ក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​​ពី​ការ​រាយការណ៍​អំពី​អាស៊ាន​ដល់​អ្នក​សារព័ត៌មាន

ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ផ្សព្វផ្សាយ​ទាក់​ទង​នឹង​ការ​រាយការណ៍​អំពី​អាស៊ាន ដល់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ប្រមាណ​ជាង​៥០​នាក់ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ​ខុនរ៉ាដ អាដេណៅអ៊ែរ (Konrad Adenauer) ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។
ដោយ អាន ស៊ីថាវ
2012-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ (រូប​ទី​៣​ពី​ឆ្វេង) ចូល​រួម​ពិភាក្សា​អំពី​ប្រធាន​បទ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ ឧបត្ថម្ភ​ដោយ​មូលនិធិ​ខុនរ៉ាដ អាដេណៅអ៊ែរ (Konrad Adenauer) នា​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១២។
RFA/An Sithav

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់ ស្វែង​យល់​ឲ្យ​បាន​ច្រើន​ទាក់​ទង​នឹង​បញ្ហា​អាស៊ាន និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ឲ្យ​ប្រជាជន​កម្ពុជា ពេល​ដែល​ប្រទេស​ទាំង​អស់​នៅ​តំបន់​អាស៊ាន​ធ្វើ​សមាហរណកម្ម​នៅ​ត្រឹម​ឆ្នាំ​២០១៥ ខាង​មុខ។

ក្លឹប​អ្នក​កាសែត​កម្ពុជា រួម​ទាំង​អ្នក​សារព័ត៌មាន​ជាង​៥០​នាក់ ចូល​រួម​ការ​ពិភាក្សា​អំពី​ប្រធាន​បទ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២២ សីហា នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) រាជធានី​ភ្នំពេញ ស្ដីពី​ឱកាស និង​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិធិ មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​អាស៊ាន ឲ្យ​ទៅ​ដល់​ប្រជាជន ដោយ​លោក​បញ្ជាក់​ថា ការ​ពិភាក្សា​នេះ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ការ​រាយការណ៍​បាន​ត្រឹមត្រូវ​អំពី​កិច្ចការ​អាស៊ាន។

យ៉ាង​ណា​ក៏​ដោយ តំណាង​មូលនិធិ​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា លោក ឌិននីស ស្រេ (Denis Shcrey) មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​ទាក់​ទង​នឹង​ការ​សមាហរណកម្ម​តំបន់​នេះ មាន​សារសំខាន់​សម្រាប់​អ្នក​ព័ត៌មាន ក្នុង​ការ​បង្កើត​ផលិតភាព​នៃ​ការ​រាយការណ៍​អំពី​បញ្ហា​អាស៊ាន រួម​ទាំង​ការ​រាយការណ៍​ស៊ើប​អង្កេត ដែល​ទាក់​ទង​នឹង​សមាហរណកម្ម​តំបន់។

ការ​ផ្សព្វផ្សាយ​អំពី​អាស៊ាន នៅ​តាម​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា រួម​ទាំង​វិទ្យុ និង​ទូរទស្សន៍​ជា​ដើម នៅ​មាន​កម្រិត​នៅ​ឡើយ។ កត្តា​នេះ ដោយ​សារ​តែ​ចំណេះ​ដឹង ឬ​ការ​យល់​ដឹង​របស់​អ្នក​សារព័ត៌មាន​ភាគ​ច្រើន​មិន​បាន​យល់​ដឹង​អំពី​បញ្ហា​នេះ​បាន​ស៊ី​ជម្រៅ ហើយ​ក្រសួង​ដែល​ពាក់ព័ន្ធ ក៏​ធ្លាប់​បាន​អះអាង​ថា ការ​ផ្សាយ​ទាក់​ទង​នឹង​អាស៊ាន ជា​ប្រធាន​បទ​ដែល​ត្រូវ​ការ​បច្ចេកទេស និង​ស្មុគស្មាញ ដែល​ទាម​ទារ​ការ​ផ្ដល់​វគ្គ​អប់រំ​បន្ថែម​ដល់​ពួក​គាត់។

លោក ឌិននីស ស្រេ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ធ្វើ​សមាហរណកម្ម​បាន​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន ពី​លំហូរ​ពលកម្ម​ដោយ​សេរី ប៉ុន្តែ​បញ្ហា​នេះ ក៏​ជា​ការ​ប្រឈម​របស់​ប្រទេស​នីមួយៗ ដែល​នឹង​ជួប​ប្រទះ​នៅ​ពេល​ខាង​មុខ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា មនុស្ស​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​អាស៊ាន នេះ នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​គំនិត​ផ្ដួចផ្ដើម​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​សារព័ត៌មាន គឺ​ជា​រឿង​ត្រឹមត្រូវ​បំផុត ដោយ​លោក​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​គួរ​តែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស ទាក់​ទង​នឹង​លំហូរ​ពលកម្ម​របស់​ប្រទេស​អាស៊ាន​ទាំង​អស់ ពេល​ធ្វើ​សមាហរណកម្ម​តំបន់ នៅ​ឆ្នាំ​២០១៥។

លោក​បន្ថែម​ទៀត​ថា នៅ​ប្រទេស​កម្ពុជា មាន​ការ​បើក​ចំហ​ពលកម្ម​ជំនាញ​ពី​ប្រទេស​ខាង​ក្រៅ​ឲ្យ​មក​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស ពលកម្ម​ណា​កម្ពុជា​នៅ​មាន​តិច​តួច​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន ទាំង​១០ ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ពេល​ខាង​មុខ កត្តា​លំហូរ​ពលកម្ម​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​ប្រជាជន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន ចំពោះ​ការ​ប្រឈម​ដែល​នឹង​កើត​ឡើង ហើយ​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល