រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ បានអះអាងថា ក្រសួងសុខាភិបាលបានទទួលជោគជ័យកន្លងទៅថ្មីៗនេះ ក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក នៅប្រទេសកម្ពុជា ដោយសារគុណភាព សេវាព្យាបាល របស់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពបានល្អប្រសើរជាងមុន។
អត្រាស្លាប់របស់ទារកនៅពេលកើត បានថយចុះពីចំនួន ៤០០នាក់ មកនៅចំនួនជាង ២០០នាក់ នៅក្នុងចំណោមទារកកើតចំនួន១សែននាក់ នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ កន្លងមក។
ក្រសួងសុខាភិបាលកន្លងមកមានក្រមសីលធម៌ សម្រាប់អប់រំគ្រូពេទ្យ ឲ្យយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ដោយគ្មានការរើសអើងអ្នកមាន ឬអ្នកក្រីក្រ ឬប្រើពាក្យសម្ដីទ្រគោះបោះបោកមកលើអ្នកជំងឺទេ គឺធ្វើយ៉ាងណាឲ្យអ្នកជំងឺទទួលភាពកក់ក្តៅ។ មួយវិញទៀត ក្រសួងសុខាភិបាលកំពុងតែរៀបចំឲ្យមានក្រមសីលធម៌ សម្រាប់ពេទ្យឆ្មបដែរ នៅថ្ងៃខាងមុខនេះ។
កន្លងមក មានសេចក្តីរាយការណ៍មួយចំនួន បានស្រង់សម្ដីក្រុមគ្រួសារអ្នកជំងឺឲ្យដឹងថា គ្រូពេទ្យមួយចំនួននៅមូលដ្ឋាន ត្រូវការប្រាក់ជាមុន នៅមុនពេលព្យាបាលអ្នកជំងឺ។ ករណីខ្លះទៀត គ្រូពេទ្យបានទុកឲ្យស្ត្រីដែលកំពុងឈឺពោះសម្រាលកូននោះ ឲ្យរង់ចាំរហូតដល់ស្លាប់ក៏មាន ដោយសារតែគ្មានប្រាក់គ្រប់គ្រាន់តាមការចង់បានពីគ្រូពេទ្យ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកពេញចិត្តចំពោះការថយចុះនៃអត្រាស្លាប់របស់ទារកនេះ៖ «យើងរៀបចំប្រព័ន្ធចាត់ចែងរបស់យើងឆ្លើយតបនឹងសុខភាពមាតា និងទារក និងជាពិសេស ការពង្រឹងផ្នែកសម្ភព នៅមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក ហើយនិងការចូលរួមរបស់សហគមន៍ទាំងអស់។ រយៈពេលកន្លងមក គឺថាយើងបានខិតខំបន្ថែម គឺការពង្រីកឆ្មប បណ្ដុះបណ្ដាលឆ្មប ភាគច្រើនយើងយកឆ្មបដែលបំពេញការងារនៅមូលដ្ឋានហ្នឹងហើយបាទ»។
លោកបន្តថា ក្នុងករណីដែលអ្នកជំងឺ ឬស្ត្រីសម្រាលកូន ជាគ្រួសារទីទាល់ក្រ គ្មានប្រាក់បង់សេវាព្យាបាល គឺក្រសួងសុខាភិបាលមានគោលការណ៍មួយ អនុគ្រោះឲ្យអ្នកជំងឺនោះ មិនចាំបាច់បង់ប្រាក់ទេ ដោយសារតែក្រសួងសុខាភិបាលមានមូលនិធិសមធម៌ ដើម្បីជួយបង់ប្រាក់ឲ្យគ្រួសារអ្នកជំងឺនោះ លើការធ្វើដំណើរ ការហូបចុក និងការព្យាបាលជាដើម។
ប្រជាពលរដ្ឋជាកសិករឈ្មោះ ណុប មាន អាយុ ៤៥ឆ្នាំ នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនោះនៅមូលដ្ឋាន ពេលខ្លះល្អ និងពេលខ្លះទៀតមិនសូវល្អទេ ទៅតាមស្ថានភាពជាក់ស្តែង៖ «ទារលុយ ទារកាក់ថ្លៃគ្រែថ្លៃអី។ យកលុយ យកកាក់នោះ ថ្លៃគួរសមដែរ មួយគ្រែវាមាន ៥០.០០០រៀល សម្រាប់អ្នកក្រ ថ្លៃ។ ជួនកាលទៅ វាមានការថែទាំបានល្អមួយចំនួន ប្រហែលជា ៦០%។ ខ្ញុំនេះ ចង់ឲ្យធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលជួយជំរុញដូចជាផ្នែកសុខាភិបាល ឲ្យបានល្អប្រសើរ ១០០%»។
ក្រសួងសុខាភិបាលបច្ចុប្បន្ន មានមណ្ឌលថែទាំសុខភាពចំនួនជាង ១.០០០កន្លែង នៅប្រទេសកម្ពុជា។ ក្រៅពីនេះ ក្រសួងសុខាភិបាលមានវេជ្ជបណ្ឌិតចំនួនសរុបជាង ៥.០០០នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានជួយសង្គ្រោះអ្នកជំងឺទីទាល់ក្រ តាមរយៈមូលនិធិសមធម៌នោះ ចំនួនជាង ២លានករណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។