លោក មឿង សុន ត្រូវបានមេធាវីរាជរដ្ឋាភិបាលប្តឹងទៅកាន់តុលាការ ដោយសារលោកបានផ្តល់មតិព្រួយបារម្ភលើករណីដាក់អំពូលភ្លើងតាមជញ្ជាំងប្រាសាទអង្គរវត្ត កាលពីឆ្នាំ២០០៩។
បណ្ដឹងនេះត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការឧទ្ធរណ៍ កាត់ឲ្យជាប់ទោស ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ចោទពីបទផ្សាយព័ត៌មានមិនពិត ប៉ុន្តែបានប្តូរបទចោទទៅបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋដោយមិនសំរេចផល។
ទាក់ទងជាមួយការគ្រោងបើកសវនាការនេះ លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានថ្លែងពីក្រៅប្រទេស ដោយបានស្នើឲ្យតុលាការកំពូល និងមេធាវីការពារក្តីឲ្យរដ្ឋាភិបាល ត្រូវវិនិច្ឆ័យក្តីឈរលើមនសិការស្នេហាជាតិ និងឲ្យមានយុត្តិធម៌។ លោកថា ការសម្ដែងមតិព្រួយបារម្ភខ្លាចបាត់បង់សម្បត្តិវប្បធម៌ ជាកេរដំណែលដូនតា មិនមែនជារឿងបុគ្គលរបស់មនុស្សម្នាក់ៗនោះទេ គឺជារឿងជាតិទាំងមូល។
លោក មឿង សុន បន្ថែម៖ «ខ្ញុំសង្ឃឹមថា មេធាវីរាជរដ្ឋាភិបាល លោកជាអ្នកកាន់ព្រះពុទ្ធសាសនាមិននិយាយអ្វីដែលចោទប្រកាន់មកលើរូបខ្ញុំទាំងស្រុក ឬក៏អ្វីដែលខ្ញុំមិនបានប្រព្រឹត្តនោះទេ ដើម្បីកុំឲ្យមានវិប្បដិសារីក្នុងមនសិការរបស់ខ្លួនចំពោះអ្វីដែលខ្ញុំបានធ្វើ ដើម្បីប្រយោជន៍ជាតិ ការពារប្រាសាទអង្គរវត្ត។ ចំពោះករណីរូបខ្ញុំមិនមែនដណ្តើមឈ្នះចាញ់រឿងប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺរឿងការពារប្រយោជន៍ជាតិទាំងអស់គ្នា សម្បត្តិវប្បធម៌ជាតិ និងពិភពលោក»។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ សំណុំរឿងក្តីលោក មឿង សុន ត្រូវបានសាលាឧទ្ធរណ៍ប្ដូរបទចោទពីបទផ្សាយព័ត៌មានមិនពិតទៅបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋដោយមិនសំរេចផល។
សំណុំរឿងនេះ តុលាការបានផ្តន្ទាទោស លោក មឿង សុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យប្រាក់ចំនួន ៤លានរៀល។
ទាក់ទងសវនាការនេះ លោក សុក សំអឿន មេធាវីការពារក្តីឲ្យលោក មឿង សុន បានថ្លែងថា ការសម្តែងមតិព្រួយបារម្ភខ្លាចបាត់បង់សម្បត្តិវប្បធម៌ជាតិរបស់កូនក្តីលោក មិនគួរត្រូវបានរដ្ឋាភិបាលប្តឹងទៅកាន់តុលាការនោះទេ។
លោក សុក សំអឿន៖ «ពេលសាលាឧទ្ធរណ៍កាត់គេឈប់ចោទបទផ្សាយព័ត៌មានមិនពិត មកបទញុះញង់វិញ។ ប៉ុន្តែឥឡូវនេះនៅក្នុងសំណុំរឿងតុលាការកំពូលដូចជាផ្សាយព័ត៌មានមិនពិតទៅវិញ ហើយខាងរដ្ឋាភិបាលដែលលោកធ្វើសារណាហ្នឹង ក៏ផ្សាយព័ត៌មានមិនពិតដែរ។ ដល់អ៊ីចឹងពិបាកយល់ដែរ ចាំមើលតុលាការគេសំរេចដូចម្ដេច»។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនទេលើសំណុំរឿងលោក មឿង សុន ប៉ុន្តែលោកមានជំនឿថា តុលាការកំពូលនឹងពិចារណាឲ្យកូនក្តីលោករួចផុតពីការចោទប្រកាន់។
មេធាវីការពារក្តីឲ្យរាជរដ្ឋាភិបាល លោក ប៉ាល់ ចន្ទតារា បានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញសំណុំរឿងក្តីលោក មឿង សុន ដោយឲ្យរង់ចាំមើលលទ្ធផលនៃថ្ងៃបើកសវនាការ ថ្ងៃទី១១ ខែមេសា ទើបដឹងការពិត។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា សំណុំរឿងក្តីលោក មឿង សុន បើតុលាការកំពូលមានយុត្តិធម៌ និងមិនស្ថិតក្រោមសំពាធបក្សកាន់អំណាចទេ លោក មឿង សុន គ្មានទោសនោះទេ។
លោកបន្តថា ការសម្ដែងមតិព្រួយបារម្ភខ្លាចបាត់បង់សម្បត្តិវប្បធម៌ ឬកេរដំណែលដូនតារបស់លោក មឿង សុន គួរត្រូវបានរដ្ឋាភិបាល ឬថ្នាក់ដឹកនាំប្រទេសលើកទឹកចិត្ត មិនគួរមានការចោទប្រកាន់ ឬផ្តន្ទាទោសទេ។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានសាលាឧទ្ធរណ៍កាត់ឲ្យមានទោសជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ចោទពីបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋដោយមិនសំរេចផល។ បច្ចុប្បន្នលោក មឿង សុន បានភៀសខ្លួនចេញទៅរស់នៅក្រៅប្រទេស គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
