អ្នកតំណាងរាស្ត្ររូបនេះ ឲ្យដឹងថា អ្នកស្រីនឹងត្រូវរដ្ឋសភាផ្ដល់អភ័យឯកសិទ្ធិជូនវិញ បន្ទាប់ពីតុលាការផ្ដល់នីតិសម្បទាឡើងវិញ។
អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា អ្នកស្រីហាក់មិនមានការភ្ញាក់ផ្អើលនឹងការផ្ដល់នីតិសម្បទារបស់តុលាការ ជូនអ្នកស្រីវិញនោះឡើយ។
អ្នកស្រីអះអាងថា តាមពិត ការដកអភ័យឯកសិទ្ធិរបស់អ្នកស្រីដោយរដ្ឋសភាក្ដី ការកាត់ទោសរបស់តុលាការឲ្យអ្នកស្រីចាញ់ក្ដី រឿងទាំងនេះមិនគួរកើតឡើងលើអ្នកស្រីនោះឡើយ តែដោយសារតុលាការមិនយុត្តិធម៌ និងមានភាពលំអៀងទៅកាន់អ្នកមានអំណាចនោះ ដូច្នេះទើបអ្នកស្រីត្រូវតុលាការកាត់ទោសអ្នកស្រីឲ្យចាញ់ក្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវរដ្ឋសភាដកអភ័យឯកសិទ្ធិអ្នកស្រីអស់រយៈពេល៣ឆ្នាំ។
ទោះយ៉ាងណា អ្នកស្រីអះអាងថា អ្នកស្រីនឹងត្រូវរដ្ឋសភាផ្ដល់អភ័យឯកសិទ្ធិវិញ បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ បានផ្ដល់នីតិសម្បទាជូនអ្នកស្រីបាន៣០ថ្ងៃ។
ទាក់ទងនឹងការដកអភ័យឯកសិទ្ធិរបស់អ្នកស្រី មូរ សុខហួរ នាពេលកន្លងមកនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា ភាពមិនច្បាស់លាស់នៃនីតិវិធីច្បាប់ស្ដីពីការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ បានផ្ដល់លទ្ធភាពច្រើនដល់តុលាការក្នុងការដាក់ការចោទប្រកាន់មកលើអ្នកតំណាងរាស្ត្រ ហើយកត្តានេះ ធ្វើឲ្យអ្នកតំណាងរាស្ត្រមានសិទ្ធិតិចតួច ក្នុងការបញ្ចេញមតិ។
ហេតុនេះ លោកសុំឲ្យរដ្ឋសភាធ្វើយ៉ាងណាអនុម័តច្បាប់ស្ដីពីនីតិវិធី ក្នុងការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយករឿងបន្តិចបន្តួចជាលេសផ្នែកនយោបាយ សម្រាប់ដាក់ការចោទប្រកាន់លើអ្នកតំណាងរាស្ត្រណាមួយនោះ។
អ្នកស្រី មូរ សុខហួរ បានប្ដឹងផ្ដល់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងរឿងរ៉ាវដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយនៅដើមខែមេសា ឆ្នាំ២០០៩ ថា ស្រីជើងខ្លាំង ហើយពាក្យដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយនេះ ត្រូវអ្នកស្រី មូរ សុខ ចាត់ទុកថា លោក ហ៊ុន សែន បាននិយាយសំដៅដល់អ្នកស្រី។
បន្ទាប់មក អ្នកស្រីបានធ្វើពាក្យបណ្ដឹងប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។ ចំណែកឯការប្ដឹងផ្ដល់នេះ ត្រូវតុលាការកាត់ក្ដីឲ្យអ្នកស្រីចាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយតុលាការតម្រូវឲ្យអ្នកស្រីបង់ប្រាក់ចំនួន ៤.០០០ដុល្លារ។
ក្នុងនោះ ប្រាក់ចំនួនពាក់កណ្ដាលត្រូវបង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពាក់កណ្ដាលទៀតត្រូវបង់ឲ្យរដ្ឋ។ ក្រោយពីការចាញ់ក្ដីនោះ អ្នកស្រីបានដាក់ពាក្យសុំឲ្យតុលាការផ្ដល់នីតិសម្បទាជូនអ្នកស្រីវិញ ប៉ុន្តែតុលាការពន្យាររហូតដល់ថ្ងៃទី៣ សីហា ទើបផ្ដល់នីតិសម្បទាជូនអ្នកស្រីវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។