សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ឯករាជ្យ​ចំពោះ​ករណី​លោក ម៉ម សូណង់ដូ

នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​តុលាការ​នឹង​កំណត់​ជោគវាសនា​របស់​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ។
ដោយ ទីន ហ្សាការីយ៉ា
2012-09-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ៣០៥
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។
RFA/Sok Serey

ទោះ​បី​ជា​ពេល​នេះ​តុលាការ​មិន​ទាន់​វិនិច្ឆ័យ​ក្ដី​លោក ម៉ម សូណង់ដូ ក៏ដោយ ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​នោះ​ទេ ពិសេស​វា​មិន​ចំណេញ​អ្វី​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។

សំណុំ​រឿង​លោក ម៉ម សូណង់ដូ កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​ដែល​សាធារណជន​ជាតិ និង​អន្តរជាតិ ទន្ទឹង​រង់ចាំ​មើល​ការ​ជំនុំជម្រះ​ក្ដី ឬ​ការ​វិនិច្ឆ័យ​របស់​តុលាការ ថា​តើ​តុលាការ​នឹង​បើក​ការ​ជំនុំជម្រះ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ ឬ​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ?

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ករណី​លោក ម៉ម សូណង់ដូ គឺ​ជា​រូបភាព​មួយ​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា ជា​រឿង​នយោបាយ មិន​មែន​ពាក់ព័ន្ធ​ដូច​ទៅ​នឹង​តុលាការ​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រួប​លោក​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ វា​មិន​មាន​ចំណេញ​អ្វី​​សម្រាប់​សង្គម​កម្ពុជា ពិសេស​ទៅ​ទៀត​នោះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​កម្ពុជា វិញ​ទេ នៅ​លើ​ឆាក​អន្តរជាតិ នៅ​ពេល​កម្ពុជា កំពុង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ។

អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​គ្រប់គ្រាន់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ មិន​មាន​បញ្ហា​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នោះ​ទេ។

អ្នកស្រី ជា វណ្ណាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​ដែល​ចាត់​ការ​ទៅ​លើ​រូប​លោក ម៉ម សូណង់ដូ ខណៈ​ខ្លួន​កំពុង​មាន​តួនាទី​សំខាន់​ក្នុង​តំបន់​អាស៊ាន​នោះ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ចំនួន ៤​បទ​ចោទ រួម​មាន៖ ចូល​រួម​ក្នុង​ចលនា​បះបោរ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។

សាលា​ដំបូង​រាជធានីភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ កញ្ញា។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នេះ លោក​នឹង​ជាប់​ទោស​ប្រមាណ ៣០​ឆ្នាំ។

ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​សីហា ថា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។

ករណី​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​កង្វះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា លំហ​សម្រាប់​ការ​បញ្ចេញ​មតិ​ដោយ​សេរី​កាន់​តែ​រួញ​ខើច​ទៅៗ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​ខុស​ឆ្គង​ក្នុង​ការ​បំបិទ​សំឡេង​អ្នក​ប្រជាធិបតេយ្យ។

សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវ​បាន​ធានា​ចំពោះ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប ក្រោម​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា ១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​នៅ​ក្នុង​ឆ្នាំ​១៩៩២។

ដោយ​ឡែក​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ពីព្រោះ​ថា ទោះ​បី​ជា​សព្វថ្ងៃ​លោក ម៉ម សូណង់ដូ ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ក្ដី ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បង្កើត​គណបក្ស​មួយ ក្រោយ​មក​ក៏​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ។មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​រៀបរាប់​ថា រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពីព្រោះ​លោក​ជា​មនុស្ស​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចំៗ​ឥត​សំចៃ​មាត់ អំពី​ទង្វើ​ខុសឆ្គង​របស់​រដ្ឋាភិបាល។ ពិសេស​ទៅ​ទៀត​នោះ រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពីព្រោះ​ខ្លាច​លោក​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ទាំងពីរ ដែល​ទើប​រួបរួម​គ្នា​នោះ។

លោក អំ សំអាត បញ្ជាក់​ថា ការ​ចោទប្រកាន់​លោក ម៉ម សំណង់ដូ ទាក់ទង​នឹង​រឿង​ធ្វើ​អបគមន៍​នេះ ជា​រឿង​មិន​សម​ហេតុផល​នោះ​ឡើយ។

ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​ទៀត គឺ​ជាប់​ទាក់ទង​ទៅ​នឹង​រឿង​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​មួយ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ខែត្រ​ក្រចេះ។ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា រដ្ឋាភិបាល​បាន​បញ្ជូន​កងកម្លាំង​រាប់​រយ​នាក់ ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ បណ្ដេញ​ចេញ​ពី​លំនៅឋាន តែ​រដ្ឋាភិបាល​អះអាង​ថា កម្លាំង​រដ្ឋាភិបាល​ចុះ​ទៅ​បង្ក្រាប​ក្រុម​របស់​លោក ប៊ុន រដ្ឋា ដែល​មាន​បំណង​ចង់​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ រហូត​ដល់​កងកម្លាំង​បាញ់​សម្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចន្ថា។

ទាក់ទង​ទៅ​នឹង​ករណី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា អំពាវនាវ​ឲ្យ​ក្រុម​របស់​លោក ប៊ុន រដ្ឋា ឲ្យ​ចូល​ខ្លួន​មក​សារភាព​ជា​ថ្នូរ​នឹង​ការ​លើក​លែង​ទោស។

ឆ្លើយតប​ទៅ​នឹង​ករណី​នេះ លោក អំ សំអាត បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ឯករាជ្យ​របស់​ សាក្សី​នៅ​ក្នុង​សវនាការ​លើ​សំណុំរឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា នេះ ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ជន​ជាប់ចោទ​ចូល​ខ្លួន​មក​សារភាព ហើយ​ឲ្យ​ធ្វើ​ជា​សាក្សី​វិញ​នោះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​អ្នកភូមិ​ប្រម៉ា​នេះ លោក​អះអាង​ថា ជា​សារ​ព្រមាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ដែល​ជា​រឿង​ក្ដៅ​គគុក​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ខ្លួន​មិនបាន​ដោះស្រាយ​បាន​សមរម្យ​នោះ។

បន្ថែម​ពី​លើ​នេះ​ទៀត ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ក្រោយ​ពេល​វិទ្យុ​សំបុកឃ្មុំ បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​របស់​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ចោទប្រកាន់​រដ្ឋាភិបាល​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

នៅ​មាន​ហេតុផល​ជាច្រើន​ទៀត ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​វាសនា​របស់​លោក ម៉ម សូណង់ដូ និង​ទាមទារ​ជា​ចាំបាច់​អំពី​ឯករាជ្យ​ភាព​របស់​តុលាការ​កម្ពុជា។ មាត្រា ១០៩ និង ១១១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​ឯករាជ្យ និង​នៅ​ដាច់​ដោយឡែក​ពី​ប្រព័ន្ធ​នីតិប្រតិបត្តិ។

ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ បន្ទាប់​មក​ក៏​មាន​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​បរទេស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

ការ​ចាប់​ខ្លួន​នេះ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា នេះ​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កាតព្វកិច្ច​នៃ​ការ​បែង​ចែក​អំណាច រវាង​អង្គ​នីតិប្រតិបត្តិ និង​តុលាការ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូចជា​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ មិន​ត្រូវ​បាន​ប្រទេស​កម្ពុជា​គោរព​នោះ​ទេ។

លោក ម៉ម សូណង់ដូ ធ្លាប់​បាន​ជាប់ពន្ធនាគារ​ចំនួន​ពីរ​ដង​រួច​មក​ហើយ គឺ​លើក​ទី​១ កាល​ពី​ឆ្នាំ​២០០៣ លោក​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​សប្ដាហ៍។ នៅ​ក្នុង​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​គុក ចំនួន ៣​ខែ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ បន្ទាប់ពី​លោក​បាន​ចាក់​បទសម្ភាសន៍​របស់​លោក​ជាមួយ​ លោក ស៊ាង ប៉ែងសែ អំពី​សន្ធិសញ្ញា​បោះ​បង្គោល​ព្រំដែន​ទ្វេភាគី​មួយ ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើ​ជាមួយ​ប្រទេស​វៀតណាម។

ក្រុម​អ្នក​វិភាគ និង​សាធារណជន​នឹង​រង់ចាំ​មើល​ទៀត​ថា តើ​តុលាការ​នឹង​រក​យុត្តិធម៌​ជូន​លោក​ដែរ​ទេ នៅ​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះក្ដី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​នេះ?

ក្រុម​អ្នកវិភាគ​ព្រួយបារម្ភ​ថា បើ​សិន​ជា​តុលាការ​មិន​ឯករាជ្យ​កាត់​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ទោស​នោះ ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​របស់​លោក​ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា​ដើម្បី​ឲ្យ​ដំណើរការ​ដែរ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក​មិន​បិទ​វិទ្យុ​សំបុកឃ្មុំ​ក៏ដោយ ពីព្រោះ​ថា លោក ម៉ម សូណង់ដូ ជា​ស្ថាបនិក និង​ជា​អ្នក​រក​ថវិកា​ផ្គត់ផ្គង់​វិទ្យុ​របស់​លោក​ដ៏​សំខាន់ ដែល​គេ​ចាត់​ទុក​ថា ជា​វិទ្យុ​ឯករាជ្យ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

រករឿងលោកតាមានអីចំណេញស្អី?អើបើថាចែកការគ្នាធើ្វកុំ
អោយទំនេរ មែ៎ន។លោកតាជាអ្នកសង្រ្គាមផ្នែកខាងជួយលើក
ស្ទួយជាតិនឹងរាស្រ្តខ្មែរឯពួកអាផ្កាយអាលោកខែជាអ្នកសង្រ្គាម
ស៊ិសាច់ហុតឈាមរាស្រ្ត(គេពូជអ្នកលេង)ដូចលោកបណ្ឌិត
ធ្លាប់អួតពីកូនខ្លួនថា​'អានេះចេញមកអ្នកសង្គ្រាមតាហ្មង'

Sep 10, 2012 11:46 PM

កូនខ្មែរ

ពី ភ្នំពេញ

មើលទៅដូចជាពិបាករួចខ្លួនណាស់ចំពោះលោក ម៉ម សុណង់ដូ បើព្រឹកម៉ិញប៉ូលីសបិទជិតយ៉ាងនេះនៅមុខតុលាការ សូម្បីអ្នកសារពត៌មានអន្តរជាតិក៏នៅក្រៅដែរនោះ។ នៅស្រុកខ្មែរអ្នកមានអំណាចគេមិនប្រើច្បាប់ទេ។

Sep 10, 2012 10:00 PM

អ្នក​អាន​អនាមិក

បុរសស្រលាញ់អំណាចផ្កាប់មុខ មិនស្គាល់ថាអ្វីជាកិត្តិយសជាតិនោះទេ!

Sep 10, 2012 09:06 PM

ទស្សនៈកូនខ្មែរ

ករណីលោកម៉ម សូណង់ដូគឺៈ រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយគណៈបក្សប្រជាជន ដែលមានសម្តេចទាំងបីជាប្រមុខនេះ កំពុងតែកើតជំងឺមួយឈ្មោះថាៈ (ជំងឺខ្លាចចាញ់)ដូចជំងឺរបស់មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ៍កាលពីជាង៣០ឆ្នាំមុនដែរ។ ដូច្នេះពួកគាត់ត្រូវតែខំ បិទបាំង ទប់ស្កាត់ និងរកគ្រប់វីធី ដើម្បីរក្សារឥទ្ធិពល និងអំណាចរបស់ពួកគាត់អោយស្ថិតជាអមតៈ​ ដោយមិនចាប់អារម្មណ៍លើយុត្តិធម៌សង្គម និងភាពយូរអង្វែងនៃជាតិខ្មែរឡើយ។

Sep 10, 2012 08:37 PM

អ្នក​អាន​អនាមិក

Hun Sen govt is incompetent to resolve internal problem peacefully so Hun Sen orders court to suppress people.
Instead of taking care the real threat such as forest destruction,land dispute, rice production(ration and food),and the active crime etc...,he deviates public attention to different matters.

Sep 10, 2012 09:55 AM

មើល​មតិ​ទាំង​អស់.