ក៏ប៉ុន្តែ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរដោះស្រាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋតាំងទីលំនៅថ្មីជាមុនសិន។
ប្រជាពលរដ្ឋរស់នៅភូមិដោះក្រមុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងព្រួយបារម្ភពីការបង្ខំឲ្យរុះរើលំនៅឋានជាលើកទីពីរ បន្ទាប់ពីអាជ្ញាធរក្រុងសែនមនោរម្យ បានប្រើប្រាស់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរុះរើផ្ទះសម្បែង និងមិនបានដោះស្រាយផលប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់។
អ្នកភូមិដោះក្រមុំ សង្កាត់សុខដុម្យ ក្រុងសែនមនោរម្យ លោក ឃៀង សាយ័ន នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរក្រុងបានចេញលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ហេតុនេះប្រជាពលរដ្ឋកំពុងមានកង្វល់មិនដឹងទៅរស់នៅកន្លែងណា។ ពួកគាត់អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅថ្មី៖ «អាដីហ្នឹងគេយកទៅធ្វើកន្លែងទឹកស្អាតហ្នឹង ហើយដេញប្រជាពលរដ្ឋចេញ អ៊ីចឹងហើយប្រជាពលរដ្ឋនៅអត់បាន»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ប្រជាពលរដ្ឋភូមិដោះក្រមុំ ជាង ១០គ្រួសារ បាននាំគ្នាទៅសុំឲ្យអាជ្ញាធរក្រុងសែនមនោរម្យ ជួយដោះស្រាយផ្តល់ដីនៅទីតាំងណាមួយ ដើម្បីប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី មុននឹងរុះរើលំនៅឋានចេញ។ ប៉ុន្តែរហូតពេលនេះ សំណូមពររបស់ប្រជាពលរដ្ឋមិនឃើញមានការឆ្លើយតបនៅឡើយ។
ប្រជាពលរដ្ឋភូមិដោះក្រមុំ មួយរូបទៀត គឺលោក សេង លី មានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនភ័យខ្លាចក្រុមសមត្ថកិច្ចចុះរុះរើលំនៅឋានពួកគាត់ចោល ហេតុនេះពួកគាត់បង្ខំចិត្តរុះរើដោយខ្លួនឯង ប៉ុន្តែខ្លះទៀតមិនទាន់បានរុះរើនៅឡើយ។ លោកបន្តថា អាជ្ញាធរព្រមានថា នៅចុងខែវិច្ឆិកា នេះ ប្រសិនប្រជាពលរដ្ឋមិនរុះរើផ្ទះចេញទេ ក្រុមសមត្ថកិច្ចនឹងប្រើប្រាស់កងកម្លាំងរុះរើលំនៅឋានប្រជាពលរដ្ឋ និងតម្រូវឲ្យម្ចាស់ផ្ទះចេញថ្លៃពលកម្មរុះរើនេះទៀតផង៖ «កន្លែងនោះគេអត់រុះទេ ហើយគេធ្វើសាងសង់ជាផ្ទះថ្មៗ ហើយដល់ផ្ទះពួកខ្ញុំក្រៗ ធ្វើតូចៗ ប្រាំម៉ែត្រ បួនម៉ែត្រ គេរុះឈូសអស់។ គេបង្ខំគេគាបឲ្យខ្ញុំរុះតែម្តង»។
អភិបាលក្រុងសែនមនោរម្យ លោក តេង សម្បត្តិ មានប្រសាសន៍បញ្ជាក់ថា លោកមិនមានសិទ្ធិសម្រេចលើសំណើសុំដីសម្បទានសង្គមកិច្ចរបស់ប្រជាពលរដ្ឋនោះបានទេ។ លោកអះអាងថា បានស្នើសុំករណីនេះទៅអាជ្ញាធរខេត្តហើយ៖ «មិនដឹងគាត់ទៅធ្វើអ្វីកន្លែងហ្នឹង ព្រោះអ្វីដីហ្នឹងដីរបស់រដ្ឋ។ ដីសម្បទាន យ៉ាងម៉េចៗចង់សម្លុតរដ្ឋ។ ចុះត្រឹមតែក្រុងទៅដោះស្រាយម៉េចចេញ មិនទាន់ទេអាហ្នឹង ខ្ញុំសំណូមពរទៅលើដែរដូចគ្នា»។
ប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភិរម្យ មានប្រសាសន៍បញ្ជាក់ថា ក្រុមអាជ្ញាធរគួរស្វែងរកមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ជាជាងប្រើកម្លាំងបណ្ដេញចេញ៖ «ប្រជាពលរដ្ឋគាត់មានតែពឹងពាក់ទៅលើអាជ្ញាធរហ្នឹងហើយ បើសិនអាជ្ញាធរលោកមិនដោះស្រាយ បែរជាគិតតែបណ្ដេញដោយប្រើហិង្សា យើងយល់ឃើញថាប្រទេសយើង ឬអាជ្ញាធរយើង គឺមិនបានយល់ពីកាតព្វកិច្ចរបស់ខ្លួនទេ គឺអាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ»។
អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីប៉ុន្មានឆ្នាំមុននេះ បានបណ្ដេញប្រជាពលរដ្ឋមួយចំនួនចេញពីតំបន់ភ្នំដោះក្រមុំ ដើម្បីរក្សាតំបន់នោះទុកជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។ បន្ទាប់មក នៅខែតុលា ឆ្នាំ២០១២ សាលាក្រុងសែនមនោរម្យ បានចេញលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋអ្នកមានសំណង់នៅលើដីនេះ រុះរើចេញជាថ្មី ក៏ប៉ុន្តែមិនមានប្រជាពលរដ្ឋណាព្រមរុះរើលំនៅឋានចេញទេ ទើបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ អាជ្ញាធរក្រុងបានប្រើប្រាស់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ រុះរើផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។