អគ្គទេសាភិបាលធនាគារជាតិកម្ពុជា ស្នើឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង រឹតបន្តឹងការរក្សាសន្តិសុខនៅសាខាធនាគារខេត្ត ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន ចំពោះសេវាហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលបានផ្តល់ក្តីរំពឹងទុកថា ការបើកសាខាធនាគារជាតិនៃកម្ពុជាបន្ថែមទៀត នៅខេត្តស្ទឹងត្រែង នឹងអាចបង្កើនទំនុកចិត្តរបស់សាធារណជន ចំពោះវិស័យធនាគារនៅកម្ពុជា។
មន្ត្រីទាំងនោះអះអាងថា សាខាធនាគារខេត្តនឹងបើកសេវាកម្មផ្ញើប្រាក់ ខ្ចីប្រាក់ ជូនស្ថាប័នរដ្ឋាភិបាល ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តស្ទឹងត្រែង។ ហើយស្ថាប័ននេះនឹងក្លាយជាឃ្លាំងទ្រព្យដ៏ធំជាងគេ នៅក្នុងខេត្ត ដូចនេះ ត្រូវទាមទារឲ្យអាជ្ញាធរខេត្តរក្សាសន្តិសុខឲ្យបានខ្លាំងក្លាបំផុត។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ មានប្រសាសន៍ថា រដ្ឋាភិបាលធ្វើការកែទម្រង់វិស័យធនាគារ ដោយកែសម្រួលធនាគារឯកទេសខេត្តនិមួយៗ ឲ្យទៅជាសាខាធនាគារជាតិ ដើម្បីបម្រើសេវាហិរញ្ញវត្ថុសាធារណៈឲ្យបានប្រសើរបំផុត។ លោកបន្តថា សាខាធនាគារនេះនឹងមានលទ្ធភាពផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើពីគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នរដ្ឋទូទាំងខេត្ត បន្ទាប់ពីបើកឲ្យដំណើរការ។
លោក ជា ចាន់តូ បញ្ជាក់ថា នៅពេលខាងមុខ សាខាធនាគារខេត្តស្ទឹងត្រែង នឹងទទួលបានប្រាក់បញ្ញើរាប់លានដុល្លារពីវិស័យឯកជន និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀត របស់ស្ថាប័នរដ្ឋ ដូចនេះ សុវត្ថិភាពជាបញ្ហាចំបងបំផុតដែលអាជ្ញាធរត្រូវតែយកចិត្តទុកដាក់៖ «ខេត្តស្ទឹងត្រែង អ្នកទទួលខុសត្រូវធំ គឺអភិបាលខេត្តមុនគេតែម្តង ឃ្លាំងប្រាក់ការងាររដ្ឋបាល ទំនាក់ទំនងនៅអភិបាលខេត្តទាំងអស់ អំពើអីក៏អាចកើតមានដែរ ដូចនេះ ភ្នាក់ងារនគរបាល ត្រូវតែយកចិត្តទុកដាក់ មានប្រព័ន្ធកុំព្យូទ័រថតរូបអីត្រឹមត្រូវណាស់»។
លោក ជា ចាន់តូ បន្តថា ប្រសិនទ្រព្យទុកក្នុងធនាគារបែរជាបាត់បង់នោះ មហាជនគេច្បាស់ជាលែងទុកចិត្តលើធនាគារទៀតហើយ។
ទន្ទឹមនឹងនេះ របាយការណ៍របស់លោក ងិន ប៊ុនចំរើន ប្រធានសាខាធនាគារជាតិខេត្តស្ទឹងត្រែង ឲ្យដឹងថា ធនាគារខេត្តបានបំពាក់ប្រព័ន្ធការពារអគ្គីភ័យ និងសន្តិសុខ ដូចជាបំពាក់តាមជញ្ជាំងនូវសំឡេងរោទ៍ពេលណាកម្ដៅកើនឡើង៥០អង្សា និងបំពាក់ប្រព័ន្ធទឹកស្វ័យប្រវត្តិបាញ់ ពេលមានអគ្គីភ័យជាដើម។ នៅក្នុងនោះ មានបំពាក់កាមេរ៉ាសុវត្ថិភាពទាំងក្នុង និងក្រៅអគារ ហើយប្រព័ន្ធគ្រប់គ្រងទិន្នន័យធនាគារនេះ ក៏មានបំពាក់បច្ចេកវិទ្យាទំនើបទៀតផង។
ទោះជាយ៉ាងនេះក្តី អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត មានប្រសាសន៍ថា ខេត្តស្ទឹងត្រែង ធានាបានសន្តិសុខសង្គមល្អប្រសើរហើយ ដូចនេះ ប្រព័ន្ធធនាគារក៏អាចដើរទៅមុខដោយរលូនដែរ។ លោក ឡូយ សុផាត បញ្ជាក់ថា ការងារដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមទៀតនោះ ជាការត្រួតពិនិត្យចរាចរណ៍សាច់ប្រាក់ក្រៅប្រព័ន្ធធនាគារ ទើបពលរដ្ឋអាចជឿទុកចិត្តលើធនាគារបាន៖ «យុវជនពីរនាក់កាន់ប្រាក់២០ម៉ឺនដុល្លារឆ្លងប្រទេស ការចរាចរណ៍សាច់ប្រាក់ក្រៅប្រព័ន្ធធនាគារនេះ ជាប្រភពមិនច្បាស់លាស់ នាំមកនូវផលប៉ះពាល់ដល់វិស័យធនាគារ និងសេដ្ឋកិច្ចប្រទេសទាំងមូល»។
ទាក់ទិនទៅនឹងជំនឿទុកចិត្តរបស់សាធារណជនទៅលើធនាគារជាតិនៃកម្ពុជានេះ ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត ច័ន្ទ សុផល មានប្រសាសន៍ថា ការបំពាក់ប្រព័ន្ធសុវត្ថិភាពតែមួយមុខ មិនគ្រប់គ្រាន់ទេ។ ធនាគារជាតិត្រូវតែធ្វើយ៉ាងណា រក្សាលំនឹងក្នុងប្រព័ន្ធធនាគារឲ្យបានល្អប្រសើរ មិនត្រូវបណ្តោយឲ្យស្ថាប័នហិរញ្ញវត្ថុណាមួយក្នុងប្រទេសដួលរលំ ដោយមិនបានចាត់វិធានការទប់ទល់នោះឡើយ។ លោកបន្តថា ការរក្សាតម្លៃរូបិយប័ណ្ណជាតិ (ប្រាក់រៀល) ក៏ជាហេតុផលនាំឲ្យមានជំនឿទុកចិត្តលើប្រព័ន្ធធនាគារនៅក្នុងប្រទេសដែរ។
ចំពោះបញ្ហាលើកតម្លៃប្រាក់រៀលវិញ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចបញ្ជាក់ថា នៅតាមតំបន់នានាដែលជាប់ព្រំដែនជាមួយប្រទេសជិតខាងវិញ ការប្រើប្រាស់ប្រាក់រៀលតិចជាងរូបិយប័ណ្ណបរទេស។ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ប្រជាពលរដ្ឋឲ្យតម្លៃទៅលើប្រាក់បាត។ ចំណែកនៅខេត្តតាកែវ កំពត ស្វាយរៀង ក្រុងបាវិត វិញ បែរជានិយមប្រើប្រាស់ប្រាក់ដុង។ នៅខេត្តស្ទឹងត្រែង ព្រំដែនឡាវ គេនិយាយតែប្រាក់គីបរបស់ឡាវ។
ចំណុចទាំងអស់នេះ ត្រូវបានអ្នកជំនាញអះអាងថា បណ្ដាលមកពីការដោះដូរទំនិញនៃប្រទេសទាំងពីរមិនស្មើគ្នា។ បានន័យថា ប្រទេសកម្ពុជា នាំចេញទំនិញទៅកាន់ប្រទេសទាំងបីជាប់ព្រំដែនតិចជាងប្រទេសទាំងបីនាំចូលមកកម្ពុជា។
អគ្គទេសាភិបាលធនាគារជាតិ លោក ជា ចាន់តូ ថ្លែងថា ការលើកតម្លៃប្រាក់រៀលទៅបាន អាស្រ័យលើសាធារណជនឲ្យតម្លៃលើប្រាក់រៀល។ លោកបន្តថា ធនាគារជាតិបានជំរុញរួចហើយ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ផ្តល់អត្រាការប្រាក់រៀលធំជាងអត្រាការប្រាក់ជាដុល្លារ ពេលដែលអតិថិជនដាក់ប្រាក់សន្សំ។ លោក ជា ចាន់តូ បញ្ជាក់ថា បើពលរដ្ឋប្រើប្រាស់ប្រាក់រៀលច្រើន បានន័យថា ធនាគារជាតិនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៖ «ធនាគារកណ្ដាលមានគោលនយោបាយ ធ្វើយ៉ាងណាឲ្យតម្លៃប្រាក់រៀល បើមានអតិផរណាពីរខ្ទង់ បីខ្ទង់ ប្រជាពលរដ្ឋនឹងបាត់ជំនឿ ការអភិវឌ្ឍក៏នៅទ្រឹង។ ដូចនេះ ត្រូវរក្សាស្ថិរភាពប្រាក់រៀល ហើយត្រូវធ្វើទាំងអស់គ្នា»។
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ មានករណីចរាចរណ៍សាច់ប្រាក់មិនប្រក្រតី ក្នុងគោលបំណងប្រព្រឹត្តិបទឧក្រិដ្ឋ មានទំហំទឹកប្រាក់ជិត១លានដុល្លារអាមេរិក។ តាមច្បាប់គ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា មិនអនុញ្ញាតឲ្យពលរដ្ឋទុកប្រាក់ក្នុងខ្លួន ដើម្បីឆ្លងដែនលើសពីមួយម៉ឺនដុល្លារនោះទេ។ ប្រាក់ដែលយកឆ្លងដែនមានចំនួនលើសពីមួយម៉ឺនដុល្លារ ត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធ។ ប្រាក់បញ្ញើនៅក្នុងវិស័យធនាគារនៅកម្ពុជា មានជាង៥ពាន់លានដុល្លារ។ ប្រាក់កម្ចីចំពោះវិស័យធនាគារឯកជន មានចំនួនជាង៤ពាន់លានដុល្លារ។ ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនជាង២ពាន់ពាន់លានរៀល។
នៅកម្ពុជា មានពលរដ្ឋជាង១លានគ្រួសារ ជំពាក់បំណុលធនាគារ។ ក្រុមអ្នកវិភាគសេដ្ឋកិច្ច កត់សម្គាល់ថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា ក៏អាចបង្កឲ្យពលរដ្ឋមួយចំនួនអស់ដីធ្លី ផ្ទះសម្បែង ធ្លាក់ខ្លួនក្រីក្រ លក់សងបំណុលធនាគារដែរ។ ដូចនេះ ធនាគារជាតិគួរណាស់តែបង្កើនការត្រួតពិនិត្យការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នហិរញ្ញវត្ថុ ឲ្យបានប្រសើរជាងនេះ ទើបមានការអភិវឌ្ឍពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។