មេបញ្ជាការជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកម្លាំងយោធាខ្មែរការពារព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារបានអះអាងថា ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែ-ថៃ នៅលើកំពូលភ្នំទ្រព្យចម្ងាយជាង៤គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីប្រាសាទព្រះវិហារដ៏តឹងតែងជាងមួយសប្តាហ៍មកហើយ ដែលថៃធ្លាប់គំរាមនិងទាមទារឲ្យទាហានខ្មែរដកចេញនោះ បានវិលត្រឡប់មករកសភាពធូរស្រាលជាធម្មតាវិញហើយកាលពីថ្ងៃសៅរ៍ទី៣០ ខែមករា។
អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសៅរ៍ ទី៣០ មករាថា មេបញ្ជាការទាហានខ្មែរ-ថៃនៅលើកំពូលភ្នំទ្រព្យបានជួបជជែកគ្នាកាលពីព្រឹកមិញ (៣០ មករា) ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ហើយបានត្រូវរ៉ូវគ្នាកុំឲ្យមានការរុលកម្លាំងទ័ពនិងកុំឲ្យមានការប៉ះទង្គិចដោយអាវុធ បន្ទាប់មកក៏បានចូលរួមអាហារជាមួយគ្នានិងមានគម្រោងឲ្យទាហានទាំងសងខាងបានលេងកីឡាជាមួយគ្នាផង។
លោកឧត្ដមសេនីយ៍ឯក ជា តារា មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «កងទ័ពដែលឈរជើងនៅភ្នំទ្រព្យហ្នឹងបានជួបជាមួយភាគីថៃ បាយជាមួយគ្នានៅភ្នំទ្រព្យ ហើយនៅពេលបាយនោះ ក៏យើងបាននិយាយអំពីការជំរុញការលេងកីឡា មានតេនីស... លេងរែក កីឡាប៊ូល ហើយយើងក៏បានកំណត់ជាមួយគ្នាហើយ កុំឲ្យមានកម្លាំង កុំឲ្យមានការប៉ះទង្គិច ឬក៏ឈរនៅត្រង់ណា ឈរនៅត្រង់ហ្នុង។ និយាយរួមសភាពការណ៍មិនមានអីកើតឡើងទេចាប់ពីព្រំប្រទល់ទិសប្រាសាទព្រះវិហារហ្នឹង គឺមិនមានអីទេ»។
ប្រភពពីកងទាហានខ្មែរនៅប្រាសាទព្រះវិហារបានឲ្យដឹងថា គេបានឮស្នូរផ្ទុះអាវុធមួយប្រាវហាក់មានការប្រយុទ្ធគ្នានៅម្តុំតំបន់ដែលគេហៅថា បង្គោលលេខ៨ជាប់ភូមិសាស្ត្រនៃខ្នងភ្នំចាក់ច្រែង កាលពីវេលាម៉ោង៣រសៀលថ្ងៃសៅរ៍។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍ថា មិនមានការប៉ះប្រយុទ្ធគ្នាជាថ្មីណាមួយរវាងទាហានខ្មែរ-ថៃទេ។ លោក ជា តារា បានបញ្ជាក់ថា គេបានឮសំឡេងកាំភ្លើងផ្ទុះដូច្នេះមែន ប៉ុន្តែសំឡេងកាំភ្លើងនោះគឺនៅភូមិសាស្ត្រជ្រៅក្នុងទឹកដីថៃជាច្រើនគីឡូម៉ែត្រ ហើយក៏មិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ព្រោះក្នុងប្រទេសថៃ៕
