រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​បើក​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ខេត្ត​សៀមរាប

បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង ១០​ប្រទេស បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ដើម្បី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​មួយ ដែល​មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ដោយ សួន សុផលមុន្នី
2012-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទៀ បាញ់ និង​ដួងចៃ ពិចិត (Douangchay Phichith) អាស៊ាន ២០១២ ៣០៥
លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជួប​ជាមួយ​លោក ដួងចៃ ពិចិត (Douangchay Phichith) (ឆ្វេង) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ នា​សណ្ឋាគារ​សុខា អង្គរ រីសត (Sokha Angkor Resort) កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA/Soun Sophalmony

គោល​បំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពង្រីក​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ច​ការងារ​សន្តិសុខ​ក្នុង​តំបន់។

នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ទទួល​ជួប​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​ជា​សមាជិក​អាស៊ាន។ ជំនួប​នេះ បាន​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​សណ្ឋាគារ​សុខា អង្គរ រីសត (Sokha Angkor Resort) ក្នុង​ខេត្ត​សៀមរាប មួយ​ថ្ងៃ​មុន​ពេល​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង​នោះ​មាន កម្ពុជា ប្រ៊ុយណេ ភូមា (មីយ៉ាន់ម៉ា) ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម។

លោក ទៀ បាញ់ បាន​ថ្លែង​ក្នុង​ជំនួប​នោះ​ថា ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី៦ ទទួល​បាន​លទ្ធផល​ជោគជ័យ អាស៊ាន​មិន​មាន​សង្គ្រាម​ ស៊ីវិល​នោះ​ទេ។ ក្រសួង​ការពារ​ជាតិ​ដែល​ជា​សមាជិក​របស់​អាស៊ាន​ទាំង ១០​ប្រទេស នឹង​បន្ត​ពង្រីក​ពង្រឹង​បន្ថែម​លើ​ការងារ​សន្តិសុខ​នយោបាយ​អាស៊ាន។

នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា នេះ​ដែរ លោក ដួងចៃ ពិចិត (Douangechay Phichith) ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ឡាវ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ ថ្លែង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ នេះ នឹង​មាន​ប្រទេស​មួយ​ចំនួន​លើក​ឡើង​ពី​បញ្ហា​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​មុន ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រទេស​ចិន បាន​លើក​យក​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង ដាក់​ចូល​ក្នុង​របៀបវារៈ​ប្រជុំ ដើម្បី​ធ្វើ​ការ​ដោះស្រាយ ប៉ុន្តែ​ប្រទេស​វៀតណាម និង​ប្រទេស​ហ្វីលីពីន បាន​ប្រឆាំង​ជំទាស់។ ដោយ​សារ​កម្ពុជា រក្សា​ជំហរ​នៅ​កណ្ដាល​នៅ​ពេល​នោះ ក៏​បាន​ផ្អឹប​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ទុក​ចោល ដោយ​សារ​សំអាង​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នោះ ពុំ​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​អាស៊ាន។

តាម​កាល​វិភាគ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ​នៅ​ខេត្ត​សៀមរាប នឹង​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥ ទី១៦ និង​ទី១៧ ខែ​វិច្ឆិកា ទើប​បញ្ចប់។ ក្រៅ​ពី​ការ​ប្រកាស​ថា អាស៊ាន គ្មាន​ទេ​សង្គ្រាម​ស៊ីវិល ហើយ​អាស៊ាន​ដែល​ប្រទេស​ទាំង​១០ ជា​សមាជិក នឹង​ខំ​ប្រឹង​ពង្រីក​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នយោបាយ​នោះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្រៅ​ផ្លូវ​ការ ថ្ងៃ​ស្អែក និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នៅ​ទីក្រុង​ភ្នំពេញ គេ​នៅ​រង់ចាំ​មើល​ថា តើ​មាន​ប្រទេស​ណា​ខ្លះ​នឹង​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល