នគរបាល​ជាតិ​ហាម​ម្ចាស់​កាស៊ីណូ​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តម​សេនីយ៍ នេត្រ សាវឿន នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ ជាមួយ​ម្ចាស់​បន​ល្បែង​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា និង​ចាត់​វិធានការ​កាត់​បន្ថយ​បទ​ល្មើស​ឧក្រិដ្ឋកម្ម ដែល​បាន​កើត​មាន​កន្លង​មក​គួរ​ឲ្យ​ព្រួយ​បារម្ភ។
ដោយ សុខ សេរី
2012-08-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧត្តមសេនីយ៍ឯក សុខ ផល ៣០៥
អគ្គស្នងការ​រង​លោក​ឧត្តម​សេនីយ៍​ឯក សុខ ផល ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​ម្ចាស់​បន​ល្បែង​នៅ​កម្ពុជា​ដើម្បី​ហាមឃាត់​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង នា​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ម្ចាស់​បន​ល្បែង​ចំនួន​៦១ នៅ​ប្រទេស​កម្ពុជា បាន​ឯកភាព​ជា​គោលការណ៍​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ហាម​ឃាត់​មិន​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ ចាប់​ពី​ថ្ងៃ​ទី​នេះ​តទៅ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ឧក្រិដ្ឋកម្ម និង​ការ​ហិនហោច​ដល់​ក្រុម​គ្រួសារ​ជនជាតិ​ខ្មែរ​មួយ​ចំនួន ដែល​វក់​នឹង​ល្បែង​នោះ។

ការ​ឯកភាព​ដោយ​ផ្ទាល់​មាត់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​បិទទ្វារ​ជិត នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ នៅ​ឯ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រាជធានី​ភ្នំពេញ រយៈ​ជាង​២ម៉ោង។ មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ហៅ​ការ​ជួបជុំ​គ្នា​នេះ​ថា ដើម្បី​សុំ​ឲ្យ​ម្ចាស់​បន​ល្បែង​នានា ចូលរួម​ទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋកម្ម និង​រក្សា​សន្តិសុខ។

គេ​ឃើញ​មាន​តំណាង​កាស៊ីណូ ឈ្មោះ​ណាហ្គាវ៉េល (Naga World) កាស៊ីណូ​ហូលីដេ (Holiday) កាស៊ីណូ​ហ្គោលឌិនហ្រ្គោន (Golden Grown) និង​ម្ចាស់ ឬ​តំណាង​កាស៊ីណូ​មួយ​ចំនួន​ទៀត មក​ចូលរួម​ប្រជុំ​ដែរ។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តម​សេនីយ៍​ឯក សុខ ផល បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា កន្លង​មក​មាន​បទ​ល្មើស​ជាច្រើន​កើត​មាន​នៅ​តាម​បន​ល្បែង ដែល​នគរបាល​ជាតិ​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​បទ​ល្មើស​នោះ៖ «មាន​ការ​ចាប់​ជំរិត​គ្នា​ដើម្បី​ទារ​ប្រាក់ មាន​ការ​ដែល​វាយ​ដំ​ធ្វើ​ទារុណកម្ម​ដើម្បី​ទារ​លុយ​ជំពាក់ ឬ​ក៏​មាន​នៅ​ក្នុង​កាស៊ីណូ​នោះ មាន​អំពើ​ឃាតកម្ម អ៊ីចឹង​ថា យើង​បាន​ឯកភាព​គ្នា​ថា​រួម​ចំណែក​ការងារ​ការពារ​សន្តិសុខ។ បញ្ហា​ទីពីរ គឺ​អនុវត្ត​តាម​ស្មារតី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​លេង​ល្បែង»

លោក​បន្ត​ថា បើ​សិន​ណា​ម្ចាស់​បន​ល្បែង​ណា ល្មើស​នឹង​វិធានការ​ណែនាំ​នេះ នគរបាល​ជាតិ​នឹង​ព្រមាន​អ្នក​នោះ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង លោក​ឧត្តម​សេនីយ៍​ទោ ឆៃ ស៊ីណារិទ្ធិ បាន​មាន​ប្រសាសន៍​ថា មាន​បទ​ល្មើស​ជាច្រើន​កើត​មាន​នៅ​តាម​បន​ល្បែង​នៅ​កម្ពុជា កន្លង​មក៖ «ការ​ទទួល​របស់​បញ្ចាំ​ខុស​ច្បាប់ ដូច​ជា​បញ្ចាំ​ជីវិត លិខិត​ឆ្លង​ដែន ប្រការ​នេះ​បាន​តម្រូវ​ឲ្យ​មាន​ការ​គ្រប់គ្រង​ម៉ឺងម៉ាត់ និង​មាន​កិច្ច​សហការ​ល្អ​ពី​ម្ចាស់​កាស៊ីណូ»

អ្នកស្រី ម៉ាលី ម្ចាស់​បន​ល្បែង​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​និយាយ​ថា អ្នកស្រី​គោរព​តាម​ការ​ណែនាំ​របស់​នគរបាល​ជាតិ៖ «ខ្ញុំ​នឹង​ព្យាយាម​អនុវត្ត​ម៉ឺងម៉ាត់​ទៅ​តាម​ច្បាប់»

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង បាន​ឲ្យ​ដឹង​ថា រយៈពេល​៨ខែ​នៅ​ឆ្នាំ​២០១២ កន្លង​មក​នេះ មាន​បទ​ល្មើស​ចំនួន​៧ករណី កើត​មាន​នៅ​តាម​បន​ល្បែង ក្នុង​នោះ​មាន ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ករណី​លេង​ល្បែង​បន្លំ​ប្រើប្រាស់​កាក់​ក្លែងក្លាយ និង​ករណី​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ខុស​ច្បាប់ និង​ជន​ល្មើស​ចំនួន​១៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ឲ្យ​តុលាការ​ផ្ដន្ទាទោស។

នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មាន​បន​ល្បែង​សរុប​៩៧​កន្លែង នៅ​ក្នុង​នោះ​មាន​បន​ល្បែង​ចំនួន​៥០ បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ បន​ល្បែង​ចំនួន​៦ បាន​ក្ស័យ​ធន និង​បន​ល្បែង​ចំនួន​៣០​ទៀត បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរ​ការ​នៅ​ឡើយ។

ប្រធាន​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង លោក​ឧត្តមសេនីយ៍​ទោ ឆៃ ស៊ីណារិទ្ធិ បាន​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ ស្ដីពី​ការ​គ្រប់គ្រង​បន​ល្បែង​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្ដន្ទាទោស​ជនល្មើស។

សេចក្តី​ព្រាង​ច្បាប់​នោះ បាន​ដាក់​ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ ដើម្បី​ឆ្លង​ការ​សម្រេច ដោយ​បាន​សិក្សា​អំពី​បទ​ពិសោធន៍​នៅ​ប្រទេស​សិង្ហបុរី សហរដ្ឋអាមេរិក បារាំង និង​អូស្ត្រាលី ដើម្បី​គ្រប់គ្រង​បន​ល្បែង​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Both Angkor

Please, Khmer goverment take action for home gamble all country,too. We suggest to remove all Casino in the Phnom penh and all town a way or to put them along khmer's border .if you keep them in town and ban khmer people .it's not good idea. they can't go in the Casino from front door,but they can go in rear door .they just 5 or 10 dollar to the guard as we do know.Mr.Sok Phal the best way to cut down the crime you must close all legal and illegal casina wide country.if not.....you will see what happening in your country.your country's law is very low ...everyone cry for food(dollar).dude.we 're so happy to hear this,but it's so ridiculous.

Aug 29, 2012 01:07 AM