កាលពីថ្ងៃទី៨ ខែកក្កដា ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសលទ្ធផលស្រាវជ្រាវនៃមូលហេតុស្លាប់របស់កុមារចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩នាក់ មិនមែនស្លាប់ ៦៤នាក់ ក្នុងចំណោម ៦៦នាក់ ដែលបានចេញផ្សាយពីមុនរបស់ភ្នាក់ងារព័ត៌មានមួយចំនួននោះឡើយ។
វិទ្យាស្ថានប៉ាស់ស្ទ័រ បានធ្វើពិសោធន៍ឈាមរបស់កុមារចំនួន ២៤នាក់ ដែលមានរោគសញ្ញានៃជំងឺនេះ។ លទ្ធផលបានបង្ហាញថា កុមារ ១៦នាក់មានមេរោគ អេនថឺរ៉ូ វីរុសប្រភេទ ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV-71។ មិនមែនជាមេរោគ H5N1 នៃជំងឺផ្ដាសាយបក្សី ឬមេរោគជំងឺសាស (SARS) និងជំងឺនីប៉ា នោះឡើយ។
វីរុស EV-71 ដែលជាមូលហេតុនៃជំងឺចម្លែកម្យ៉ាង ហៅថា ជំងឺពងបែកជើង និង មាត់ ដែលកើតឡើងចំពោះកុមារនេះ គឺមានរោគសញ្ញាពងបែកនៅដៃជើង និងក្នុងមាត់ (HFMD)។ អ្នកមាន វីរុសEV-71ធ្ងន់ធ្ងរ បណ្ដាលឲ្យអ្នកជំងឺកម្រើកខ្លួនមិនរួច ហើមខួរក្បាល និងស្លាប់។ ភាគច្រើនកុមារកម្ពុជា ដែលស្លាប់ចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩នាក់នោះ គឺមានអាយុ ក្រោម ៣ឆ្នាំ ដែលបណ្ដាលឲ្យគ្រុនក្ដៅខ្លាំង និងមានបញ្ហាផ្លូវដកដង្ហើមធ្ងន់ធ្ងរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ជំងឺពងបែកជើង និងមាត់នេះ គឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ក្អក កណ្តាស់ និងប៉ះទឹករងៃពងបែក ឬលាមកដែលមានមេរោគ ឬ វីរុសEV-71។ លោកបន្តថា បច្ចុប្បន្ននេះគេពុំមានវ៉ាក់សាំង ការពារនិងព្យាបាលឡើយ។ ប៉ុន្តែជាធម្មតា អ្នកកើតជំងឺប្រភេទនេះមានសភាពស្រាលទេ ហើយភាគច្រើនកុមារអាចជាសះស្បើយវិញ ដោយពុំមានបញ្ហាអ្វីឡើយ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបន្តថា បច្ចុប្បន្នមិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកដៃ ជើង និងមាត់ទេ។ ឪពុកម្ដាយគួរស្វែងរកដំបូន្មានពីបុគ្គលិកសុខាភិបាល ប្រសិនបើកូនក្ដៅខ្លួន ក្អួត និងទន់ដៃជើង។ អ្នកជំងឺគួរបរិភោគទឹក ឬវត្ថុរាវឲ្យបានច្រើន។
ចំណែកបុគ្គលិកសុខាភិបាលវិញគួរព្យាបាលអ្នកជំងឺតាមរោគសញ្ញា និងមិនត្រូវប្រើថ្នាំ ស្តេរ៉យ ឡើយ។ សំរាប់ព័ត៌មានបន្ថែមអំពីជំងឺនេះ សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឥតគិតថ្លៃ ឬទូរស័ព្ទលេខ ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧។
ទាក់ទងនឹងជំងឺប្រភេទ EV-71 ឬជំងឺដៃជើង និងមាត់នេះ នៅប្រទេសវៀតណាមវិញ ក៏បានផ្ទុះឡើងកាលពីឆ្នាំមុន ដែលបណ្ដាលឲ្យពលរដ្ឋវៀតណាម ជាង ១១ម៉ឺននាក់ឈឺ និងបានសម្លាប់មនុស្សចំនួន ១៦៦នាក់ ក្នុងនោះភាគច្រើនជាកុមារ។ ចំណែកនៅប្រទេសចិនវិញ ក្នុងអំឡុងឆ្នាំ២០១២ នេះ ក៏មានមនុស្សស្លាប់ចំនួន ២៤០នាក់ផងដែរ ដោយសារមេរោគ ឬ វីរុសEV-71នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។