មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដានេះ បានប្រកាសបើកជាផ្លូវការនូវលំហាត់យោធាវគ្គដំបូង ចាប់ពីថ្ងៃ១២ ដល់ ២៣ កក្កដា ដែលផ្ដោតលើលំហាត់យោធានៅទីបញ្ជាការដ្ឋានដែលមានកងកម្លាំងយោធាចូលរួមចំនួន ១៣៧នាក់មកពីប្រទេសចំនួន ១៧ និងមានអ្នកសង្កេតការណ៍មកពីប្រទេសចំនួន ៧ ដើម្បីបង្កើនសមត្ថភាពក្នុងការរក្សាសន្តិភាពនៅក្នុងតំបន់ ក្រោមបេសកកម្មមនុស្សធម៌របស់អ.ស.ប.។
លំហាត់យោធាវគ្គដំបូងនេះគឺស្ថិតនៅក្នុងចំណោមលំហាត់យោធាចំនួន ៣វគ្គ ៖ ទី១ លំហាត់យោធានៅទីបញ្ជាការដ្ឋាន, ទី២ លំហាត់យោធានៅទីលានប្រយុទ្ធ និងទី៣ លំហាត់យោធាប្រតិបត្តិការជួយសង្គ្រោះផ្នែកមនុស្សធម៌ តាមសំណើរបស់អង្គការសហប្រជាជាតិ និងក្រោមការជួយរៀបចំ និងជំនួយថវិការបស់សហរដ្ឋអាមេរិក សហការជាមួយក្រសួងការពារជាតិកម្ពុជា។
សម្រាប់លំហាត់យោធាពហុសាសន៍ចំនួន ៣វគ្គ គឺមានកងកម្លាំងយោធាសរុបចំនួន ១.០៣៦នាក់ មកពីប្រទេសចំនួន ២៦ គឺរាប់ទាំងសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ រុស្ស៊ី ថៃ និងកម្ពុជា ជាដើម លើកលែងតែប្រទេសវៀតណាមដែលមិនបានមកចូលរួម។ លំហាត់យោធានេះគឺជាលើកដំបូងដែលត្រូវប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា ដែលគេឲ្យឈ្មោះថា "ឆ្មាំអង្គរ ឆ្នាំ២០១០"។

រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក មឹង សំផន ជាអនុប្រធានគណៈកម្មការលំហាត់យោធាពហុសាសន៍ ឬ ឆ្មាំអង្គរ ឆ្នាំ២០១០ ដែលចូលរួមនៅក្នុងពិធីប្រកាសបើកលំហាត់យោធាវគ្គដំបូង នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដានេះ បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកងយោធពលខេមរភូមិន្ទមានមោទនភាពយ៉ាងក្រៃលែង ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការសន្តិភាពពហុសាសន៍ ដែលមានឈ្មោះថា ឆ្មាំអង្គរ ឆ្នាំ២០១០ និងមានការឧបត្ថម្ភគាំទ្រពីកងទ័ពសហរដ្ឋអាមេរិក»។
លោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងរំពឹងថា លំហាត់យោធានេះញ៉ាំងឲ្យប្រទេសកម្ពុជាបន្តការប្ដេជ្ញាចិត្ត និងសុច្ឆន្ទៈដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពពិភពលោក ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេនៅក្នុងតំបន់ ក្នុងវិស័យនេះ។ ដោយមានការហ្វឹកហាត់នូវបទពិសោធន៍នេះ ដែលទទួលបានពីអតីតកាលនៃការលំបាកកន្លងមក ប្រទេសកម្ពុជាមានការបំពាក់នូវជំនាញល្អ ដើម្បីជួយដល់ប្រទេសជាតិដទៃទៀត ក្រោយពីបានឆ្លងកាត់ពេលវេលាដ៏លំបាក និងវិបត្តិកន្លងមក»។
កងកម្លាំងយោធាអាមេរិកាំងម្នាក់ឈ្មោះ ថាយថាណូ (Taitano) មកពីរដ្ឋ អូហៃយូ បានមានប្រសាសន៍ថា ៖ «ខ្ញុំរំភើបចិត្តណាស់! វាជាឱកាសដែលបានមកចូលរួមការងារជាមួយប្រទេសជាតិជាច្រើននៅទីនេះ។ វាជាការប្រកួតប្រជែងគ្នាមួយ ប៉ុន្តែមានការរំភើបចិត្ត ពីព្រោះខ្ញុំមកកម្ពុជាជាលើកដំបូង»។
មន្ត្រីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា លំហាត់យោធាទាំង ៣វគ្គនោះ ធ្វើនៅបន្ទាយយោធា ACO នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ ដែលមានការចូលរួមពីយោធាភាគីកម្ពុជាម្ចាស់ផ្ទះផង។
នៅមុនការប្រកាសបើកលំហាត់យោធាវគ្គដំបូងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរិះគន់នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែកក្កដាថ្មីៗនេះ ថា កាលពី ៤ឆ្នាំកន្លងទៅ អង្គភាពរថក្រោះ ACO មានការពាក់ព័ន្ធក្នុងអំពើរឹបអូសដីធ្លីពីប្រជាពលរដ្ឋកម្ពុជា និងរំលោភសិទ្ធិមនុស្សជាច្រើន។
សេចក្ដីថ្លែងការណ៍បានបន្តថា សហរដ្ឋអាមេរិកធ្វើឲ្យចុះតម្លៃនៃការជំទាស់របស់ខ្លួនទៅនឹងរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស ដូចជាការជម្លៀសប្រជាពលរដ្ឋដោយបង្ខំជាដើមក្នុងការរឹបយកដីធ្លី៕
