ការស្រាវជ្រាវរកអ្នកជំនាញពិសេសនេះ ពីព្រោះតែគេចង់រក្សាទុកនូវស្នាដៃសំដែងទាំងប៉ុន្មាននោះ ឲ្យទៅជាមរតកមួយដែលមានជីវិតឋិតថេរក្នុងវិស័យសិល្បៈវប្បធម៌ជាតិពីមួយជំនាន់ទៅមួយជំនាន់ឲ្យគង់វង្ស។
ក្រុមអ្នកអភិរក្សវប្បធម៌ជាតិបានសំដែងក្តីបារម្ភថា បេតិកភណ្ឌអរូបិយ ឬធនធានមរតកមនុស្សរស់ អ្នកដែលមានជំនាញចំណេះដឹងដ៏ប៉ិនប្រសប់ខ្ពស់ក្នុងវិស័យសិល្បៈផ្សេងៗរបស់កម្ពុជា សព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងការបាត់បង់ជាបណ្ដើរៗ។
តួយ៉ាងដូចជាអ្នកមានទេពកោសល្យខ្ពស់ផ្នែកសិល្បៈរបាំបុរាណខ្មែរ ចម្រៀងចាប៉ី អាយ៉ៃ ទម្រង់ល្ខោនផ្សេងៗ ដែលអ្នកទាំងនោះបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមអស់មួយចំនួន។ រីឯចំណែកអ្នកដែលមានទេពកោសល្យឯកកំពុងមានជីវិតរស់នៅពេលបច្ចុប្បន្ននេះក៏កាន់តែមានវ័យចាស់ជរាណាស់ទៅហើយដែរ។
ដោយឃើញគ្រោះថ្នាក់ក្នុងវិស័យសិល្បៈវប្បធម៌អរូបិយយ៉ាងដូច្នោះ ទើបគេឃើញមានចេញព្រះរាជក្រឹត្យមួយស្ដីពីប្រព័ន្ធមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០ ដើម្បីស្រាវជ្រាវរកអ្នកដែលមានចំណេះដឹងខ្ពស់ក្នុងទម្រង់សិល្បៈផ្សេងៗ ដែលអ្នកដទៃទៀតមិនមាន។ ចំពោះការស្វែងរកនោះ ក៏ដើម្បីសុំឲ្យអ្នកដែលមានទេពកោសល្យខ្ពស់នោះ ផ្ទេរមរតកសិល្បៈឯករបស់ខ្លួនទៅឲ្យកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយៗ ដើម្បីឲ្យពួកគេបានបន្តវេន និងរក្សាទុកសម្បត្តិវប្បធម៌អរូបិយរបស់ជាតិឲ្យនៅមានជីវិតគង់វង្សយូរអង្វែង។
ចាប់តាំងពីគេបានស្រាវជ្រាវក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក រហូតមកដល់ពេលនេះ គេបានរកឃើញអ្នកដែលមានទេពកោសល្យខ្ពស់បានចំនួន ១៧រូប ។ អ្នកទាំងនោះសុទ្ធសឹងតែមានជំនាញឯកក្នុងវិស័យសិល្បៈវប្បធម៌អរូបិយ ដូចជារបាំបុរាណខ្មែរ ទម្រង់សិល្បៈល្ខោនផ្សេងៗ រួមមានល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនខោល ល្ខោននិយាយ ចម្រៀងចាប៉ី សំដែងរឿងនិទាន សិល្បៈចម្លាក់ សាសនា ព្រមទាំងមានភាពប៉ិនប្រសប់ខ្ពស់ផ្នែកខាងវិជ្ជាសិល្បៈផ្សេងៗជាច្រើនទៀត។
អ្នកជំនាញឯកទាំង ១៧រូបនោះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្ដល់នូវគោរមងារទៅតាមជំនាញពិសេសៗរៀងៗខ្លួន ដែលរួមមានជាអាទិគឺ ព្រឹទ្ធាចារ្យ សម្ដេចព្រះរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក សិល្បៈរបាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ។
លោកព្រឹទ្ធាចារ្យសិល្បៈ ឆេង ផុន គោរមងារ ជាទេពបញ្ញាកោសល្លវិជ្ជាក្នុងវិស័យអភិវឌ្ឍន៍សិល្បៈសម្បត្តិវប្បធម៌អរូបិយ។ លោកព្រឹទ្ធាចារ្យសិល្បៈ ច័ន្ទ ស៊ឹម គោរមងារវឌ្ឍកីទេពនិមិត្ត។ លោកព្រឹទ្ធាចារ្យសិល្បៈ កេត ចន មានគោរមងារជា ទេពនិមិត្តវិចិត្រ ដែលលោកទាំងពីររូបនេះមានជំនាញខ្ពស់ផ្នែកខាងចម្លាក់ខ្មែរ។ លោកស្រីព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ គោរមងារ ទេវនាដនិមិត្ត។ លោកស្រីព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ គោរមងារ វិសេសនាដការីវិជ្ជា។ លោកស្រីព្រឹទ្ធាចារ្យទាំងពីររូបនេះមានជំនាញប៉ិនប្រសប់ផ្នែកខាងរបាំបុរាណខ្មែរ។
លោកព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ គោរមងារជាកោសល្លវោហារ។ លោកព្រឹទ្ធាចារ្យ សិល្បៈ ប្រាជ្ញ ឈួន គោរមងារជាភិរម្យវោហារ។ លោកទាំងពីររូបនេះមានទេពកោសល្យឯកផ្នែកខាងច្រៀងចម្រៀង និងដេញឧបករណ៍តន្ត្រីចាប៉ីដងវែង។ លោកព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា គោរមងារជានាដកោសល្លវិជ្ជា។ លោកព្រឹទ្ធាចារ្យសិល្បៈ សុខ ឌុច គោរមងារជាកោសល្លតន្ត្រីវិជ្ជាធរ។ លោកទាំងពីររូបនោះមានជំនាញខ្ពស់ផ្នែកខាងប្រគំតន្ត្រីបុរាណខ្មែរ។ លោកព្រឹទ្ធាចារ្យសិល្បៈ អ៊ុំ សាមិត្ត គោរមងារជានាដភក្ដីនិមិត្ត មានទេពកោសល្យខ្ពស់ផ្នែកល្ខោនបាសាក់។ ព្រឹទ្ធាចារ្យសិល្បៈ ព្រីង សាឃន មានគោរមងារជានាដកោសល្លវដ្ដីល្ខោននាដកម្ម លោកព្រឹទ្ធាចារ្យសិល្បៈ ពាក្យ ចាប៉ិច មានគោរមងារជាវោហារកោសល្លវដ្ដី ដែលមានជំនាញប៉ិនប្រសប់ខ្ពស់ខាងវោហារនិទានរឿងព្រេងបុរាណខ្មែរ។
លោកព្រឹទ្ធាចារ្យចំនួន ៤រូបទៀត ដែលមានជំនាញចម្រុះផ្នែកសិល្បៈវប្បធម៌ អរូបិយ និងសាសនា គឺលោកព្រឹទ្ធាចារ្យ ជិត ជន គោរមងារជាគរុពហុស្សូត។ លោកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ។ លោកព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្លវិជ្ជាគរុ។ លោកព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្លវិជ្ជា។
លោក ឱក សុផុន អគ្គនាយកបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានមានប្រសាសន៍ថា អស់លោកព្រឹទ្ធាចារ្យទាំង ១៧រូបនោះ ក្រោយពីប្រកាសតែងតាំងផ្ដល់គោរមងារ មកដល់ឥឡូវនេះ គេកំពុងរៀបចំអនុវត្តកម្មវិធីផ្ទេរចំណេះដឹង។
លោក ឱក សុផុន៖ «គឺផ្ទេរចំណុចពិសេសរបស់គាត់ ព្រោះធម្មតាជំនាញមួយៗសុទ្ធតែមានអាថ៌កំបាំងនៃអ្នកជំនាញដែលយើងអ្នកធម្មតាយើងមិនអាចដឹងបាន ដូចលោកតា ប្រាជ្ញ ឈួន អ៊ីចឹងគ្រាន់តែយើងរៀបរាប់មួយប្រាវអ៊ីចឹងទៅ គ្រាន់តែហើយចប់គាត់ច្រៀងប្រាវតាមដែរ ហើយរៀបរាប់បរិយាយលំអិតជាងយើងនិយាយប្រាប់គាត់ទៅទៀត។ យើងចង់ដឹងអាចំណុចពិសេសៗអ៊ីចឹង ហ្នឹងគឺសំខាន់ណាស់»។
នូវរាល់ការជ្រើសរើសតែងតាំងគោរមងារ និងសុំឲ្យផ្ទេរចំណេះដឹងចំណុចពិសេសៗនោះ គេឃើញអស់លោកព្រឹទ្ធាចារ្យទាំងនោះ ហាក់មានការពេញចិត្តខ្លាំង ហើយនិងព្រមព្រៀងទៅតាមការស្នើសុំនោះ ពីព្រោះតែយល់ថា ការផ្ទេរមរតកសិល្បៈរបស់ខ្លួនទៅឲ្យកូនចៅជំនាន់ក្រោយនេះ ក៏ដើម្បីទុកជាបេតិកភណ្ឌវប្បធម៌អរូបិយរបស់ជាតិដែរ។
នៅក្នុងចំណោមលោកព្រឹទ្ធាចារ្យទាំង ១៧រូបនោះ លោកព្រឹទ្ធាចារ្យ ពាក្យ ចាប៉ិច ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និងមានគោរមងារជាវោហារកោសល្លវដ្ដី បានមានប្រសាសន៍ថា ជំនាញឯករបស់លោកនៅក្នុងការសំដែងសិល្បៈនោះ គឺការនិទានរឿង ឬជារបៀបសំដែងល្ខោនបាសាក់ទោល ពោលគឺខ្លួនលោកតែម្នាក់ឯង ប៉ុន្តែអាចដើរតួបានចំនួន ១២តួ ដោយបញ្ចេញសំឡេងខុសៗគ្នា។
លោកបានបញ្ជាក់ប្រាប់បន្ថែមទៀតដោយលើកយកនូវឈុតឆាកមួយដែលលោកបានប្រើសំឡេងខុសៗគ្នា ក្នុងការសំដែងល្ខោនបាសាក់ទោលតែឯង ដោយដើរជាតួយក្ខិនី តួឯក តួតាឥសី និងតួចៅគាំង ព្រមទាំងរបៀបប្រគំឧបករណ៍ល្ខោនបាសាក់ទោលរបស់លោក ដែលឆ្នៃដោយខ្លួនឯងពុំមានផ្សំឧបករណ៍ដទៃទៀត។
លោកព្រឹទ្ធាចារ្យវោហារកោសល្លវដ្ដី ពាក្យ ចាប៉ិច បានឲ្យដឹងដែរថា សព្វថ្ងៃនេះលោកបានជួយបង្ហាត់បង្ហាញជំនាញពិសេសរបស់លោកឲ្យដល់យុវវ័យចំនួន ៣រូប ក្នុងនោះមានកូនបង្កើតរបស់លោកម្នាក់ផង។ លោកបានបន្តថា ការហាត់រៀនសំដែងសិល្បៈល្ខោនបាសាក់ដោយដើរតួតែម្នាក់ឯងនេះ គឺមានការពិបាកខ្លះដែរ ពិសេសគឺត្រូវដឹងពីលក្ខណៈរបស់តួអង្គក្នុងផ្ទៃរឿង ដើម្បីឲ្យដឹងថា តើគេត្រូវប្រើសំឡេងបែបដូចម្ដេចទើបត្រូវគ្នានឹងតួអង្គនោះ។
លោក ឱក សុផុន អគ្គនាយកបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានមានប្រសាសន៍ថា ការស្រាវជ្រាវរកអ្នកមានជំនាញឯកផ្នែកខាងសិល្បៈវប្បធម៌អរូបិយ ដែលគេបានស្រាវជ្រាវឃើញចំនួន ១៧រូបនោះ គឺជាដំណាក់កាលលើកដំបូងហើយ ហើយគេក៏នឹងស្រាវជ្រាវជាបន្តបន្ទាប់ទៀតទាំងនៅទីក្រុងភ្នំពេញ នឹងនៅតាមខេត្តផ្សេងៗនៅទូទាំងប្រទេស។
លោក ឱក សុផុន៖ «ហើយដែលលោកបានតែងតាំងមានគោរមងារនេះហើយ រាជរដ្ឋាភិបាលនឹងរៀបចំប្រាក់ឧបត្ថម្ភជីវភាពជូនគាត់ ដែលមានប្រាក់ឧបត្ថម្ភនេះមានកម្រិតស្មើនឹងប្រាក់បំណាច់មុខងារអគ្គនាយកកម្រិតទី៥។ ឥឡូវនេះកំពុងតែរៀបចំជូនលោក»។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ដែរថា ការចូលរួមជួយរបស់ប្រជាពលរដ្ឋក្នុងការងារស្រាវជ្រាវនេះ គឺជាការជួយទ្រទ្រង់បេតិកភណ្ឌវប្បធម៌អរូបិយ ឬជួយការពារមរតកនេះឲ្យមានជីវិតរស់នៅជាតំណាងអត្តសញ្ញាណជាតិជារៀងរហូតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។