គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារសន្តិសុខក្នុងតំបន់។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបជាមួយបណ្ដារដ្ឋមន្ត្រីក្រសួងការពារជាតិដែលជាសមាជិកអាស៊ាន។ ជំនួបនេះ បានធ្វើឡើងដាច់ដោយឡែកពីគ្នា នៅសណ្ឋាគារសុខា អង្គរ រីសត (Sokha Angkor Resort) ក្នុងខេត្តសៀមរាប មួយថ្ងៃមុនពេលចាប់ផ្ដើមកិច្ចប្រជុំរួមគ្នានៅថ្ងៃទី១៦ ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងនោះមាន កម្ពុជា ប្រ៊ុយណេ ភូមា (មីយ៉ាន់ម៉ា) ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងរដ្ឋមន្ត្រីការពារជាតិវៀតណាម។
លោក ទៀ បាញ់ បានថ្លែងក្នុងជំនួបនោះថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកទី៦ ទទួលបានលទ្ធផលជោគជ័យ អាស៊ានមិនមានសង្គ្រាម ស៊ីវិលនោះទេ។ ក្រសួងការពារជាតិដែលជាសមាជិករបស់អាស៊ានទាំង ១០ប្រទេស នឹងបន្តពង្រីកពង្រឹងបន្ថែមលើការងារសន្តិសុខនយោបាយអាស៊ាន។
នៅក្នុងជំនួបដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា នេះដែរ លោក ដួងចៃ ពិចិត (Douangechay Phichith) ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឡាវ ក៏បានលើកឡើងពីបញ្ហាជម្លោះដែនសមុទ្រចិនភាគខាងត្បូង។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នេះ នឹងមានប្រទេសមួយចំនួនលើកឡើងពីបញ្ហានេះ។
នៅក្នុងកិច្ចប្រជុំអាស៊ានលើកមុន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រទេសចិន បានលើកយកបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូង ដាក់ចូលក្នុងរបៀបវារៈប្រជុំ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បានប្រឆាំងជំទាស់។ ដោយសារកម្ពុជា រក្សាជំហរនៅកណ្ដាលនៅពេលនោះ ក៏បានផ្អឹបបញ្ហាសមុទ្រចិនខាងត្បូង ទុកចោល ដោយសារសំអាងជម្លោះដែនសមុទ្រចិនភាគខាងត្បូងនោះ ពុំស្ថិតនៅក្នុងផ្ទៃក្នុងរបស់អាស៊ាន។
តាមកាលវិភាគ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅខេត្តសៀមរាប នឹងធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ទី១៦ និងទី១៧ ខែវិច្ឆិកា ទើបបញ្ចប់។ ក្រៅពីការប្រកាសថា អាស៊ាន គ្មានទេសង្គ្រាមស៊ីវិល ហើយអាស៊ានដែលប្រទេសទាំង១០ ជាសមាជិក នឹងខំប្រឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយនោះ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ ថ្ងៃស្អែក និងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅទីក្រុងភ្នំពេញ គេនៅរង់ចាំមើលថា តើមានប្រទេសណាខ្លះនឹងលើកឡើងពីបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
