ពលរដ្ឋចំនួន ២៥០គ្រួសារនៃភូមិមួយក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃឤទិត្យនេះ ព្រមានអំពីលទ្ធភាពនៃការធ្វើក្បួនដង្ហែ ប្រឆាំងទៅនឹងការទន្ទ្រាន កាប់បំផ្លាញព្រៃឈើ លើផ្ទៃដីសហគមន៍ ទំហំ ២១៥ហិកតា ។
តំណាងពលរដ្ឋទាំង ២៥០គ្រួសារ នៃភូមិស្វាយ ឃុំថ្មពួក លោក ឡុក ជឹម បានមានប្រសាសន៍អំពីគម្រោងដង្ហែក្បួន នៅមុខសាលាឃុំ និងសាលាស្រុក ៖ «អ្នកស្រុក គេចង់ថា ធ្វើជាក្បួនដង្ហែ ដើម្បីទៅសុំតវ៉ា នៅសាលាឃុំ ហើយនិងសាលាស្រុក ។ ការទាមទាររបស់អ្នកស្រុកមិនមែនថា ទាមទារយកមកធ្វើជាសម្បត្តិឯកជនទេ គឺចង់ទាមទារធ្វើជាសម្បត្តិរួម ក៏ប៉ុន្តែ ដោយសារដីនោះ ជាដីសហគមន៍ គាត់ចង់បានទាមទារចំណែកមកធ្វើជា ឱ្យដូចថា មន្ត្រីដែលមានសតម្ថកិច្ច ដោះស្រាយធ្វើម៉េច ឱ្យបានផលប្រយោជន៍មក នៅក្នុងសហគមន៍វិញ» ។
ការព្រមាននេះ ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីបណ្តឹងរបស់ប្រជាសហគមន៍ ភូមិស្វាយ ដែលផ្តិតមេដៃ ដោយពលរដ្ឋចំនួន ២៥០នាក់ ស្នើសុំឱ្យលោកមេឃុំ ជួយអន្តរាគមន៍ បញ្ឈប់ការកាប់រានទន្ទ្រានព្រៃឈើ លើដីសហគមន៍ ចំនួន ២១៥ហិកតា នៅច្រកនាងម៉ុម ភ្នំព្រះ គឺនៅខាងលិច ភ្នំព្រះ ចម្ងាយប្រហែលពី ៥០០ទៅ ៦០០ម៉ែត្រ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មិនត្រូវបានគេចាត់ការ និងឆ្លើយតប ។
មេឃុំថ្មពួក លោក កុល ម៉ក់ បានមានប្រសាសន៍ថា ឃុំមិនមានសមត្ថភាព ដោះស្រាយបណ្តឹងនោះទេ និងថា បញ្ហាខ្លះ លោកមិនឤចនិយាយបាន ៖ «ប៉ុស្តិ៍មិនឤចដោះស្រាយ ទៅបាន វាពិបាកនិយាយ ។ សូមទៅជួបលោកអភិបាលរងស្រុក លោក ឌៀប ឈួន ជាមួយនឹង ខាងភូមិបាល ។ ខ្ញុំប្រាប់គេ អម្បាញ់មិញហើយ» ។
អភិបាលរងស្រុកថ្មពួក លោក ឌៀប ឈួន បញ្ជាក់ថា ដីព្រៃនោះ ពិតជាស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកថ្មពួកមែន ប៉ុន្តែការគ្រប់គ្រង គឺស្ថិតនៅក្នុងអំណាច របស់រដ្ឋបាលព្រៃឈើ និង សហគមន៍ ព្រៃឈើ ។ ទោះជាយ៉ាងនេះក្តី លោកថា ឤជ្ញាធរស្រុក និងហៅគ្រប់ភាគី ទាំងអស់ មកចូលរួមដោះស្រាយ ។
លោក ឌៀប ឈួន បានមានប្រសាសន៍ថា ៖ «យើងអត់ទាន់បាន ចាត់ការទេ ព្រោះដីហ្នឹង ពិតមែនតែ វានៅក្នុងស្រុកមែន ប៉ុន្តែការគ្រប់គ្រង របស់ សហគមន៍ព្រៃឈើ ជាមួយនឹង រដ្ឋបាលព្រៃឈើ ។ ដល់អ៊ីចឹងទៅ អត់ទាន់បានហៅ ភាគីទាំងអស់ហ្នឹង មកជជែកគ្នាទេ ដោយសារ ប៉ុន្មានថ្ងៃនេះ ជាប់បុណ្យអី ។ ប្រហែលជា ចូលឆ្នាំហើយ បានអញ្ជើញទាំងអស់គ្នា មកនិយាយគ្នា» ។
មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកថ្មពួក លោក ឈាង បានស្នើឱ្យពលរដ្ឋ ដាក់បណ្តឹង មកកាន់ រដ្ឋបាលព្រៃឈើផង ។
តំណាងសហគមន៍ព្រៃឈើ ស្រុកថ្មពួក លោក ចាន់ សារ៉ន បានប្រាប់ វិទ្យុឤស៊ីសេរីថា ដីព្រៃ នៅតំបន់ភ្នំព្រះ ក្នុងភូមិសាស្ត្រ ស្រុកថ្មពួក មានទំហំ ១៤០០០ហិកតា ដែលក្នុងនោះ ១២៦០ហិកតា ស្ថិតនៅក្រោម ការគ្រប់គ្រង របស់សហគមន៍ព្រៃឈើ របស់លោក និងក្រៅពីនោះ គឺស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ ។
បើតាមតំណាងសហគមន៍ ព្រៃឈើស្រុកថ្មពួកដដែល ព្រៃដែលស្ថិតនៅក្រោម ការគ្រប់គ្រង របស់ សហគមន៍ព្រៃឈើ បានរងការកាប់បំផ្លាញ ប្រហែល ៣០ភាគរយ ក៏ប៉ុន្តែ របស់ រដ្ឋបាលព្រៃឈើ កំពុងរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និងថា មានដីព្រៃខ្លះ កំពុងត្រូវបានគេ លួចលក់ ទៅឱ្យឈ្មួញ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ការដឹកជញ្ជូនឈើកើតមាននៅរតនគិរី ខណៈដែលការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្ត
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម
សហគមន៍នៅក្រចេះប្ដឹងឲ្យអាជ្ញាធរយកជនល្មើសកាប់ព្រៃឈើទៅអប់រំ
នាយករដ្ឋមន្ត្រីព្រមានក្រុមហ៊ុនព្រៃសម្បទាន