ការសម្រេចអនុម័តរបស់រដ្ឋសភា ត្រូវតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់ជំទាស់ ដោយពួកគេអះអាងថា ការអនុម័តរបស់រដ្ឋសភាទៅលើច្បាប់ថវិកាជាតិឆ្នាំ២០១៣ នោះ គឺអនុញ្ញាតឲ្យរដ្ឋាភិបាលចាយខ្ជះខ្ជាយខ្លាំងពេក។
បើទោះបីមានការជំទាស់ពីគណបក្សប្រឆាំងទៅលើការអនុម័តលើសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៣ យ៉ាងណាក៏ដោយ ក៏នៅរសៀលថ្ងៃទី៧ ធ្នូ រដ្ឋសភានៅតែអនុម័តលើសេចក្តីព្រាងច្បាប់នោះដដែល។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ឲ្យដឹងនៅថ្ងៃទី៧ ធ្នូ ថា ប្រការដែលនាំឲ្យគណបក្សប្រឆាំងមិនយល់ស្របលើការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៣ នោះ ដោយសារច្បាប់នេះអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់បរទេសច្រើនហួសហេតុ។ បន្ថែមលើនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលអាចរកចំណូលបានរាប់រយលានដុល្លារសហរដ្ឋអាមេរិក គ្រប់គ្រាន់ក្នុងការចំណាយសម្រាប់អភិវឌ្ឍប្រទេស មិនចាំបាច់ខ្ចីបុលបរទេសនោះឡើយ ដោយពឹងផ្អែកទៅលើវិស័យបី។ ក្នុងនោះរួមមាន ចំណូលបានមកពីការដំឡើងពន្ធលើដីសម្បទានសេដ្ឋកិច្ច ការគ្រប់គ្រងឲ្យមានតម្លាភាពទៅលើចំណូលដែលបានមកពីវិស័យទេសចរណ៍ មានន័យថា ចំណូលដែលបានមកពីប្រាសាទអង្គវត្ត និងចំណូលដែលបានមកកាស៊ីណូ។
ទោះយ៉ាងណា តំណាងឲ្យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ មានប្រសាសន៍នៅក្នុងអង្គប្រជុំសភាកាលពីព្រឹកថ្ងៃសុក្រ នេះថា មុននឹងរដ្ឋាភិបាលសម្រេចខ្ចីលុយពីបរទេសមកចាយនោះ រដ្ឋាភិបាលក៏បានគិតគូរយ៉ាងហ្មត់ចត់។ លោកថ្លែងបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ មកទល់នឹងបច្ចុប្បន្ន រដ្ឋាភិបាលបានចាយវាយដោយផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ លុយដែលបានមកពីការខ្ចីបុលបរទេសនេះ នឹងត្រូវចាយវាយយ៉ាងមានតម្លាភាព។
ច្បាប់ថវិកាជាតិឆ្នាំ២០១៣ ដែលរដ្ឋសភាទើបអនុម័តនោះ មាន ៦ជំពូក និង ១៨មាត្រា។ ច្បាប់នេះបានកំណត់ការចំណាយជាង ១២លានលានរៀល ឬប្រហាក់ប្រហែល ៣ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រមាណ៨០% បានមកពីការខ្ចីបុលពីបរទេស។
ទាក់ទងនឹងការអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលចាយថវិកាចំនួនជាង ១២លានលានរៀល (១២.០៩៥.០៧៣,៣លានរៀល) ឬប្រហាក់ប្រហែល ៣ពាន់លានដុល្លារ ដែលកើនឡើង ១២,៣២% ធៀបនឹងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ដែលស្មើនឹង ១៩,១២% នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។ នៅឆ្នាំ២០១២ ថវិកាជាតិមានចំនួនជាង ២ពាន់លានដុល្លារ (២.៦៩២លានដុល្លារ) ចំនួននេះបានកើន ១៣% ធៀបនឹងឆ្នាំ២០១១។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ លោក គាត ឈន់ បានអានសេចក្តីថ្លែងហេតុរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើជូនរដ្ឋសភា ដោយសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ នឹងបន្តផ្តល់អាទិភាពដល់ការបង្កើន និងលើកកម្ពស់គុណភាពសេវាកម្មនៅក្នុងវិស័យសង្គមកិច្ច វិស័យអប់រំ សុខាភិបាល ការកសាងធនធានមនុស្ស និងសំណាញ់សុវត្ថិភាពសង្គម រួមទាំងការបន្តអនុវត្តន៍គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ និងការបន្តជំរុញការអនុវត្តសកម្មភាពថ្មីលើគោលនយោបាយចាស់នៃកំណែទម្រង់ការគ្រប់គ្រងដីធ្លី។
លោក គាត ឈន់ បន្តថា ច្បាប់ថវិកាឆ្នាំថ្មីនេះ ក៏ដើម្បីធានាដល់ការរៀបចំការបោះឆ្នោតតំណាងរាស្ត្រ និងការបន្តជំរុញការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ច្បាប់នេះក៏មានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព័ន្ធយុត្តិធម៌ ការប្រឆាំងអំពើពុករលួយ ការអនុវត្តបន្តគោលនយោបាយដំឡើងប្រាក់បៀវត្សមូលដ្ឋានជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ២០% ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។