ធម្មយាត្រានេះបានផ្ដោតលើគោលបំណង ៣សំខាន់ ទាក់ទិនការថែរក្សាបរិស្ថាន ការគាំទ្រសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីសប្ដាហ៍អន្តរសាសនាដើម្បីសុខដុមរមនា និងមានការបួងសួងឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នរោត្តម សីហនុ។
មនុស្សជិត ២០០នាក់ដែលកាន់សាសនាផ្សេងគ្នា បានធ្វើធម្មយាត្រារួមគ្នារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។ ធម្មយាត្រាអន្តរសាសនានេះ បានចាប់ផ្ដើមចេញដំណើរពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅកាន់វត្តភ្នំប្រាំពីរ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គោលបំណងដើម្បីទាក់ទាញឲ្យមនុស្សគ្រប់រូបរួមគ្នាថែរក្សា ការពារបរិស្ថាន លុបបំបាត់ការរើសអើងនិន្នាការសាសនា និងធ្វើពិធីបួងសួងឧទ្ទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ។
អ្នកសម្របសម្រួលបណ្ដាញព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម លោក សុត ផ្លាយង៉ាម បានមានប្រសាសន៍ថា សាសនិករបស់ព្រះពុទ្ធសាសនា សាសនិកយេស៊ូគ្រិស្ត និងសាសនិកឥស្លាម បានរួមគ្នាចេញដំណើរពីខេត្តបាត់ដំបង។ ក្រៅពីសាសនិករបស់សាសនាទាំងបី នៅមានមន្ត្រីនៃមន្ទីរធម្មការខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានស្រុកភ្នំព្រឹក ចូលរួមដង្ហែជាច្រើននាក់ទៀត។ ពួកគេបានបួងសួងសុំសន្តិភាព ដឹកគុណចំពោះធម្មជាតិ និងប្រារព្ធពិធីអន្តរសាសនា បួងសួងឧទ្ទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ។
លោក សុត ផ្លាយង៉ាម៖ «ព្រោះនៅក្នុងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីសប្ដាហ៍អន្តរសាសនានេះ គឺមានថ្មីៗនេះទេ ហើយយើងមិនទាន់បានផុលផុសក្នុងការចូលរួមទេ ដូចជាវប្បធម៌សន្តិភាព ដូចជាស្អីផ្សេងទៀត ដូចថា មានការដឹងច្រើន ប៉ុន្តែចំពោះប្រធានបទនេះមិនសូវដឹកឮ។ ដូច្នេះខ្ញុំសង្ឃឹមថា បទពិសោធន៍នៅឆ្នាំនេះនឹងជួយឲ្យយើងបានយល់ដឹងច្រើនអំពីប្រធានបទនេះ និងមានអ្នកចូលរួមបានច្រើនទៀតនៅឆ្នាំក្រោយ»។
ពិធីនេះប្រារព្ធឡើងជាលើកទីមួយនៅក្នុងប្រទេសកម្ពុជា ខណៈដែលនៅបណ្ដាឆ្នាំកន្លងទៅមានប្រទេសជាច្រើនក្នុងពិភពលោកបានធ្វើរួចមកហើយ។ ធម្មយាត្រាដើម្បីសប្ដាហ៍សុខដុមរមនាអន្តរសាសនាពិភពលោក នេះ មានសារសំខាន់ខ្លាំងចំពោះសង្គមជាតិកម្ពុជា ថ្វីត្បិតកម្ពុជា នៅពុំទាន់មានទំនាស់សាសនាជាទ្រង់ទ្រាយធំក៏ដោយ។
លោក សុត ផ្លាយង៉ាម បានមានប្រសាសន៍ថា ជាការល្អកម្ពុជា មានឱកាសរៀនសូត្រធ្វើឲ្យមានទំនាក់ទំនងអន្តរសាសនាកាន់តែជិតដិត ចេះយល់វប្បធម៌គ្នាទៅវិញទៅមក និងអាចជួយការពារចំពោះការយល់ច្រឡំរវាងសាសនា និងសាសនាទៅថ្ងៃមុខ។
លោក សុត ផ្លាយង៉ាម៖ «យើងធ្វើនេះដើម្បីការពារការយល់ច្រឡំទៅថ្ងៃក្រោយ ព្រោះនៅក្នុងកន្លែងដទៃទៀតមានផលវិបាកទាក់ទងនឹងទំនាក់ទំនងសហគមន៍ សាសនាផ្សេងគ្នា ប៉ុន្តែការចូលរួមរបស់យើងជាវិធីមួយការពារ និងជាប្រយោជន៍មួយដើម្បីឲ្យសង្គមជាតិយើងមានការចេះដឹងច្រើន។ ភាពខុសគ្នាមិនមែនជាបញ្ហាទេ យើងអាចរស់នៅជាមួយគ្នាបាន»។
នាយិកាអង្គការឥស្លាមអភិវឌ្ឍន៍ជនបទប្រចាំខេត្តបាត់ដំបង លោកស្រី សែម កល្យាណ បានចាត់ទុកថា ធម្មយាត្រានេះគឺជាឱកាសល្អមួយដែលពួកគេបានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិដែលមានមនុស្ស សត្វ និងរុក្ខជាតិ។ ពួកគេអាចចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ទាក់ទង លើគោលការណ៍របស់សាសនា សាសនានិងសន្តិភាព សាសនានិងធម្មជាតិ។ ម្យ៉ាងវិញ ពួកគេអាចពង្រីកការទំនាក់ទំនងគ្នាកាន់តែល្អពីសាសនាមួយទៅសាសនាមួយទៀត ដែលអាចកាត់បន្ថយនូវការរើសអើង ការយល់ខុសលើពាក្យសំដីរវាងសាសនា និងសាសនា។
លោកស្រី សែម កល្យាណ៖ «តាមពិតគោលការណ៍សាសនានាំមនុស្សដើរតែផ្លូវល្អ សាសនាគឺជាអ្នកស្វែងរកសន្តិភាពសម្រាប់មនុស្សលោកគ្រប់ៗគ្នា ដូចជាលើកមុនធ្លាប់មានពាក្យយល់ច្រឡំថា ឥស្លាម គឺមានឪពុកឆ្កែ ម៉ែជ្រូក ឬក៏ថា ព្រះសង្ឃជាមនុស្សខ្ជិល រកស៊ីបួសធ្វើព្រះសង្ឃ បងប្អូនខ្មែរសំពះដុំថ្ម អានេះជាការយល់ច្រឡំឲ្យគ្នាទៅវិញទៅមក។ ថ្ងៃហ្នឹងយើងបានចូលរួមបកស្រាយទាំងអស់គ្នា ការយល់ឃើញការយល់ច្រឡំកន្លងមកហ្នឹងត្រូវបានលុបបំបាត់ នេះជាអ្វីដែលយើងបានធ្វើធម្មយាត្រាថ្ងៃនេះ»។
លោក តូ ទិត (To Tet) ជាជនជាតិហ្វីលីពីន និងជាអ្នកទទួលខុសត្រូវព្រះសហគមន៍កាតូលិកនៃសាសនាយេស៊ូគ្រិស្ត ប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ លោកបានថ្លែងថា កម្មវិធីនេះជាឱកាសល្អដើម្បីឲ្យមនុស្ស បង្រួបបង្រួមគ្នា គាំទ្រ តស៊ូមតិដើម្បីឲ្យសង្គមយើងចេះថែរក្សាការពារបរិស្ថាន ធម្មជាតិ ចេះគោរពគ្នាទៅវិញទៅមក ដែលមានសុខសន្តិភាពនៅក្នុងប្រទេស និងនៅក្នុងពិភពលោក។
លោក តូ ទិត៖ «នេះជាគោលការណ៍របស់យើងជាមនុស្ស មិនហួសពីគោលការណ៍របស់សាសនាទេ ប៉ុន្តែ យើងជាមនុស្ស យើងត្រូវការចូលរួមជាមួយគ្នា អត់មានប្រកាន់សាសនាទេ ដើម្បីគាំទ្រប្រយោជន៍រួមរបស់យើង។ ជាធម្មតាគេឃើញសាសនាចេះតែជំទាស់នឹងគ្នា ប៉ុន្តែនៅទីនេះ សាសនាគាំទ្រគ្នាទៅវិញទៅមក ហើយបងប្អូនចាប់អារម្មណ៍ យើងចាប់ផ្ដើមបង្ហាញថា សាសនាអាចរួមគ្នាដើម្បីធ្វើការជាមួយគ្នា»។
លោកបន្តថា ធម្មយាត្រានេះបង្ហាញឲ្យសាសនានីមួយៗឃើញថា សាសនាដទៃត្រូវការគោរពរាប់អានគ្នា។ យើងទាំងអស់គ្នាជាមនុស្សមានតម្លៃត្រូវការរាប់អានគ្នាទៅវិញទៅមក។
នៅក្នុងក្បួនធម្មយាត្រាសាសនិកទាំងបីសាសនាក៏បានសរសេរពាក្យស្លោកដាក់លើបដាជាច្រើនផងដែរ។ បដានោះសរសេរថា ស្រលាញ់អំពើល្អ ស្រលាញ់អ្នកជិតខាង ស្រលាញ់ធម្មជាតិ។ ទេសចរម្នាក់ឈើមួយដើម មនុស្សម្នាក់ឈើមួយដើម ម្នាក់ដាំឈើមួយដើម។ រស់នៅលើផែនដីដ៏ស្រស់បំព្រងជាសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ បដាខ្លះទៀតសរសេរថា គុណតម្លៃរបស់មនុស្សគឺការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា សាសនាផ្សេងគ្នាតែចុះសម្រុងគ្នាក្នុងសហគមន៍ជំនឿចម្រុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
