ការចុះហាមឃាត់កប៉ាល់កុំឲ្យបូមខ្សាច់របស់អ្នកភូមិនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឃុំមានភាពយឺតយ៉ាវ ក្នុងការធ្វើកិច្ចអន្តរាគមន៍លើក្រុមហ៊ុនបូមខ្សាច់មិនស្គាល់ឈ្មោះមួយ ដែលបានបូមខ្សាច់ក្បែរកោះ នាំឲ្យបាក់ដីកោះធ្លាក់ចុះ។
អ្នកភូមិជាង៣០គ្រួសារ នាំគ្នាបើកកាណូតចំនួនបីគ្រឿងទៅដល់តំបន់បូមខ្សាច់មួយ ដែលស្ថិតជាប់កោះប្រាក់ សុំឲ្យម្ចាស់កប៉ាល់មួយដែលមិនប្រាប់ឈ្មោះ បញ្ឈប់សកម្មភាពបូមខ្សាច់របស់ខ្លួន។
អ្នកភូមិឲ្យដឹងនៅថ្ងៃទី២៦ សីហា ថា ការបូមខ្សាច់ក្បែរកោះនេះនឹងអាចធ្វើឲ្យដីកោះបាក់ធ្លាក់បន្តិចម្ដងៗ យូរៗទៅនឹងនាំឲ្យកោះបាត់បង់។ ហេតុនេះ ទើបពួកគាត់ប្រញាប់នាំគ្នាចុះទប់ស្កាត់ ទាន់ផលប៉ះពាល់នោះនៅតិច។
អ្នកភូមិមានប្រសាសន៍បន្តថា តាមពិតពួកគាត់ចុះរារាំងការបូមខ្សាច់នេះ មិនមែនប៉ុនប៉ងធ្វើកូដកម្មអ្វីនោះទេ គ្រាន់តែពួកគាត់រង់ចាំចំណាត់ការពីខាងអាជ្ញាធរយឺតយ៉ាវពេក ហេតុនេះទើបពួកគាត់ចុះហាមឃាត់ដោយខ្លួនឯងទៅ។
អ្នកភូមិអះអាងបន្តថា លោកមេឃុំភូមិធំ បានប្រាប់ពួកគាត់ថា គាត់មិនមានសិទ្ធិក្នុងការដោះស្រាយបញ្ហានេះនោះទេ ព្រោះវាហួសពីដែនសមត្ថកិច្ចរបស់គាត់៖ «ពីព្រោះថ្នាក់ក្រោមខ្ញុំប្រាប់គេអស់ហើយ គេអត់បើកភ្នែកមើលទេ មិនមែនថាគេមិនបើកភ្នែកមើលនោះទេ ប៉ុន្តែគេថា គ្មានលទ្ធភាពនឹងជួយ ដោយអ្នកមកបូមហ្នឹង មានអាជ្ញាប័ណ្ណតាំងពីថ្នាក់ខេត្ត ថ្នាក់ក្រសួងអីណាអីណីទៀតនោះ។អ៊ីចឹង ខ្ញុំសួរម៉េចក៏ដោយ គេថាគ្មានលទ្ធភាពដោះស្រាយឲ្យទេ។ អ៊ីចឹងមានតែកម្លាំងប្រជាជនហើយ ចុះទៅមិនធ្វើបាតុកម្មអីនោះទេ គ្រាន់តែសុំឲ្យឈប់បូមជាបន្ត ពីព្រោះនៅពេលខ្ញុំចុះទៅនៅពេលថ្ងៃ គឺឃើញបូមឆ្ងាយអ៊ីចឹងមែន អាចប្រហែលជា៥០ម៉ែត្រអ៊ីចឹងមែន។ អ៊ីចឹងដីហ្នឹង បើមិនបញ្ឈប់អាចនឹងបាត់បង់មែន នៅពេលវាបូមយប់»។
ឆ្លើយតបការលើកឡើងរបស់អ្នកភូមិនេះ មេឃុំភូមិធំ លោក មាច ផៃ អះអាងថា លោកមិនបានព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាសំណើរបស់អ្នកភូមិនោះឡើយ ប៉ុន្តែមូលហេតុយឺតយ៉ាវនោះ ដោយសារលោកត្រូវនាំយកសំណើនោះឆ្លងកាត់ថ្នាក់ស្រុក ដើម្បីសុំយោបល់ និងរកវិធានការដោះស្រាយលើបញ្ហានេះជូនពួកគាត់។
លោកបញ្ជាក់ថា លោកកំពុងសុំឲ្យថ្នាក់ស្រុកចាត់វិធានការទៅថ្នាក់លើជាបន្តទៀត ដើម្បីសុំឲ្យដកកប៉ាល់បូមខ្សាច់ទាំងប៉ុន្មាន ដែលកំពុងធ្វើសកម្មភាពនៅក្បែរតំបន់នោះ ចាកចេញពីទីនោះ៖ «អ៊ីចឹង ខ្ញុំមកឆ្លងថ្នាក់ស្រុក ហើយស្រុកហ្នឹង គាត់នឹងយកធ្វើការដោះស្រាយ ដើម្បីទំនាក់ទំនងធ្វើការដោះស្រាយ នេះគឺថាមិនដោះស្រាយទេ ព្រោះរបាយការណ៍ គាត់ដាក់ជូនខ្ញុំហ្នឹងឲ្យដោះស្រាយបញ្ហាអ្នកបូមខ្សាច់ហ្នឹង ឲ្យចេញពីកោះប្រហែលជា២០០ម៉ែត្រ តែចំពោះឃុំឡើងមកថ្នាក់ស្រុក យើងសុំឲ្យដកចេញតែម្ដង ពីព្រោះខាងឃុំវាមិនមានអីទាក់ទងនឹងបញ្ហាកោះហ្នឹង មិនមែនខ្ញុំមិនដោះស្រាយទេ»។
ចំណែកឯម្ចាស់ក្រុមហ៊ុនបូមខ្សាច់ ដែលព្យាយាមបិទបាំងឈ្មោះនោះ ឲ្យដឹងថា ការបូមខ្សាច់របស់ក្រុមហ៊ុន គឺធ្វើឡើងដោយអនុលោមតាមបច្ចេកទេសត្រឹមត្រូវ ដូច្នេះ ការអះអាងរបស់អ្នកភូមិថាក្រុមហ៊ុនលោកបូមខ្សាច់ធ្វើឲ្យប៉ះពាល់ដល់ដីកោះនោះ ជារឿងមិនពិត៖ «អត់មានទេបង ការបូមហ្នឹង វាមានបច្ចេកទេសបូម វាមានត្រង់កន្លែងទឹកកួច មានត្រង់កន្លែងទឹកអត់កួច វាមានបច្ចេកទេសបូម កន្លែងណាយើងអាចបូមបាន ហើយកន្លែងណាយើងមិនអាចបូមបាន ហើយកន្លែងធនធានទឹកគេ កន្លែងបូមបាន បានគេឲ្យបូម មិនអាចចេះតែបូមផ្ដេសផ្ដាសបានទេបង»។
ទោះយ៉ាងណា ម្ចាស់ក្រុមហ៊ុនរូបនេះក៏បញ្ជាក់ដែរថា ខ្លួននឹងបញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនខ្លួនត្រង់តំបន់ដែលអ្នកភូមិហាមឃាត់នោះ៖ «ចាំខ្ញុំឲ្យកប៉ាល់កុំឲ្យវាបូមកៀកច្រាំងពេក ចាំខ្ញុំឲ្យចេញឆ្ងាយពីច្រាំងបន្តិចបង»។
អ្នកភូមិឲ្យដឹងថា ក្រុមហ៊ុនដែលព្យាយាមលាក់ឈ្មោះនេះ បូមខ្សាច់អស់ពេលជិតមួយខែ ហើយការបូមខ្សាច់របស់ក្រុមហ៊ុននេះខិតកាន់តែជិតកោះ នាំឲ្យកោះនោះបាក់ដីបន្តិចម្ដងៗ។ អ្នកភូមិបារម្ភថា ប្រសិនពួកគាត់មិនបង្អាក់បន្ទច់សកម្មភាពរបស់ក្រុមហ៊ុននេះទេ ក្រុមហ៊ុននឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ហេតុនេះទើបពួកគាត់សម្រេចចិត្តនាំគ្នាចុះដល់កន្លែងដែលក្រុមហ៊ុនកំពុងបូមខ្សាច់នោះតែម្ដង។ អ្នកភូមិបញ្ជាក់បន្ថែមថា កន្លងមកក៏មានក្រុមហ៊ុនបូមខ្សាច់ធ្លាប់ចុះបូមខ្សាច់ត្រង់តំបន់ក្បែរកោះនោះដែរ តែត្រូវអ្នកភូមិនាំគ្នាចុះហាមឃាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។