គ្រូ​បង្រៀន​ភាសា​បាលី​​ត្អូញ​​រឿង​បើក​ប្រាក់ខែ​​យឺត

គ្រូបង្រៀន​កិច្ចសន្យា និង​គ្រូ​ក្របខ័ណ្ឌ​ភាសា​បាលី​ខេត្ត​កណ្ដាល រិះគន់​ថា ក្រសួង​ធម្មការ និង​សាសនា មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់ និង​កាត់​ប្រាក់​ខែ​ពួក​គាត់​ដោយ​មិន​បង្ហាញ​ហេតុផល​ច្បាស់​លាស់។
ដោយ វិជ័យ អានន្ទ
2012-09-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គ្រូបង្រៀន​កិច្ចសន្យា​ផ្នែក​ភាសា​បាលី​នៃ​ពុទ្ធិក​បឋម​សិក្សា​ស្រុក​មុខកំពូល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១២ ថា គាត់​ខកខាន​មិន​បាន​បើក​ប្រាក់​ខែ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ គឺ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១២ មក​ទល់​នឹង​ខែ​កញ្ញា ឆ្នាំ​២០១២។

គ្រូ​ឧទ្ទេសាចារ្យ ឬ​គ្រូបង្រៀន​ភាសា​បាលី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្ដែង​ការ​ងឿងឆ្ងល់​ថា តើ​ក្រសួង​ជួប​បញ្ហា​ពិបាក​អ្វី​ទើប​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​គ្រូបង្រៀន​ភាសា​បាលី​យ៉ាង​ដូច្នេះ។ គ្រូ​ឧទ្ទេសាចារ្យ​ដដែល​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ គាត់​បើក​ប្រាក់​យឺត​យ៉ាវ​ដែរ តែ​មិន​យឺត​យ៉ាវ​ដូច​ឆ្នាំ​នេះ​ទេ គឺ​ត្រឹម​ខែ​កក្កដា គាត់​បាន​បើក។ ដោយ​ឡែក​ឆ្នាំ​នេះ ឈាន​ចូល​ដល់​ខែ​កញ្ញា ទៅ​ហើយ ប្រាក់​ខែ​របស់​គាត់​គេ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​ទៀត។

លោក​បន្ថែម​ថា ភាព​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់​ខែ​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​គាត់៖ «ឆ្នាំ​២០១១ ពី​ខែ​១ ដល់​ខែ ៧ បាន​បើក ឥឡូវ​ខែ ១ ដល់​ខែ ៩ ហើយ អត់​បាន​បើក មិន​ដឹង​យ៉ាង​ម៉េច»

ដូច​គ្នា​នេះ ឧទ្ទេសាចារ្យ​ម្នាក់​ទៀត​នៅ​ស្រុក​មុខកំពូល​ដែរ លើក​ឡើង​ថា លោក​ក៏​គេ​មិន​ទាន់​បើក​ប្រាក់​ខែ​ឲ្យ​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​នៅ​តែ​ប្រឹង​បង្រៀន​ដែរ ព្រោះ​លោក​យល់​ឃើញ​ថា វិស័យ​ពុទ្ធិក​សិក្សា​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះ​បី​លោក​មាន​វ័យ​ចំណាស់​ហើយ​ក៏ដោយ លោក​ចាំបាច់​តស៊ូ​ជា​បន្ត​ទៀត ដើម្បី​បណ្ដុះបណ្ដាល​ចំណេះ​ដឹង​ផ្នែក​ភាសា​បាលី​ដល់​យុវបព្វជិត​ជំនាន់​ក្រោយ៖ «អារម្មណ៍​ចេះ​តែ​មាន​ហើយ តែ​ធ្វើ​ម៉េច​ខំ​ប្រឹង​បង្រៀន​ដើម្បី​ជ្រោង​ព្រះពុទ្ធ​សាសនា ព្រោះ​គ្រូ​នៅ​ស្រុក​មុខកំពូល ផ្នែក​ពុទ្ធិក​ហ្នឹង​តិច​ណាស់ ម៉្លោះ​ហើយ​ចាស់ៗ​ហ្នឹង​ចេះ​តែ​នាំ​គ្នា​ជួយ ដើម្បី​ពង្រឹង​វិស័យ​ពុទ្ធិក​ហ្នឹង​ឲ្យ​វា​មាន​ឡើង»

ឧទ្ទេសាចារ្យ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​បើក​ប្រាក់​ខែ​យឺតយ៉ាវ​ហើយ ពួកគាត់​នៅ​ត្រូវ​គេ​កាត់​ប្រាក់​បន្ថែម​ទៀត។ លោក​អះអាង​ថា ប្រាក់​ខែ​ពួក​គាត់​ពី ៥ ទៅ ៦​ខែ​ទើប​គេ​បើក​ឲ្យ​ម្ដង ហើយ​ជា​រៀង​រាល់​លើក​នៃ​ការ​បើក​ប្រាក់​ខែ​ម្ដងៗ ប្រាក់ខែ​ពួកគាត់​ត្រូវ​គេ​កាត់ ២០​ម៉ឺន​នៅ​ថ្នាក់​ក្រសួង និង ៦​ម៉ឺន នៅ​ថ្នាក់​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​ទៀត​ផង។ ការ​កាត់​ប្រាក់​ខែ​នេះ គេ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ថា គេ​កាត់​ប្រាក់​ខែ​នោះ​យក​ធ្វើ​អ្វី​នោះ​ឡើយ។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​ឧទ្ទេសាចារ្យ​នេះ ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​មុខកំពូល លោក ឃុត សាខន អះអាង​ថា លោក​ក៏​មិន​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ភាព​យឺតយ៉ាវ​នោះ​ឡើយ។ ចំណែក​ការ​កាត់​ប្រាក់​ខែ​កន្លង​មក​នោះ ដោយសារ​សាលា​ស្រុក​តម្រូវ​ឲ្យ​ការិយាល័យ​នីមួយៗ​រៃ​អង្គាស​លុយ​គ្នា​ដើម្បី​ចូល​រួម​ឧបត្ថម្ភ​ទាហាន​ឯ​សមរភូមិ ខណៈ​ភាគី​ខ្មែរ និង​ថៃ ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឯ​ខេត្ត​ព្រះវិហារ។

លោក ឃុត សាខន៖ «យើង​មិន​មែន​កាត់​ដោយ​ឯកច្ឆន្ទ អត្តនោម័តិ​ដោយ​ខ្លួន​ឯង​ទេ អា​ហ្នឹង​កាល​ជំនាន់​ទ័ព​ទេ ប៉ុន្តែ​ឥឡូវ​វា​អត់​មាន​អី​ទេ កាល​បើ​មាន​ប្រាក់​ខែ​មក​ប៉ុន្មាន យើង​បញ្ជូន​ឲ្យ​គាត់​ប៉ុណ្ណឹង​ទៅ»

ទាក់ទង​នឹង​បញ្ហា​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់​ខែ​នេះ​ដែរ គ្រូបង្រៀន​ក្របខ័ណ្ឌ​នៃ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ឯ​ស្រុក​កៀនស្វាយ ឲ្យ​ដឹង​ថា លោក​បាន​ប្រលង​ជាប់​គ្រូបង្រៀន​នៅ​ពុទ្ធិក​សិក្សា​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ហើយ​ប្រាក់​ខែ​របស់​លោក​គេ​មិន​ទាន់​បើក​ឲ្យ​ឡើយ។ ចំណែក​ឯ​ប្រាក់​ខែ​របស់​លោក​នៅ​ឆ្នាំ​២០១២ ចាប់​តាំង​ពី​ខែ​មិថុនា មក ក៏​គេ​មិន​ទាន់​បើក​ឲ្យ​ដែរ៖ «បើក​ប្រាក់​ហ្នឹង ឧទាហរណ៍ ២​ឆ្នាំ ឬ ២​ឆ្នាំ​កន្លះ​អី​ហ្នឹង គេ​ចាប់​ផ្ដើម​បើក មិន​វិធានការ​ក្រសួង​ធម្មការ និង​សាសនា​ហ្នឹង​គេ​យក​គោលនយោបាយ​យ៉ាង​ម៉េច​បាន​ជា​មន្ត្រី​បាន​ប្រលង​ជាប់​ក្របខ័ណ្ឌ​រដ្ឋ ហើយ​មិន​បាន​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​គ្រូ​ក្របខ័ណ្ឌ​នោះ ខ្ញុំ​ចេះ​តែ​ឆ្ងល់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក រុង ភីរម្យ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា នេះ។

ទោះ​យ៉ាង​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន មាន​ប្រសាសន៍​ថា ក្រសួង​បាន​ទម្លាក់​លុយ​ដែល​ជា​ប្រាក់ខែ​របស់​គ្រូ​ទាំង​អស់​ទូទាំង​ប្រទេស​ដល់​មន្ទីរ​តាម​បណ្ដា​ខេត្ត​នានា​រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មានតែអាស៊ីសេរីជួយដោះស្រាយខ្លះទៅគឺបើកលុយគ្រូៗគ្រាន់បើជាងចំណាយលុយអត់ប្រយោជន៍

Sep 03, 2012 10:35 PM

អ្នក​អាន​អនាមិក

ពួកគេខ្ជីប្រើសិន

Sep 03, 2012 10:05 AM