សំឡេងទះដៃគាំទ្រលោកស្រី មូរ សុខហួរ ក្នុងបរិវេណគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ គឺជាការអបអរចំពោះលោកស្រីដែលមិនព្រមបង់ប្រាក់ពិន័យចំនួនជាង ១៦លានរៀល ដែលចាញ់ក្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក៏ប៉ុន្តែទន្ទឹមនឹងនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ បានចុះហត្ថលេខាក្នុងញត្តិមួយស្នើឲ្យព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រោសប្រទានការលើកលែងទោសឲ្យតំណាងរាស្ត្រគណបក្សជំទាស់លោកស្រី មូរ សុខហួរ បន្ទាប់ពីការកំណត់ការបង់ប្រាក់ពិន័យតុលាការត្រូវបានផុតកំណត់រួចមក។
មន្ត្រីតុលាការ និងសមត្ថកិច្ចកម្ពុជា បានព្រមានរួចមកហើយថា ពួកគេនឹងចាប់លោកស្រី មូរ សុខហួរ ដាក់ពន្ធនាគារ ដើម្បីបង្ខំឲ្យលោកស្រីសងប្រាក់ពិន័យចំនួន ១៦,៥លានរៀលក្នុងករណីបរិហារកេរ្តិ៍លោក ហ៊ុន សែន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីស្នាក់ការគណបក្ស អ្នកនាំពាក្យរបស់គណបក្សជំទាស់ លោក យឹម សុវណ្ណ បានស្នើសុំឲ្យព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសឲ្យលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ឲ្យរួចផុតពីការចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញ និងតុលាការខេត្តស្វាយរៀង ពីព្រោះការចោទប្រកាន់ទាំងពីរនេះ ជាករណីនយោបាយ។
ញត្តិរបស់អ្នកតំណាងរាស្ត្រដែលថ្វាយទៅព្រះមហាក្សត្រ បានសរសេរថា ករណីរបស់លោកស្រី មូរ សុខហួរ ជាមួយលោក ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានរិះគន់ថា ជាការកាត់ទោសទៅដោយភាពអយុត្តិធម៌ ដោយសារចៅក្រមគ្រប់ជាន់ថ្នាក់ពុំមានឯករាជ្យ និងអព្យាក្រឹតភាពក្នុងសេចក្ដីសម្រេចរបស់ខ្លួន។ ដូចគ្នានេះដែរ ការជំនុំជម្រះក្ដីលើបណ្ដឹងចោទប្រកាន់លោក សម រង្ស៊ី ពាក់ព័ន្ធការដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង ត្រូវបានគេរិះគន់ថា មានភាពអយុត្តិធម៌ និងមានភាពលម្អៀង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោកស្រី មូរ សុខហួរ បានបញ្ជាក់ជាចុងក្រោយថា លោកស្រីរង់ចាំការនាំខ្លួនរបស់តុលាការរាជធានីភ្នំពេញ។ លោកស្រីនឹងបន្តការងារធម្មតារបស់លោកស្រី ទោះបីជាការកំណត់សងប្រាក់ពិន័យ នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះក៏ដោយ។ លោកស្រីប្រកាសធ្វើសង្គ្រាមដោយអហិង្សាដើម្បីទាមទារយុត្តិធម៌ សម្រាប់ប្រជាជនក្រីក្រដែលកំពុងរងគ្រោះដោយសារតែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ កក្កដានេះថា សមត្ថកិច្ចនៅមិនទាន់បានទទួលដីកានាំខ្លួនរបស់លោកស្រី មូរ សុខហួរ នៅឡើយទេ។
ប្រធានស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី ណាវី ភីល័យ (Navy Pillay) កាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា ហៅករណីរបស់លោកស្រី មូរ សុខហួរ ថា ជាករណីនយោបាយ។ ករណីនេះបានបង្ហាញថា ជាការប្រកាសអាសន្នចំពោះការធ្លាក់ចុះនៃសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។
លោកស្រី ណាវី ភីល័យ បានបន្ថែមថា លោកស្រី មូរ សុខហួរ ជាជនរងគ្រោះក្នុងការទាមទារយុត្តិធម៌សម្រាប់ខ្លួនលោកស្រី ដែលត្រូវលោក ហ៊ុន សែន ប្រើពាក្យមិនសមរម្យដាក់លោកស្រី។
អ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះថា សមត្ថកិច្ចរដ្ឋាភិបាលនឹងអនុវត្តការសម្រេចរបស់តុលាការជាការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ លោកថា ការសម្រេចរបស់តុលាការគ្មានការជ្រៀតជ្រែកចូលពីសំណាក់អ្នកនយោបាយទេ។
សមត្ថកិច្ចកម្ពុជា នៅមិនទាន់ឃាត់ខ្លួនលោកស្រី មូរ សុខហួរ នៅឡើយទេ មកទល់នឹងម៉ោង ៤រសៀលថ្ងៃទី១៥ ខែកក្កដានេះ៕