មន្ត្រី​ប៉ូលិស​មណ្ឌលគិរី ត្រូវ​បាន​ចោទ​ថា​គំរាម​ក្មេង

នៅ​ខេត្តមណ្ឌលគិរី សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ដាក់ដាំ​រាយការណ៍​ថា មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​មួយ​រូប បាន​យក​អាវុធ​ចូល​ភូមិ​ដោយ​គ្មាន​បេសកកម្ម ហើយ​បាញ់​កាំភ្លើង​គំរាម​ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង​ភូមិ ដោយសារ​ខឹង​ជា​មួយ​ក្មេង​ប្រកែក​មិន​ព្រម​លី​គ្រឿង​សង្ហារិម​ដាក់​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​នោះ។
ដោយ រដ្ឋា វីសាល
2012-09-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អំពើ​បាញ់​គំរាម​នេះ​ក្រុម​សហគមន៍​ចាត់​ទុក​ថា​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស គំរាម​កំហែង​ទៅ​លើ​ស្មារតី​កុមារ និង​ប៉ះពាល់​ដល់​គោល​នយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព។

ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​ស្នងការ​ប៉ូលិស​ខេត្ត​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់ ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ក្មេង​ប្រុស​ក្នុង​ភូមិ​ដោយ​បំពាន​ច្បាប់។

មន្ត្រី​ប៉ូលិស​រង​ការ​ចោទ​ប្រកាន់​នោះ​មាន​ឈ្មោះ ជឹម វ៉ន ជា​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​១២១ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី។ ចំណែក​ក្មេង​ប្រុស​ដែល​អះអាង​ថា​ជា​ជន​រងគ្រោះ​មាន​ឈ្មោះ ពុល សំណាង អាយុ​១៥​ឆ្នាំ ជា​កូន​ប្រជា​ពល​រដ្ឋ​សហគមន៍​ភូមិ​ពូនរ៉ែង។

ប្រធាន​សហគមន៍ លោក ពើល ធិ មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា កន្លង​ទៅ លោក ជឹម វ៉ន ប្រដាប់​ដោយ​អាវុធ​អាកា​៤៧ (AK47) មួយ​ដើម និង​អាវុធ​ខ្លី​មួយ​ដើម​បាន​ចូល​មក​ដល់​រោង​សិប្បកម្ម​ធ្វើ​គ្រឿង​សង្ហារិម​មួយ​ឋិត​ក្នុង​ភូមិ​ពួនរ៉ែង ហើយ​បាន​ប្រាប់​ឲ្យ​ក្មេង​ឈ្មោះ ពុល សំណាង នៅ​ក្បែរ​នោះ​លី​កៅអី​តុក្កតា​ដាក់​រថយន្ត​របស់​លោក។ ចំណែក​ក្មេង​នោះ​បាន​ប្រកែក ដោយ​បញ្ជាក់​ថា គេ​មិន​អាច​លី​កៅអី​ដាក់​រថយន្ត​បាន​ទេ ក៏​ប៉ុន្តែ​លោក ជឹម វ៉ន បាន​បង្ខំ​ឲ្យ​ក្មេង​នោះ​លី​កៅអី​រហូត​បាន​សំរេច ហើយ​លោក​បាន​ហ៊ុច​ប្រាក់ ៥​ពាន់​រៀល​ទៅ​ឲ្យ​ក្មេង​ប្រុស​នោះ។ បន្ទាប់​មក លោក​បាន​យក​កាំភ្លើង​វែង​បាញ់​ទៅ​លើ​ចំនួន​បី​គ្រាប់ បន្ទាប់​ពី​ក្មេង​នោះ​បាន​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សារ​ខឹង​នឹង​ក្មេង​ប្រុស​នោះ។

ប្រធាន​សហគមន៍ លោក ពើល ធិ បន្ត​ថា នេះ​គឺ​ជា​អំពើ​ប្រើ​ប្រាស់​អាវុធ​បាញ់​បោះ​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ភ័យ​ខ្លាច និង​គំរាម​កំហែង​ស្មារតី​ក្មេង​ប្រុស​នោះ​ទៀត​ផង ៖ "ខាង​សហគមន៍​ខ្ញុំ​គឺ​សំណូមពរ​អញ្ចេះ ច្បាប់​ចេញ​មក​ខែ​៨ ថ្ងៃ​២៩ ហើយ​គេ​ថា បទ​ល្មើស​ទាំង​ឡាយ​គ្រប់​ប្រភេទ កាន់​កាំភ្លើង​ខុស​ច្បាប់​ក៏​អត់​បាន​ដែរ ដល់​អ៊ីចឹង​ទៅ​ខុស​ពី​ច្បាប់ ហើយ​រំលោភ​សិទ្ធិ​កុមារ​ទៀត។ ច្បាប់​មាន​ហើយ​នៅ​រំលោភ​ច្បាប់​ទៀត អ៊ីចឹង​សូម​មេត្តា​ធ្វើ​ម៉េច​ធ្វើ​តាម​ផ្លូវ​ច្បាប់"

វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អាទិត្យ​នេះ​មិន​អាច​ទាក់​ទង​លោក ជឹម វ៉ន សុំ​ការ​បំភ្លឺ​ពី​ករណី​ចោទ​ប្រកាន់​នេះ​បាន​ទេ។

មេ​ឃុំ​ដាក់ដាំ លោក សំ វ៉ាន្នី ទទួល​ស្គាល់​ថា សេចក្តី​រាយ​ការណ៍​របស់​សហគមន៍​គឺ​ជា​ការ​ពិត ពី​ព្រោះ​អាជ្ញាធរ​ឃុំ​បាន​ចុះ​អង្កេត​ធ្វើ​កំណត់​ហេតុ​ពី​ករណី​នេះ​ដែរ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ឃាត់​ខ្លួន ឬ​ដក​ហូត​អាវុធ​ពី​មន្ត្រី​ប៉ូលិស​នោះ​បាន​ទេ។

លោក​កត់​សំគាល់​ថា ការ​បាញ់​គំរាម​ក្មេង​ប្រុស​ក្នុង​ភូមិ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៖ "ខ្ញុំ​ចាត់​វិធានការណ៍ ខ្ញុំ​ប្រាប់​ទៅ​ខាង​កង​រាជ​អាវុធហត្ថ ខ្ញុំ​ប្រាប់​កង​កម្លាំង​កត់​កំណត់​ហេតុ​ហើយ គេ​ត្រឡប់​ទៅ​វិញ។ យ៉ាង​ម៉េច​ពេល​ខាង​មុខ​ស្រេច​តែ​គេ​ខាង​លើ​ទៅ យើង​ហ្នឹង​គ្មាន​សមត្ថភាព​ឯណា គេ​អាង​អំណាច​គេ​អ្នក​ណា​ហ៊ាន"

ស្នងការ​ប៉ារីស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​របាយការណ៍​ស្ដីពី​ករណី​នេះ និង​បាន​កោះ​ហៅ​លោក ជឹម វ៉ន ឲ្យ​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ប៉ូលិស នៅ​ថ្ងៃ​ច័ន្ទ​សបា្តហ៍​ក្រោយ​នេះ។

លោក​បន្ត​ថា កង​កម្លាំង​នគរបាល​មាន​បទ​បញ្ជា និង​វិន័យ​តឹងរ៉ឹង​ណាស់ ហេតុ​នេះ​ប្រសិន​រក​ឃើញ​ថា​លោក ជឹម វ៉ន ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​កង​នគរបាល ក្រុម​ប្រឹក្សា​វិន័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​នឹង​ដាក់​វិន័យ​ទៅ​តាម​គោលការណ៍​ច្បាប់ ៖ "វិន័យ​កង​កម្លាំង​មិន​ដែល​ឲ្យ​មន្ត្រី​នគរបាល​ធ្វើ​អ៊ីចឹង​ទេ។ ឥឡូវ​យើង​ស្រាវជ្រាវ​សិន ព្រោះ​ខាង​ប្រធាន​វរៈ​គេ​ក៏​បាន​រាយ​ការណ៍​មក​ខ្ញុំ​ដែរ​តាំង​ពី​ម្សិល​មិញ។ អ៊ីចឹង​ពាក់ព័ន្ធ​បញ្ហា​នេះ​ខ្ញុំ​ឲ្យ​ការិយាល័យ​បុគ្គលិក​ហ្នឹង​កោះ​អញ្ជើញ​មក​បញ្ហា​ពាក់ព័ន្ធ​រឿង​បាញ់​បោះ​សេរី អ៊ីចឹង​មែន​អា​ហ្នឹង​យើង​ចាត់​ការ​ទៅ​តាម​វិន័យ​របស់​កង​កម្លាំង​យើង"

រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៩ បាន​ដាក់​ចេញ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពល​រដ្ឋ និង​បុគ្គល​អង្គការ​សង្គម​ស៊ីវិល​សហការ​អនុវត្ត​ក្នុង​គោល​បំណង​ទប់​ស្កាត់ និង​លប់​បំបាត់​សកម្មភាព​លួច​ឆក់​ប្លន់ សកម្មភាព​ជួញ​ដូរ​ស្ត្រី និង​កុមារ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ សកម្មភាព​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​បទ​ល្មើស​គ្រប់​ប្រភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនដឹងថាករណីេនះ,ឥឡូវបានស
ំរាច់យ៉ាងណាហើយ

Sep 17, 2012 10:06 PM