តុលាការ​កំពូល​នឹង​ជម្រះ​ក្ដី​លោក មឿង សុន នៅ​ថ្ងៃ​ទី​១១ មេសា

តុលាការ​កំពូល​គ្រោង​នឹង​លើក​យក​សំណុំ​រឿង​ក្តី​លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​​ខ្មែរ មក​ជំរះ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មេសា ឆ្នាំ​២០១២។

0:00 / 0:00

លោក ​មឿង សុន ត្រូវ​បាន​មេធាវី​រាជរដ្ឋាភិបាល​ប្តឹង​ទៅ​កាន់​​តុលាការ ដោយសារ​លោក​បាន​​​ផ្តល់​មតិ​ព្រួយ​​បារម្ភ​លើ​ករណី​ដាក់​អំពូល​ភ្លើង​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត កាល​ពី​ឆ្នាំ​២០០៩។

បណ្ដឹង​នេះ​ត្រូវ​បាន​តុលាការ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​ឧទ្ធរណ៍ កាត់​ឲ្យ​ជាប់​ទោស ២​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​បាន​ប្តូរ​បទ​ចោទ​ទៅ​បទ​ញុះញង់​ប្រព្រឹត្ត​​​បទឧក្រិដ្ឋ​ដោយ​មិន​សំរេច​ផល។

ទាក់ទង​ជាមួយ​ការ​គ្រោង​បើក​សវនាការ​នេះ លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​ថ្លែង​ពី​ក្រៅ​ប្រទេស ដោយ​បាន​​ស្នើ​ឲ្យ​តុលាការ​កំពូល និង​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល ត្រូវ​វិនិច្ឆ័យ​ក្តី​ឈរ​លើ​មនសិការ​​​ស្នេហា​ជាតិ និង​ឲ្យ​មាន​យុត្តិធម៌។ លោក​ថា ការ​សម្ដែង​មតិ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​សម្បត្តិ​វប្បធម៌ ជា​​កេរដំណែល​ដូនតា មិន​មែន​ជា​រឿង​បុគ្គល​របស់​មនុស្ស​ម្នាក់ៗ​នោះ​ទេ គឺ​ជា​រឿង​ជាតិ​ទាំង​មូល។

លោក មឿង សុន បន្ថែម៖ «ខ្ញុំ​សង្ឃឹម​ថា មេធាវី​រាជរដ្ឋាភិបាល លោក​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​និយាយ​អ្វី​ដែល​ចោទ​​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ទាំង​ស្រុក ឬ​ក៏​អ្វី​ដែល​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ក្នុង​មនសិការ​របស់​ខ្លួន​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ដើម្បី​ប្រយោជន៍​ជាតិ ការពារ​ប្រាសាទ​អង្គរវត្ត។ ចំពោះ​ករណី​រូប​ខ្ញុំ​មិន​មែន​ដណ្តើម​​ឈ្នះ​ចាញ់​រឿង​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ គឺ​រឿង​ការពារ​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា សម្បត្តិ​វប្បធម៌​ជាតិ​ និង​ពិភពលោក»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១ សំណុំ​រឿង​ក្តី​លោក មឿង សុន ត្រូវ​បាន​សាលាឧទ្ធរណ៍​​​ប្ដូរ​បទ​ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​បទ​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ដោយ​មិន​សំរេច​ផល។

សំណុំ​​រឿងនេះ តុលាការ​​បាន​ផ្តន្ទាទោស លោក មឿង សុន ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៤​លាន​រៀល។

ទាក់ទង​សវនាការ​នេះ លោក​ សុក សំអឿន ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក មឿង សុន បាន​ថ្លែង​ថា ការ​សម្តែង​មតិ​ព្រួយ​​​​បារម្ភ​ខ្លាច​បាត់​បង់​សម្បត្តិ​វប្បធម៌​ជាតិ​របស់​កូន​ក្តី​លោក មិន​គួរ​ត្រូវ​​​បាន​រដ្ឋាភិបាល​ប្តឹង​​ទៅ​កាន់​តុលាការ​នោះ​ទេ។

លោក សុក សំអឿន៖ «ពេល​សាលាឧទ្ធរណ៍​កាត់​គេ​ឈប់​ចោទ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​បទ​ញុះញង់​វិញ។ ប៉ុន្តែ​ឥឡូវ​នេះ​នៅ​ក្នុង​សំណុំ​រឿង​តុលាការ​កំពូល​ដូច​ជា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​វិញ ហើយ​ខាង​រដ្ឋាភិបាល​ដែល​លោក​ធ្វើ​សារណា​ហ្នឹង ក៏​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែរ។ ដល់​អ៊ីចឹង​ពិបាក​យល់​ដែរ ចាំ​មើល​តុលាការ​គេ​សំរេច​ដូច​ម្ដេច»

លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​លើ​សំណុំ​រឿង​លោក មឿង សុន ប៉ុន្តែ​លោក​មាន​ជំនឿ​ថា តុលាការ​កំពូល​នឹង​​ពិចារណា​ឲ្យ​កូន​ក្តី​លោក​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

​មេធាវី​ការពារ​ក្តី​ឲ្យ​រាជរដ្ឋាភិបាល​ លោក ប៉ាល់ ចន្ទតារា បាន​បដិសេធ​​​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​សំណុំ​រឿង​ក្តី​លោក ​មឿង សុន ដោយ​ឲ្យ​រង់ចាំ​មើល​លទ្ធផល​នៃ​ថ្ងៃ​បើក​សវនាការ ​ថ្ងៃ​​ទី​១១ ខែ​មេសា ទើប​ដឹង​ការ​ពិត។

​យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន ​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​បាន​អះអាង​ថា សំណុំ​រឿង​ក្តី​លោក មឿង សុន បើ​តុលាការ​កំពូល​មាន​យុត្តិធម៌ និង​មិន​ស្ថិត​ក្រោម​សំពាធ​បក្ស​កាន់​អំណាច​ទេ លោក មឿង សុន គ្មាន​ទោស​​នោះ​ទេ។

លោក​បន្ត​ថា ការ​សម្ដែង​មតិ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​សម្បត្តិ​វប្បធម៌ ឬ​កេរដំណែល​ដូនតា​របស់លោក មឿង សុន គួរ​ត្រូវ​បាន​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​ប្រទេស​លើក​ទឹក​ចិត្ត មិន​គួរ​មាន​ការ​ចោទ​ប្រកាន់ ឬ​ផ្តន្ទាទោស​​​ទេ។

​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១ លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ត្រូវ​បាន​​សាលាឧទ្ធរណ៍​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ចោទ​ពី​បទ​ញុះញង់​​​​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដោយ​មិន​សំរេច​ផល។ បច្ចុប្បន្ន​លោក មឿង សុន ​បាន​ភៀស​ខ្លួន​​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស គេច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។