មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ជាន់​មីន​នៅ​ឧត្ដរមានជ័យ

ប្រភព​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​កសិករ និង​គោ​របស់​គាត់ ២​ក្បាល​ទៀត​​​បាន​ស្លាប់ ដោយសារ​តែ​ជាន់​លើ​មីន​ប្រឆាំង​រថក្រោះ​មួយ​គ្រាប់ ដែល​នៅ​កប់​ក្រោម​ដី​សេសសល់​ពី​សង្គ្រាម​ជា​យូរ​មក​ហើយ។
ដោយ ហង្ស សាវយុត
2012-07-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ងួន ធីឫទ្ធិ ជា​មេបញ្ជាការ​​កង​រាជ​អាវុធហត្ថ​ប្រចាំ​ស្រុក​អន្លង់វែង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កក្កដា ថា បុរស​ម្នាក់​ឈ្មោះ អ៊ុត ច័ន្ទ អាយុ ៣៧​ឆ្នាំ​ រស់​នៅ​ភូមិ​ទំនប់ថ្មី នៃ​ឃុំ​ត្រពាំងតាវ បាន​រង​របួស​ធ្ងន់ ហើយ​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​គាត់​បាន​បរ​រទេះ​គោ​ទៅ​ស្រែ ហើយ​ជាន់​លើ​មីន​តោន​ប្រឆាំង​រថក្រោះ ១​គ្រាប់។

លោក ងួន ធីឫទ្ធិ៖ «ប្រជាជន​ព្រឹក​ឡើង​គាត់​បរ​រទេះ​គោ​ទៅ​ស្រែ ជាន់​មីន ព្រោះ​ខែ​រដូវ​វស្សា​ដី​ជ្រាយ​ជាន់​គ្រលង។ មិន​ទាន់​ស្លាប់​នៅ​នឹង​កន្លែង​ទេ គឺ​ផ្ទុះ​ភ្លាម។ គោ ២​ក្បាល​បាន​ស្លាប់ តែ​មនុស្ស​របួស​ធ្ងន់​ដឹក​ជញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្លាប់ ព្រោះ​ធ្ងន់ធ្ងរ​ពេក»

លោក សាន់ រិន គឺ​ជា​សាក្សី​ម្នាក់​ដែល​បាន​​ឃើញ​ហេតុការណ៍​មីន​នោះ បាន​មាន​ប្រសាសន៍​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ៨​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កកក្កដា​ បុរស​ដែល​ជា​កសិករ​នោះ​ក៏​បាន​ទឹម​គោ​ និង​បរ​រទេះ​កង់​ឡាន​របស់​គាត់​ដើម្បី​ទៅ​ស្រែ​ ក៏ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​ឈ្មោះ​អូរ​ទាល់ ក៏​បាន​ជាន់​មីន​ប្រឆាំង​រថក្រោះ​ដែល​កប់​នៅ​ក្រោម​ដី។

លោក សាន់ រិន៖ «​ពេល​ជាន់​ផ្ទុះ​ឡើង​ទៅ ក៏​អ្នក​បរ​រទេះ ឈ្មោះ អ៊ុត ច័ន្ទ ហ្នឹង របួស​ធ្ងន់ គឺ​មាន​ខួរ​ចេញ​រឹមៗ​តាម​លលាដ៍ក្បាល​ ហើយ​សល់​កូន​ក្នុង​បន្ទុក​ចំនួន ៥នាក់ មិន​ដឹង​ស្រី​ប៉ុន្មាន​ប្រុស​ប៉ុន្មាន​ទេ»

ប្រភព​ពី​អ្នក​ភូមិ​ទំនប់​ថ្មី​បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​មីន​បាន​ផ្ទុះ​នៅ​ជិត​​តំបន់​ពួក​គេ​រស់​នៅ។

កាល​ពី​ជាង ៣​ខែ​មុន​មាន​បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ជាន់​មីន ដែល​សេសសល់​កប់​នៅ​​ក្រោម​ដី​ម្ដង​មក​ហើយ បណ្តាល​ឱ្យ​ត្រាក់ទ័រ ១​គ្រឿង រង​ការ​ខូចខាត ក៏​ប៉ុន្តែ​មនុស្ស​ដែល​បើក​បរ​ត្រាក់ទ័រ នោះ​ មិន​ទទួល​រង​គ្រោះ​ថ្នាក់​ទេ។

របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​កក្កដា​នេះ មាន​​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ខេត្ត​ឧត្តរមានជ័យ ចំនួន ១៤​នាក់។ តួលេខ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​២ បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​​បន្ទាយមានជ័យ ក្នុង​រយៈពេល ៥​ខែ គឺ​មាន​ចំនួន ១៦​នាក់។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជា បាន​បញ្ជាក់​ថា តាម​ការ​ប្រមូល​ទិន្នន័យ​អ្នក​រងគ្រោះ ដោយសារ​គ្រាប់​មីន​ពេញ​មួយ​ឆ្នាំ​២០១១ និង​រយៈពេល ៣​ខែ នៃ​ឆ្នាំ​២០១២ បង្ហាញ​ថា ស្រុក​ចំនួន ៣ និង​ក្រុង ១ របស់​ខេត្ត​ឧត្តរមានជ័យ គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ ស្រុក​ត្រពាំងប្រាសាទ និង​ក្រុង​សំរោង នៅ​តែ​មាន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន។

កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ធ្លាប់​បាន​ថ្លែង​ថា កម្ពុជា​​​​​​ត្រូវ​ការ​ជំនួយ​​​សម្ភារៈ ​និង​ថវិកា​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត​ សម្រាប់​គាំទ្រ​ប្រតិបត្តិការ​នៃ​​សកម្មភាព​បោស​សំអាត​មីន​នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ៥​ឆ្នាំ បន្ត​ទៅ​មុខ​ទៀត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល