លោក ងួន ធីឫទ្ធិ ជាមេបញ្ជាការកងរាជអាវុធហត្ថប្រចាំស្រុកអន្លង់វែង។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែកក្កដា ថា បុរសម្នាក់ឈ្មោះ អ៊ុត ច័ន្ទ អាយុ ៣៧ឆ្នាំ រស់នៅភូមិទំនប់ថ្មី នៃឃុំត្រពាំងតាវ បានរងរបួសធ្ងន់ ហើយស្លាប់នៅពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីគាត់បានបររទេះគោទៅស្រែ ហើយជាន់លើមីនតោនប្រឆាំងរថក្រោះ ១គ្រាប់។
លោក ងួន ធីឫទ្ធិ៖ «ប្រជាជនព្រឹកឡើងគាត់បររទេះគោទៅស្រែ ជាន់មីន ព្រោះខែរដូវវស្សាដីជ្រាយជាន់គ្រលង។ មិនទាន់ស្លាប់នៅនឹងកន្លែងទេ គឺផ្ទុះភ្លាម។ គោ ២ក្បាលបានស្លាប់ តែមនុស្សរបួសធ្ងន់ដឹកជញ្ជូនទៅមន្ទីរពេទ្យស្លាប់ ព្រោះធ្ងន់ធ្ងរពេក»។
លោក សាន់ រិន គឺជាសាក្សីម្នាក់ដែលបានឃើញហេតុការណ៍មីននោះ បានមានប្រសាសន៍ថា កាលពីវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃសៅរ៍ ទី៧ ខែកកក្កដា បុរសដែលជាកសិករនោះក៏បានទឹមគោ និងបររទេះកង់ឡានរបស់គាត់ដើម្បីទៅស្រែ ក៏ប៉ុន្តែពេលទៅដល់ចំណុចឈ្មោះអូរទាល់ ក៏បានជាន់មីនប្រឆាំងរថក្រោះដែលកប់នៅក្រោមដី។
លោក សាន់ រិន៖ «ពេលជាន់ផ្ទុះឡើងទៅ ក៏អ្នកបររទេះ ឈ្មោះ អ៊ុត ច័ន្ទ ហ្នឹង របួសធ្ងន់ គឺមានខួរចេញរឹមៗតាមលលាដ៍ក្បាល ហើយសល់កូនក្នុងបន្ទុកចំនួន ៥នាក់ មិនដឹងស្រីប៉ុន្មានប្រុសប៉ុន្មានទេ»។
ប្រភពពីអ្នកភូមិទំនប់ថ្មីបានឱ្យដឹងថា នេះគឺជាលើកទី២ហើយដែលមីនបានផ្ទុះនៅជិតតំបន់ពួកគេរស់នៅ។
កាលពីជាង ៣ខែមុនមានបុរសម្នាក់បានបើកត្រាក់ទ័រជាន់មីន ដែលសេសសល់កប់នៅក្រោមដីម្ដងមកហើយ បណ្តាលឱ្យត្រាក់ទ័រ ១គ្រឿង រងការខូចខាត ក៏ប៉ុន្តែមនុស្សដែលបើកបរត្រាក់ទ័រ នោះ មិនទទួលរងគ្រោះថ្នាក់ទេ។
របាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែកក្កដានេះ មានអ្នករងគ្រោះដោយសារគ្រាប់មីននៅខេត្តឧត្តរមានជ័យ ចំនួន ១៤នាក់។ តួលេខនេះគឺស្ថិតនៅក្នុងលំដាប់ទី២ បើប្រៀបធៀបនឹងចំនួនអ្នករងគ្រោះដោយសារគ្រាប់មីននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៥ខែ គឺមានចំនួន ១៦នាក់។
កាលពីខែឧសភា កន្លងទៅ មន្ត្រីអាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា តាមការប្រមូលទិន្នន័យអ្នករងគ្រោះ ដោយសារគ្រាប់មីនពេញមួយឆ្នាំ២០១១ និងរយៈពេល ៣ខែ នៃឆ្នាំ២០១២ បង្ហាញថា ស្រុកចំនួន ៣ និងក្រុង ១ របស់ខេត្តឧត្តរមានជ័យ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង នៅតែមានអ្នករងគ្រោះដោយសារគ្រាប់មីន។
កាលពីខែកុម្ភៈ កន្លងទៅ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្លាប់បានថ្លែងថា កម្ពុជាត្រូវការជំនួយសម្ភារៈ និងថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិកថែមទៀត សម្រាប់គាំទ្រប្រតិបត្តិការនៃសកម្មភាពបោសសំអាតមីននៅក្នុងប្រទេសក្នុងរយៈពេល ៥ឆ្នាំ បន្តទៅមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
