្ទឹងត្រង់ ដែលបានរារាំងពួកគាត់មិនឲ្យចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។
លោកស្រី វ៉ែន ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្ស សម រង្ស៊ី បានថ្លែងនៅថ្ងៃទី៤ ខែមករា ថា ប្រជាពលរដ្ឋចំនួន ៣០នាក់ នៅភូមិទំនប់ និងភូមិអូរគន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បាននាំគ្នាធ្វើដំណើរទៅទីស្នាក់ការគណបក្ស សម រង្ស៊ី នៅក្នុងខេត្តប៉ៃលិន ក្រោយពីពួកគេបានព្យាយាមចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានសម្រេច។
ក្រុមអ្នកភូមិមានបំណងលើកយកបញ្ហាដីធ្លីទំហំជាង ២ពាន់ហិកតារ នៅឃុំស្ទឹងត្រង់ សុំឲ្យលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍ជួយដោះស្រាយ៖ «គេឲ្យហើយឲ្យ ៣០ប័ណ្ណ។ មេភូមិយកទៅឲ្យ ពេលយប់ឡើងគេទៅយកប័ណ្ណហ្នឹងមកវិញ គេថាកន្លែងហ្នឹងសុទ្ធតែគណបក្ស សម រង្ស៊ី គេអត់អោយទេ។ គេយកវិញ ប៉ុន្តែកន្លែងហ្នឹង គឺជាកន្លែងទំនាស់ដីធ្លីដែលខេត្តយក ២ពាន់ហិកតារជាងហ្នឹងធ្វើជាដីព្រលាន ធ្វើជាតំបន់សេដ្ឋកិច្ចពិសេស»។
លោកស្រីបន្តថា នៅមានអ្នកភូមិជាច្រើននាក់ទៀតដែលទំនាស់ដីធ្លីជាមួយអាជ្ញាធរខេត្តប៉ៃលិន មិនត្រូវបានក្រុមអាជ្ញាធរចែកប័ណ្ណឲ្យពួកគាត់បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនៅក្នុងខេត្តប៉ៃលិន នោះទេ ព្រោះពួកគេខ្លាចក្រុមអ្នកភូមិនាំគ្នាលើកយកបញ្ហាទំនាស់ដីធ្លីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី វ៉ែន ដារ៉ា៖ «ជាច្រើននាក់ទៀតមកដេកចាំមួយយប់នៅវត្តកោងកាង អត់ប័ណ្ណ គាត់អត់ដឹង គេអត់ប័ណ្ណ គេអត់ឲ្យចូល។ គាត់ក៏មកដែរ តែគេអត់ឲ្យចូល ក៏សម្រាកនៅក្នុងវត្តមួយយប់មុនហ្នឹង។ សម្ដេចមក ហើយអ្នកដែលបានចូលពីរនាក់ហ្នឹង មេភូមិ មេឃុំ គេគាបជាប់ អត់មាននិយាយអីទាំងអស់»។
អ្នកភូមិទំនប់ ឈ្មោះ ថោង ថន បានថ្លែងថា នៅមុនថ្ងៃបើកពិធីសម្ពោធសមិទ្ធផលនៅក្នុងខេត្តប៉ៃលិន ក្រុមអាជ្ញាធរមូលដ្ឋាន មានមេភូមិ បានដើរកត់ឈ្មោះប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននាក់ ដើម្បីយកចូលរួមអបអរសាទរ និងទទួលស្វាគមន៍នៃការអញ្ជើញទៅដល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែក្រោយមក ក្រុមអាជ្ញាធរពុំបានចែកប័ណ្ណជូនដល់អ្នកភូមិទេ ដោយពួកគេបារម្ភថា ក្រុមអ្នកភូមិទាំងនោះនឹងយកបញ្ហាដីធ្លីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយ។
លោក ថោង ថន៖ «គេអត់ឲ្យ ហើយមូលហេតុដែលអត់ឲ្យហ្នឹង តាមខ្ញុំពិនិត្យ គេថាគេឲ្យទៅ យើងទៅមានបញ្ហាដូចថា ស្នើសុំដោះស្រាយរឿងដីធ្លី គេអត់និយាយពីមូលហេតុទេ។ ប៉ុន្តែខ្ញុំបានសាកសួរពីអនុភូមិថាចុះកត់ឈ្មោះខ្ញុំធ្វើអី បើអត់ឲ្យប័ណ្ណចូលជួបសម្ដេច។ គេថាខ្លាចពួកខ្ញុំទៅស្នើសុំដីដែលមានពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តហ្នឹង ឲ្យគេពិបាកដោះស្រាយ ដូច្នេះគេអត់ឲ្យ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអាជ្ញាធរឃុំស្ទឹងត្រង់ ដើម្បីសុំសេចក្ដីប្រតិកម្មជុំវិញការលើកឡើងរបស់អ្នកភូមិនេះបានទេ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលជាច្រើននៅខេត្តប៉ៃលិន កាលពីថ្ងៃទី៣ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសន្ទរកថាជាងមួយម៉ោងទើបបញ្ចប់។ ក្នុងសេចក្ដីថ្លែងនោះ លោកនាយករដ្ឋមន្ត្រីបានបរិយាយជាច្រើនទៅលើរឿងអតីតកាល និងនយោបាយឈ្នះឈ្នះ ដែលបានសុខសន្តិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន បូករួមជាមួយសមិទ្ធផលជាច្រើន។ ប៉ុន្តែបញ្ហាទំនាស់ដីធ្លី ការមិនបញ្ជូនក្រុមយុវជនចុះវាស់វែងដីធ្លីនៅខេត្តប៉ៃលិន មិនត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកមកធ្វើអត្ថាធិប្បាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។