ម្ដាយ​ពល​ការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​សង្គ្រោះ​កូន​ស្រី

ការ​ចរចា​បង្កើត​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ។
ដោយ មណ្ឌល កែវ
2012-10-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម្ដាយ​ពលករ ៣០៥
អ្នកស្រី អែម សុខុម អាយុ ៦០​ឆ្នាំ ម្ដាយ​របស់​ពលការិនី ឆឺយ សុភ័ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៤ តុលា ឆ្នាំ​២០១២។
RFA/Mondulkeo

ករណី​នេះ បាន​ជំរុញ​អោយ​រដ្ឋាភិបាល​បន្ត​ការ​ផ្អាក​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​នេះ​ជា​បន្ត​ទៀត។

ទន្ទឹម​គ្នា​នេះ ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​នេះ បាន​ប្រឈម​នឹង​ការ​បង្ខិតបង្ខំ​អោយ​បន្ត​អាណត្តិ​ការងារ​ដោយ​ពុំ​ស្រប​ច្បាប់។

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ម្ដាយ​របស់​ពល​ការិនី​ម្នាក់ ដែល​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាង ២ឆ្នាំ​មក​ហើយ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កូន​ស្រី ព្រោះ​មាន​ដំណឹង​ថា កូន​គាត់​កំពុង​មាន​ការ​លំបាក ដោយ​រង​ការ​ធ្វើ​បាប​ខ្លាំង​ពី​ម្ចាស់​ផ្ទះ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ អែម សុខុម អាយុ ៦០ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរត្រាវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ជា​ម្ដាយ​បង្កើត​របស់​ពល​ការិនី​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ឆឺយ សុភ័ណ្ឌ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី១៣ តុលា កន្លង​ទៅ កូន​ស្រី​គាត់​បាន​ផ្ដាំ​តាម​ពល​ការិនី​ឈ្មោះ លឿង ញ៉ាញ់ ដែល​ធ្វើ​ការ​ជាមួយ​កូន​គាត់​នៅ​ម៉ាឡេស៊ី ហើយ​ទើប​តែ​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​នោះ​ថា ឲ្យ​ជួយ​យក​នាង​មក​វិញ​ផង ព្រោះ​ថៅកែ​ធ្វើ​បាប​នាង​ខ្លាំង​ណាស់៖ «ដេញ​ឲ្យ​កូន​ខ្ញុំ​ចេញ កូន​ខ្ញុំ​អត់​ព្រម វា​អូស​ចេញ។ គេ​ធ្វើ​បាប​រហូត​គេ​ព្យាយាម​បណ្ដេញ​កូន​ខ្ញុំ​ចេញ​ពី​ផ្ទះ​គេ ដើម្បី​រួច​ពី​ការ​បង់​លុយ​ឈ្នួល​ឲ្យ​កូន​ខ្ញុំ។ ខ្ញុំ​ឥឡូវ​បារម្ភ​ពី​កូន​ស្ទើរ​ឆ្កួត​ទៅ​ហើយ»

ពល​ការិនី​ឈ្មោះ លឿង ញ៉ាញ់ មាន​ទីលំនៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ទើប​តែ​ត្រឡប់​មក​ពី​ម៉ាឡេស៊ី កាល​ពី​សប្ដាហ៍​មុន នាង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២ តុលា ថា ពល​ការិនី​ឈ្មោះ ឆឺយ សុភ័ណ្ឌ កំពុង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​នាង​ចង់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ តែ​ថៅកែ​មិន​ព្រម​ឲ្យ​មក៖ «បង ភ័ណ្ឌ ហ្នឹង គាត់​ធ្វើ​ការ​ដូច​ប្រុស​អ៊ីចឹង។ គាត់​លើក​ស្ករ លើក​ម្សៅ តែ​គេ​អត់​គិត​ពី​គាត់​ទេ ឲ្យ​តែ​អី​បន្តិច គេ​ដេញ​គាត់​ចេញ​ពី​ផ្ទះ។ បង ភ័ណ្ឌ គាត់​លុត​ជង្គង់​អង្វរ ហើយ​គេ​នៅ​តែ​មិន​ព្រម។ ឲ្យ​តែ​កម្មករ​ណា​ធ្វើ​អី​ខុស គេ​ចេះ​តែ​ទម្លាក់​មក​លើ​ពីរ​នាក់​ខ្ញុំ។ ប្រមាថ​រក​ទិញ​ថ្នាំ​សម្រើប​ឲ្យ​ពួក​ខ្ញុំ​លេប ដើម្បី​ឲ្យ​ដេក​ជាមួយ​ប្រុស ហើយ​បណ្ដេញ​ឲ្យ​ទៅ​ផ្ទះ​វិញ។ ឥឡូវ​នៅ​តែ​បង ភ័ណ្ឌ ម្នាក់​ឯង​មិន​ដឹង​ជា​យ៉ាង​ណា​ទេ គាត់​ខ្លាច​តែ​រឿង​គេ​ធ្វើ​អ៊ីចឹង»

តាម​ឯកសារ​បញ្ជាក់​ថា ពល​ការិនី​ឈ្មោះ ឆឺយ សុភ័ណ្ឌ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន​ហ្វ៊ីលីម័រ (PHILIMORE Cambodia)។ រយៈពេល​ជាង ២ឆ្នាំ​នេះ ពល​ការិនី ឆឺយ សុភ័ណ្ឌ ធ្លាប់​បាន​ទូរស័ព្ទ​មក​គ្រួសារ​បាន​ពីរ​ដង។ ម្ដង កាល​ពី​ឆ្នាំ​២០១១ និង​លើក​ចុង​ក្រោយ​នេះ គឺ​កាល​ពី​ថ្ងៃ​ទី២៨ កញ្ញា ឆ្នាំ​២០១២ ដែល​នាង​បាន​ប្រាប់​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​ថៅកែ ហើយ​សុំ​ឲ្យ​ម្ដាយ​នាង​រក​មធ្យោបាយ​ជួយ​យក​នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។

ទាក់​ទិន​ចំពោះ​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន គឺ​អ្នកស្រី ក្ដាន់ សុផល បាន​ជំរុញ​ឲ្យ​គ្រួសារ​ពល​ការិនី​ដែល​កំពុង​មាន​បញ្ហា​បាត់​ដំណឹង ឬ​ទទួល​រង​ការ​ធ្វើ​បាប​ពី​ថៅកែ​នោះ មក​ដាក់​ពាក្យ​បណ្ដឹង ដើម្បី​អ្នកស្រី​មាន​មូលដ្ឋាន​ក្នុង​ការ​ជួយ​សង្គ្រោះ៖ «ឲ្យ​គាត់​មក​ដាក់​ពាក្យ​បណ្ដឹង​មក​ខ្ញុំ ដើម្បី​ស្រួល​ខ្ញុំ​ស្រាវជ្រាវ។ ខ្ញុំ​ធ្វើ​បែប​បទ​រួច​បញ្ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ខាង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន។ អត់​អី​ទេ ឲ្យ​តែ​ស្គាល់​ក្រុមហ៊ុន យើង​អាច​ជួយ​គាត់​បាន»

ដូច​គ្នា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ជំរុញ​ឲ្យ​គ្រួសារ​ពល​ការិនី​រូប​នេះ​មក​កាន់​ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​បំពេញ​បែប​បទ​ផ្សេងៗ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​មជ្ឈមណ្ឌល​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ៖ «ម្ដាយ​ឪពុក ឬ​ក៏​អាណាព្យាបាល គាត់​មក​ជួប​ខាង​ខ្ញុំ​មក យើង​នឹង​ជួយ​គាត់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង។ រួច​យើង​ទាក់​ទង​ជាមួយ​ដៃគូ​យើង​នៅ​ម៉ាឡេស៊ី ហើយ​ប្រសិន​បើ​ពល​ការិនី​នោះ​ត្រូវ​គេ​ធ្វើ​បាប​មែន ដៃគូ​យើង​នៅ​ម៉ាឡេស៊ី គេ​នឹង​ទាក់​ទង​ជាមួយ​អាជ្ញាធរ​នៅ​ម៉ាឡេស៊ី រួច​គេ​ចុះ​ទៅ​ជួយ​ពល​ការិនី​នោះ​តែ​ម្ដង»

លោក មឿន តុលា មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ដែល​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​មាន​កិច្ច​ព្រមព្រៀង​នេះ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ជួប​ការ​លំបាក​ជាច្រើន ដែល​កើត​ឡើង​ដោយ​សារ​ការ​បង្ខិតបង្ខំ​អោយ​បន្ត​កិច្ច​សន្យា​ដោយ​ខុស​ច្បាប់។ លោក​ថា ពួក​គេ​ប្រឈម​នឹង​ការ​ទទួល​ទោស​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​នេះ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​បន្ត​កិច្ច​សន្យា​ណា​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល