អ្នក​វិភាគ៖ ការ​នាំ​ចេញ​អង្ករ​បាន​ជោគជ័យ​គឺ​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល

ការ​នាំ​ចេញ​អង្ករ​ស្តង់ដារ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១លាន​តោន នៅ​ឆ្នាំ​២០១៥ គឺ​ទាម​ទារ​ឲ្យ​មាន​រោង​ម៉ាស៊ីន​ទំនើប​ប្រមាណ ១០០​គ្រឿង រួម​ទាំង​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​នាំ​ចេញ ការ​លើក​កម្ពស់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និង​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ជាដើម។
ដោយ អាន ស៊ីថាវ
2012-10-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
Rice_305
១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។
RFA/Mom Sophon

ក្រៅ​ពី​នេះ អ្នក​វិភាគ​កសិកម្ម​អះអាង​ថា ការ​នាំ​ចេញ​អង្ករ​បាន​ដោយ​ជោគជ័យ គឺ​ទាម​ទារ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ឲ្យ​បាន​គ្រប់​ចំនួន ១លាន​តោន​ជា​មុន​សិន។

ផលិត​កម្ម​ស្រូវ​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​តែ​ផលិតភាព​កសិកម្ម​ប្រសើរ​ឡើង ការ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ រួម​ទាំង​ធាតុអាកាស​អំណោយ​ផល​សម្រាប់​ដំណាំ​ស្រូវ។

អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ មាន​ប្រសាសន៍​ថា ផលិតកម្ម​ស្រូវ​របស់​កម្ពុជា បាន​កើន​ឡើង​រៀង​រាល់​ឆ្នាំ។ ការ​ប៉ាន់​ស្មាន​ផលិត​កម្ម​ស្រូវ​ក្នុង​ឆ្នាំ​២០១១ មាន​ប្រមាណ ៨,៨​លាន​តោន។

តាម​រយៈ​សក្ដានុពល​នេះ ប្រទេស​កម្ពុជា សល់​ស្រូវ​ពី​តម្រូវ​ការ​ប្រមាណ ៤​លាន​តោន នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​បរិមាណ​នេះ​បាន​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​សារ​កម្ពុជា ខ្វះ​ការ​កែច្នៃ​សម្រាប់​នាំ​ចេញ។ និន្នាការ​នេះ នាំ​ឲ្យ​កម្ពុជា បាត់​បង់​តម្លៃ​បន្ថែម​សម្រាប់​ចូល​រួម​ចំណែក​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ប្រទេស​កម្ពុជា បាន​រៀបចំ​គោល​នយោបាយ​នាំ​ចេញ​អង្ករ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សក្ដានុពល​ស្រូវ​ដែល​ប្រទេស​កម្ពុជា ផលិត​លើស​ពី​តម្រូវការ។

លោក ងិន ឆាយ មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​សម្រេច​បាន​គោលដៅ​នេះ គឺ​ទាម​ទារ​ថវិកា​ប្រមូល​ទិញ​ស្រូវ​គ្រប់​គ្រាន់ និង​ត្រូវ​មាន​ចំនួន​រោង​ម៉ាស៊ីន​ទំនើប​ប្រមាណ ១០០​គ្រឿង រួម​ទាំង​ការ​រក​ទីផ្សារ​ច្បាស់​លាស់ សម្រាប់​ការ​នាំ​ចេញ​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទន្ទឹម​នឹង​កម្ពុជា​ខ្វះ​ខាត​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ​បាន​ដោយ​គុណភាព​ខ្ពស់​នោះ បរិមាណ​ផល​ស្រូវ​ដែល​សល់​ពី​តម្រូវ​ការ​បាន​ហូរ​ចេញ​​ទៅ​ប្រទេស​ជិត​ខាង ដែល​តាម​ការ​ប៉ាន់ស្មាន ការ​ហូរ​ចេញ​បរិមាណ​ស្រូវ​ពី​ប្រទេស​កម្ពុជា​ក្រៅ​ផ្លូវ​ការ​ទៅ​វៀតណាម ជា​មធ្យម​មាន​ប្រមាណ ១​លាន​តោន​រៀង​រាល់​ឆ្នាំ ហើយ​ការ​ហូរ​ទៅ​ប្រទេស​ថៃ មាន​ប្រមាណ ៥០​ម៉ឺន​តោន។

លោក ងិន ឆាយ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​លើក​កម្ពស់​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម ដូច​ជា​បញ្ហា​ដឹក​ជញ្ជូន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ កំពង់ផែ កន្លែង​ស្តុក​ទុក​សម្រាប់​នាំ​ចេញ និង​ស្តុក​ស្រូវ រួម​ទាំង​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង ដែល​ជា​ច្រក​ចេញ​តែ​មួយ​គត់​សម្រាប់​ការ​នាំ​ចេញ​អង្ករ ឲ្យ​បាន ១​លាន​តោន នៅ​ពេល​ខាង​មុខ។

របាយការណ៍​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ដំណើរ​ការ​នាំ​ចេញ គេ​ទាម​ទារ​ឲ្យ​ការ​រៀបចំ​គម្រោង​ជា​មុន ដែល​មាន​ដំណាក់​កាល​ជា​ច្រើន។ អ្នក​នាំ​ចេញ ចាំ​បាច់​ត្រូវ​ពិចារណា​ពី​តម្រូវ​ការ​ឯកសារ និង​បញ្ហា​មួយ​ចំនួន ដូច​ជា​កិច្ច​សន្យា​លក់ លក្ខខ័ណ្ឌ​ដឹក​ជញ្ជួន​ទំនិញ ឯកសារ​ដឹក​ជញ្ជូន​ទំនិញ លិខិត​អនុញ្ញាត អាជ្ញាប័ណ្ណ ពន្ធ និង​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ជា​ដើម។

ក្រៅ​ពី​បញ្ហា​ប្រឈម​ទាំង​នោះ អ្នក​វិភាគ​កសិកម្ម​បាន​អះអាង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ពិសេស​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស គឺ​ទាម​ទារ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ប្រទេស​កម្ពុជា មិន​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​នេះ​បាន​គ្រប់​ចំនួន ១​លាន​តោន​នៅ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប្រទេស​ដែល​មាន​តម្រូវ​ការ​នាំ​ចូល​អង្ករ​ខ្ពស់ គឺ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចុះ​ប្រកាស​ថា នឹង​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ប្រមាណ ១០​ម៉ឺន​តោន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​វិភាគ​កសិកម្ម លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រទេស​ឥណ្ឌូនេស៊ី នេះ ប្រទេស​កម្ពុជា ត្រូវ​បង្កើន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក (Africa) ដោយ​សារ​តែ​គុណភាព​អង្ករ​របស់​ប្រទេស​កម្ពុជា ត្រូវ​នឹង​តម្រូវ​ការ​របស់​ប្រទេស​នេះ។ ចំពោះ​អង្ករ​កម្ពុជា អាច​នាំ​ទៅ​ប្រទេស​នៅ​សហភាព​អឺរ៉ុប ដោយ​មិន​គិត​បរិមាណ​កំណត់ ប៉ុន្តែ​ប្រទេស​នេះ​ទាម​ទារ​គុណភាព​អង្ករ​មាន​កម្រិត​ខ្ពស់។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ការ​សម្រេច​បាន​គោល​នយោបាយ​នាំ​ចេញ​អង្ករ ១​លាន​តោន​នៅ​ពេល ៣​ឆ្នាំ​ខាង​មុខ គឺ​ត្រូវ​បង្កើន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដែល​កត្តា​អាច​ជួយ​សម្រួល​កាន់​តែ​ច្រើន​ចំពោះ​បែបបទ​នៃ​ការ​នាំ​ចេញ ហើយ​កត្តា​សំខាន់​ទីពីរ គឺ​កិច្ច​ព្រមព្រៀង​រវាង​អ្នក​នាំ​ចេញ និង​អ្នក​នាំ​ចូល​របស់​ប្រទេស​ទាំង​នោះ។

របាយការណ៍​របស់​អង្គការ​ចំណីអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (FAO) ដែល​ចេញ​ផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ប្រទេស​ដែល​នាំ​ចូល​អង្ករ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក គឺ​ប្រទេស​ហ្វីលីពីន ដែល​ត្រូវ​ការ​ប្រមាណ ១​លាន​តោន ប្រទេស​ចិន ត្រូវ​ការ​ប្រមាណ ២​លាន​តោន និង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ការ​ជាង ១​លាន​តោន និង​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ត្រូវ​ការ​អង្ករ​ជាង ១១​លាន​តោន។ ប៉ុន្តែ​ប្រទេស​ដែល​នាំ​ចេញ​អង្ករ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក គឺ​ប្រទេស​ថៃ នាំ​ចេញ​បាន​ប្រមាណ ៧​លាន​តោន វៀតណាម ៦,៨​លាន​តោន និង​ឥណ្ឌា ប្រមាណ ៤​លាន​តោន។ ដោយ​ឡែក​ប្រទេស​កម្ពុជា នៅ​ត្រឹម​ខែ​៩ ឆ្នាំ​២០១២ គឺ​ការ​នាំ​ចេញ​អង្ករ​ជា​ផ្លូវការ សម្រេច​បាន​ជាង ១៣​ម៉ឺន​តោន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល