អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​គ្រោង​កោះ​ប្រជុំ​ក្រុមហ៊ុន​ដែល​មិន​វិនិយោគ​ចំ​គោលដៅ

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​មាន​គម្រោង​កោះ​ប្រជុំ​ក្រុមហ៊ុន​ចំនួន​៦២ ក្រោយ​ពី​ក្រុមហ៊ុន​ខ្លះ​បាន​ច្បាប់​អនុញ្ញាត​ហើយ ប៉ុន្តែ​មិន​ធ្វើការ​វិនិយោគ​ចំ​គោល​ដៅ​ដែល​បាន​សុំ​នោះ​ទេ​បែរ​ជា​រក​ស៊ី​ផ្សេង​ទៅ​វិញ។

0:00 / 0:00

លោកស្រី អាយ ស៊ីសុគន្ធារី អភិបាល​រង​ខេត្ត​មណ្ឌលគិរី បាន​ផ្តល់​សម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា នឹង​សុំ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​លុប​ចេញ​ពី​បញ្ជី​អភិវឌ្ឍន៍ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​គ្មាន​ច្បាប់​ហើយ​មិន​ព្រម​ចូល​ខ្លួន​មក​បំពេញ​ទម្រង់​បែប​បទ​ឡើង​វិញ តាម​ការ​កោះ​អញ្ជើញ​របស់​អាជ្ញាធរ​ខេត្ត។

លោកស្រី​អភិបាល​រង​បាន​បញ្ជាក់​ថា គេ​បាន​រក​ឃើញ​មាន​៥២​ក្រុមហ៊ុន​មាន​តែ​ឈ្មោះ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​តែ​កោះ​អញ្ជើញ​ពួកគេ​មក​សាក​សួរ​អំពី​មូលហេតុ​មុន​នឹង​សម្រេច​ដក​ចេញ។

លោកស្រី អាយ ស៊ីសុគន្ធារី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​មិន​អាច​កាត់​ផ្ដាច់​គេ​ចោល​បាន​ដោយ​គ្មាន​ហេតុផល​ទេ ត្រូវ​អញ្ជើញ​គេ​មក​ដើម្បី​ជា​មូលហេតុ បើ​សិន​ជា​អ្នក​អស់​សុពលភាព ការងារ​នោះ​បាន​៩០% ឲ្យ​គេ​បំពេញ​ឲ្យ​គ្រប់​១០០% ហើយ​អ្នក​ដែល​អត់​មាន​ច្បាប់​ទាល់​តែ​សោះ​មាន​តែ​ឈ្មោះ ក៏​ឲ្យ​គេ​បំពេញ​ច្បាប់​ទម្លាប់​ឡើង​វិញ។ បើ​សិន​ជា​ក្រុមហ៊ុន​ខ្លះ​គេ​មិន​ចូល​ខ្លួន​ទេ ខ្ញុំ​នឹង​សុំ​ការ​អនុញ្ញាត​ថ្នាក់​ជាតិ​ដើម្បី​លុប​ចេញ»

អ្នកស្រី​បាន​បន្ត​ថា ខេត្ត​មាន​គោល​បំណង​ចង់​ឲ្យ​ក្រុមហ៊ុន​ខ្លះ​បំពេញ​សំណុំ​បែប​បទ​ឡើង​វិញ ដោយ​ក្នុង​នោះ​មាន​តែ​១០​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​មាន​ស.ជ.ណ មាន​ច្បាប់​ត្រឹមត្រូវ ហើយ​កំពុង​ដំណើរ​ការ​តែ​៦​ក្រុមហ៊ុន ឯ​៤​ក្រុមហ៊ុន​ទៀត​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ធ្វើ​ឲ្យ​មាន​ការ​អាក់​ខាន​រហូត​ចង់​ហួស​សុពលភាព ប៉ុន្តែ​អ្នកស្រី​អះអាង​ថា អាជ្ញាធរ​ខេត្ត​និង​ថ្នាក់​ជាតិ​ក៏​នៅ​តែ​អនុគ្រោះ​យោគ​យល់​ដដែល។

លោកស្រី​អភិបាល​រង​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បើ​សិន​ជា​ក្រុមហ៊ុន​អនុវត្ត​តាម​គោល​ការណ៍​អភិវឌ្ឍន៍​ត្រឹមត្រូវ​នោះ ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប្រាកដ​ជា​មាន​ការ​ប្រែប្រួល។

លោកស្រី អាយ ស៊ីសុគន្ធារី បាន​បន្ត​ដូច្នេះ ៖ «៦០​ក្រុមហ៊ុន បើ​សិន​ជា​ដំណើរ​ការ​បាន​ល្អ​រលូន ខេត្ត​មណ្ឌលគិរី​អត់​ក្រ​ទេ អាច​ស្វយ័ត​ខេត្ត​ខ្លួន​ឯង ជួយ​ជ្រោមជ្រែង​ដល់​ថ្នាក់​ជាតិ​ទៀត»

លោក ឆាយ ធី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ធ្វើការ​ឈូស​ឆាយ​ហើយ​តែ​មិន​បាន​ដាំ​ដុះ​មែន ដែល​លោក​បាន​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ការ​ផ្តួចផ្តើម​របស់​អាជ្ញធរ​ក្នុង​ការ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​គោល​ការណ៍​អភិវឌ្ឍន៍​នេះ។

លោក ឆាយ ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខេត្ត​គាត់​បាន​មាន​ប្រសាសន៍​ហ្នឹង យើង​បាន​ធ្វើ​ការ​កត់​សម្គាល់​ក្រុមហ៊ុន​មាន​តិច​ណាស់​ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍ ប៉ុន្តែ​ភាគ​ច្រើន​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​អត់​បាន​ធ្វើ​អី​សោះ ដូចជា​ការ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ។ ធ្វើ​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទៅ​អភិវឌ្ឍ​ពិត​ប្រាកដ»

លោកស្រី អាយ ស៊ីសុគន្ធារី អភិបាល​រង​ខេត្ត​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​កោះ​អញ្ជើញ​ឲ្យ​ចូល​ជួប​ប្រជុំ​រក​ហេតុផល​នៃ​ការ​អាក់​ខាន​មិន​បាន​អភិវឌ្ឍ​នេះ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ ដោយ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ដល់​ថ្ងៃ​២៣ វិច្ឆិកា ក្នុង​មួយ​ថ្ងៃ​១០​ក្រុមហ៊ុន៕