លោក ឧស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លឹម-កម្ពុជា មានប្រសាសន៍ថា គណៈប្រតិភូម៉ាឡេស៊ីនៃរដ្ឋSelangor នឹងមកកម្ពុជានៅក្នុងខែឧសភាខាងមុខដើម្បីសិក្សាអំពីគម្រោងនៃការបង្កើតសាខាសាកលវិទ្យាល័យ ឈ្មោះថា Selangor International Islamic College ហៅថា KUIS ដែលសាកលវិទ្យាល័យនេះកំពុងតែដំណើរការក្នុងប្រទេសម៉ាឡេស៊ី។
លោក ឧស្មាន ហាស្សាន់ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «យើងអាចថា សាកលវិទ្យាល័យនេះចាប់ផ្ដើមចេញពី ១០០នាក់ ឬក៏ ១៥០នាក់ វាជាសាខាមួយរបស់គេអ៊ីចឹង។ គេធ្លាប់មានបទពិសោធន៍ថា កន្លងទៅ គេចាប់ផ្ដើមពី ៦០នាក់ នៅឯប្រទេសម៉ាឡេស៊ី។ ឥឡូវនេះ សិស្សានុសិស្សដែលកំពុងតែរៀននៅសាកលវិទ្យាល័យរបស់គេ គឺមានចំនួនជាង ៥ពាន់នាក់»។
លោក ឧស្មាន ហាស្សាន់ បានបន្តថា សាកលវិទ្យាល័យនេះគឺមានគ្រប់ជំនាញពុំមែនបង្រៀនតែអំពីសាសនានោះទេ។ ហើយនៅពេលបង្កើតសាកលវិទ្យាល័យនេះនៅក្នុងប្រទេសកម្ពុជា គឺគេនឹងមានកម្មវិធីអាហារូបករណ៍សម្រាប់ផ្តល់ជូនសិស្សនិស្សិតខ្មែរនិងខ្មែរអ៊ិស្លាមផងដែរ ៖ «ដែលគេនឹងជួយយើងព្រោះថា កាលណាចេញទៅសិក្សានៅឯប្រទេសក្រៅត្រូវការចំណាយជាច្រើនក្នុងម្នាក់ៗដើម្បីផ្គត់ផ្គង់ឲ្យរៀនសូត្របន្ត តែបើសិនជានៅក្នុងស្រុក គឺថាយើងអាចច្នៃ។ ខ្ញុំឧទាហរណ៍ថា ដូចអាហារូបករណ៍យើងទៅប្រទេសក្រៅអ៊ីចឹង បើថាយើងរៀននៅក្នុងស្រុក យើងអាចផ្ដល់ជូនប្រហែលនឹង ៣ ទៅ ៤នាក់ តែបើសិនណាជាទៅរៀនសូត្រនៅខាងក្រៅប្រទេស គឺថវិកាសម្រាប់ផ្គត់ផ្គង់ម្នាក់នៅបរទេស គឺស្មើនឹង ៤នាក់»។
មេដឹកនាំភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ លោក លី ម៉ាត់នោ មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះគម្រោងនៃការបង្កើតសាកលវិទ្យាល័យនេះ ពិសេសទៅទៀតប្រសិនបើមានសប្បុរសជនក្រៅប្រទេសមានការឧបត្ថម្ភសម្រាប់យុវសិស្សខ្មែរអ៊ិស្លាមក្រីក្រដើម្បីសិក្សានៅសាកលវិទ្យាល័យនោះ ជាការប្រសើរ ព្រោះកន្លងមកសិស្សនិស្សិតខ្មែរអ៊ិស្លាមគឺតិចតួចប៉ុណ្ណោះដែលមានលទ្ធភាពបង់ថ្លៃសិក្សាដោយខ្លួនឯង គឺក្នុង១០នាក់ មានប្រមាណ២ ឬ ៣នាក់ប៉ុណ្ណោះដែលមានលទ្ធភាព។
លោក លី ម៉ាត់នោ ថ្លែងយ៉ាងដូច្នេះ ៖ «និយាយជារួមថា មានការលំបាក ព្រោះថាការរៀនសូត្រមហាវិទ្យាល័យ កូនអ៊ិស្លាមភាគតិចណាស់ដែលបានចូលរៀន»។
យោងតាមអ្នកស្រាវជ្រាវឯករាជ្យលើជនជាតិចាម គឺលោក អ៊ីសា អូស្មាន ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា យុវជនខ្មែរអ៊ិស្លាមគឺទទួលបានការអប់រំថ្នាក់ឧត្តមសិក្សានៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋខ្មែរអ៊ិស្លាមប្រមាណ ៧សែននាក់ ឬស្មើនឹង ៤ភាគរយនៃប្រជាពលរដ្ឋកម្ពុជាសរុប។
លោក ឧស្មាន ហាស្សាន់ បានឲ្យដឹងទៀតថា លោកសង្ឃឹមថា បន្ទាប់ពីសាកលវិទ្យាល័យខាងលើ បានមកបង្កើតសាខានៅកម្ពុជា គឺនឹងជួយបន្ថែមទៀតដល់សិស្សនិស្សិតខ្មែរ ពិសេសគឺនិស្សិតខ្មែរអ៊ិស្លាមផងដែរក្នុងការទទួលបានការអប់រំខ្នាតអន្តរជាតិ៕
