អាជ្ញាធរ​គ្រោង​ជួប​ប្រជុំ​រៀបចំ​ផែនការ​ជួសជុល​ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា មន្ត្រី​អន្តរ​ក្រសួង​របស់​រដ្ឋា​ភិបាល​និង​មន្ត្រី​ខេត្ត​នេះ​បាន​ជួប​ប្រជុំ​គ្នា​ជា​សំខាន់​មួយ​ដើម្បី​រៀបចំ​ផែនការ​ជួស​ជុល​និង​សម្អាត​ទីក្រុង​ដែល​ជា​តំបន់​ទេសចរណ៍​ជា​បន្ទាន់​ឡើង​វិញ បន្ទាប់​ពី​ទទួល​រង​ការ​បំផ្លាញ​ឲ្យ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ផ្លូវ​ថ្នល់​មួយចំនួន​ដោយសារ​តែ​ទឹក​ជំនន់​នៃ​ឥទិ្ធពល​ខ្យល់​ព្យុះ​កេតសាណា (Ketsana) កាល​ពី​ពេល​ថ្មីៗ។

0:00 / 0:00

អភិបាល​រង​ខេត្ត​សៀមរាប លោក ប៊ុន ថាឫទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​តុលា ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១១ សីហា ក្រុម​មន្ត្រី​អន្តរ​ក្រសួង​ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន, រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​មក​ចូលរួម​ប្រជុំ​ណែនាំ​ជា​គោលការណ៍​ក្នុង​ការ​រៀបចំ​ខេត្ត​ដែល​ជា​តំបន់​សំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​បរទេស​មួយ​នេះ​ជា​បន្ទាន់​ឡើង​វិញ​ ចំពោះ​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នោះ។

លោក ប៊ុន ថាឫទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ម្សិលមិញ​ហ្នឹង​អន្តរ​ក្រសួង​គាត់​មក​ប្រជុំ​ណែនាំ​ជា​គោលការណ៍ ហើយ​ល្ងាច​នេះ​បាន​ប្រជុំ​ស្រុក... ដើម្បី​រៀបចំ​លើ​គម្រោង​ជាក់ស្ដែង។ ទីក្រុង​ទេសចរណ៍ រាជ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​រៀបចំ​ធ្វើ​ឲ្យ​បាន​បន្ទាន់​ឡើង​វិញ»

មន្ត្រី​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩​-​៣០ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា នៅ​ស្រុក​មួយចំនួន​នៃ​ខេត្ត​សៀមរាប ដូច​ជា​ស្រុក​វ៉ារិន, ស្រុក​ស្រីស្នំ, ស្រុក​ក្រឡាញ់, ស្រុក​អង្គរជុំ និង​ស្រុក​ពួក គឺ​ទឹក​ជំនន់​នៅ​មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ទេ។

អភិបាល​ស្រុក​អង្គរជុំ លោក រ័ត្ន ជុំ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ទឹក​បាន​ស្រក​ខ្លះ​ហើយ ប៉ុន្តែ​នៅ​សល់​តាម​ទីធ្លា​សាលា​រៀន​ខ្លះ ទី​ធ្លា​វត្ត​អារាម​ខ្លះ ហើយ​សាលា​រៀន​ខ្លះ​បាន​ចាប់ផ្តើម​ឲ្យ​សិស្ស​បាន​ចូល​រៀន​ឡើង​វិញ ប៉ុន្តែ​សាលា​អនុ​វិទ្យា​ល័យ​នៃ​ស្រុក​អង្គរជុំ​ទើប​តែ​បើក​ទ្វារ​ឡើង​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ប៉ុណ្ណោះ។

លោក រ័ត្ន ជុំ បាន​បញ្ជាក់​ថា ៖ «ទឹក​ស្រក​ហើយ ក៏​ប៉ុន្តែ​វា​មិន​ទាន់​ស្រក​ដាច់ វា​នៅ​សល់​ទី​ធ្លា​សាលា​រៀន​ខ្លះ ហើយ​និង​ទី​ធ្លា​វត្ត​អារាម​ខ្លះ ហើយ​និង​មុខ​សាលា​ស្រុក​នៅ​សល់​តិចៗ។ សាលា​រៀន​ខ្លះ​បើក​ដំណើរការ​ហើយ យើង​នៅ​អនុ​វិទ្យាល័យ យើង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ស្រូវ​យើង​មាន​ប៉ះពាល់​ខ្លះ ដល់​ពេល​វា​លិច​៦​-​៧​ថ្ងៃ ស្រូវ​វា​អត់​មាន​គុណភាព វា​មិន​អាច​ដូច​ដើម។ (ស្រូវ)​ដែល​ប៉ះពាល់​ហ្នឹង​១.៤៨០​ហិកតារ»

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ បាន​ថ្លែង​ប្រាប់​អង្គ​ប្រជុំ​មន្ត្រី​អន្តរ​ក្រសួង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដែល​ខេត្ត​នេះ​បាន​ទទួល​រង​ឥទ្ធិពល​ខ្យល់​ព្យុះ​និង​ទឹក​ជំនន់​រហូត​មក​ដល់​ពេល​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨​នាក់ រង​របួស​១៦​នាក់ ខូច​ខាត​ផ្ទះ​សម្បែង​ជាង​៨០​ខ្នង ខូច​ខាត​ស្រូវ​គ្រប់​ប្រភេទ​ជាង​៣.២០០​ហិកតារ និង​ខូច​ដំណាំ​រួម​ផ្សំ​គ្រប់​ប្រភេទ​ជាង​១.០៨០​ហិកតារ ងាប់​គោ​ក្របី​ចំនួន​១១​ក្បាល ជ្រូក​ជាង​២០០​ក្បាល និង​មាន់​ជាង​២.៦០០​ក្បាល។ ចំពោះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ទឹក​ជំនន់​បាន​គ្រប់​ដណ្តប់​ផ្លូវ​ក្នុង​ទីក្រុង​បណ្តាល​ឲ្យ​ខូច​ខាត​ជាង​១១.៦០០​ម៉ែត្រ ឯ​កំណាត់​ផ្លូវ​ក្រៅ​ទីក្រុង​និង​ផ្លូវ​ជាតិ​គឺ​ទឹក​ជំនន់​បាន​បំផ្លាញ​ឲ្យ​ខូច​ខាត​ជាង​៣.០០០​ម៉ែត្រ។ ក្រៅ​ពី​នោះ​មាន​ផ្លូវ​លំ, សាលា​បឋម​សិក្សា, សាលា​អនុវិទ្យាល័យ និង​ទី​វត្ត​អារាម​មួយ​ចំនួន ក៏​ទទួល​រង​ការ​ខូច​ខាត​ដែរ៕