ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពត

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​បង្កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ជួប​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​ខេត្ត​កំពត ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។
ដោយ អ៊ុក សាវបូរី
2012-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មូរ សុខហួរ នៅ​កំពត ៣០៥
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២។
RFA/Ouk Savborey

ការ​ចុះ​ជួប​នោះ ក្នុង​បំណង​ពង្រឹង​ទឹក​ចិត្ត​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​បង្ហាញ​ពី​ភាព​រឹងមាំ ដែល​មិន​បែក​បាក់​ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ ហើយ​ក៏​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​សុំ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ សម្រាប់​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​ច្រើន​រយ​នាក់​នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ បាន​កើត​ចេញ​អំពី​សំណូមពរ​របស់​ម្ចាស់​ឆ្នោត ដែល​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​មាន សម រង្ស៊ី និង​សិទ្ធ​មនុស្ស រួម​គ្នា​ដើម្បី​បង្កើន​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ ដើម្បី​ប្ដូរ​ការ​ដឹកនាំ​ប្រទេស។

អ្នកស្រី​បន្ត​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ បាន​បង្កើត​នៅ​ថ្ងៃ​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ប្រទេស​ហ្វីលីពីន។ ចលនា​នេះ ក៏​បាន​រួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​សញ្ញា​ព្រះអាទិត្យ​រះ និង​មាន​កាំ​រស្មី​ចែងចាំង​ចំនួន​២៤ ដែល​តំណាង​ឲ្យ​ខេត្ត-ក្រុង នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​សុំ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ចូល​រួម​បោះ​ឆ្នោត។

អ្នកស្រី មូរ សុខហួរ បន្ត​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​សិទ្ធិ​ស្រប​ច្បាប់​ហើយ នឹង​សុំ​អំណាច​ពី​ប្រជារាស្ត្រ​ដោយ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ប្ដូរ​ថ្នាក់​ដឹកនាំ ដោយ​ជ្រើសរើស​មេ​ដឹកនាំ​ណា​ដែល​បាន​បម្រើ​ពលរដ្ឋ​ពេញ​លក្ខណៈ។ អ្នកស្រី​បាន​ប្រកាស​ដែរ​ថា លោក សម រង្ស៊ី នឹង​វិល​មក​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ៖ «ពីព្រោះ​មែន​ទែន អ្នក​ដែល​អាច​ទៅ​ដណ្ដើម​យក​សន្លឹក​ឆ្នោត ហើយ​ដណ្ដើម​ការ​ដឹកនាំ​ពី​លោក ហ៊ុន សែន អត់​មាន​អ្នក​ណា​ក្រៅ​ពី​លោក​ប្រធាន សម រង្ស៊ី ទេ»

អនុប្រធាន​គណៈកម្មការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ពី​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ផ្សេងៗ​ទៀត រួម​ទាំង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ។ លោក​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ សុំ​ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សុំ​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​មក​ប្រទេស​វិញ។ កន្លង​មក អ្នក​កាន់​អំណាច​មួយ​ចំនួន​ប្រកាស​ថា ជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិន​ប្រកាន់​គណបក្ស​នយោបាយ តែ​បើ​ពលរដ្ឋ ឬ​មន្ត្រី​រាជការ​ហ៊ាន​និយាយ​ការ​ពិត ឬ​ហ៊ាន​តវ៉ា គេ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ឲ្យ​ជាប់​គុក។

ចំពោះ​ការ​ផ្តល់​កាត​ជនជាតិ​ខ្មែរ ក៏​រើសអើង​ប្រជាពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធសាធ​នោះ​ដែរ។ អ្នក​ដែល​គេ​សម្គាល់​ថា ហ៊ាន​និយាយ​ការ​ពិត ឬ​ចង់​ដឹង​អ្វី​ដែល​ខុស​ពី​ការ​ដឹកនាំ​របស់​គេ​នោះ កាត​សម្គាល់​ខ្លួន គេ​នឹង​មិន​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើ​ទេ៖ «អ្នក​សង្គ្រោះ​ជាតិ​ជា​នរណា ខ្ញុំ​សុំ​បញ្ជាក់​ម្តង​ទៀត មិន​មែន ប៉ុល ហំម មូរ សុខហួរ កឹម សុខា សម រង្ស៊ី ប៉ុន្មាន​នាក់​នោះ​ទេ គឺ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដែល​មូល​គ្នា​ដើម្បី​ធ្វើ​ការ​សង្គ្រោះ​ជាតិ​យើង»

នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពត មាន​អតីត​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ ថ្នាក់​ស្រុក និង​ខេត្ត​មក​ចូល​រួម​នៅ​ក្នុង​ចលនា​នេះ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អធិការ​រង​ស្រុក​ជុំគីរី លោក ជិន អឿន បាន​ថ្លែង​ថា លោក​រង់ចាំ​ក្រុម​អ្នក​ប្រឆាំង​ពិត​ប្រាកដ ដើម្បី​ចូល​រួម​គាំទ្រ។ លោក​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នេះ ជា​ក្តី​សង្ឃឹម​របស់​គាត់​សម្រាប់​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​បែប​ផ្តាច់​ការ និង​គ្រួសារ​បក្ខពួក​និយម៖ «មាន​សិទ្ធិ​សេរី យើង​និយាយ​បាន។ ខាង​នោះ បើ​យើង​និយាយ វា​មិន​ស្រួល និង​ជួន​មាន​ទុក្ខ​មាន​ទោស វា​ដាក់​គុក ដាក់​ច្រវាក់។ នៅ​នេះ យើង​និយាយ​បាន។ យើង​ប្រជាធិបតេយ្យ យក​រាស្ត្រ​ជា​ធំ មិន​ដូច​អា​ផ្តាច់​ការ​ទេ។ ផ្តាច់​ការ យក​អំណាច​ខ្លួន​ឯង​ជា​ធំ»

មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ លោក ម៉ៅ រតនា បាន​ថ្លែង​ថា ក្រោយ​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ លា​ឈប់​ពី​តំណែង​នយោបាយ លោក​ក៏​បាន​មក​ចូល​រួម​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ៖ «ខាង​គណបក្ស នរោត្តម រណឫទ្ធិ នៅ​អតីត​ខេត្ត​កំពត ក្នុង​ស្រុក​ឈូក ស្រុក​ជុំគីរី ក៏​បាន​អញ្ជើញ​មក​ចូល​រួម​ដែរ ហើយ​សុំ​ផ្ដាំ​ទៅ​លោក​ពូ​លួន ថា​នៅ​ជុំគីរី នេះ គឺ​យើង​ប្រមូល​ឲ្យ​អស់​មក មិន​បាច់​ឲ្យ​នៅ​អី ទៅ​ជឿ​អី ពួក​ក្រុម​បោកប្រាស់ យើង​ឈប់​ចាញ់​បោក​គេ​បន្ត​ទៅ​ទៀត​ទៅ»

សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ ម្នាក់​ទៀត លោក ប៊ូ លួន ថ្លែង​ដែរ​ថា ដោយ​សារ​ការ​បែក​បាក់​ផ្ទៃ​ក្នុង គាត់​មិន​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឡើយ។ ទើប​គាត់​ងាក​មក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​ប្រាប់​មហាជន​ពី​ល្បិច​លួច​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច៖ «ឈ្មោះ​ស្ទួន ក្រុម​ការងារ​គណបក្ស​កាន់​អំណាច គឺ​ម្នាក់ៗ​ឈ្មោះ​មិន​ខ្វះ​ពី​៥ ទៅ​៧ ឬ​៨​ទេ ក្នុង​ខេត្ត​កំពត ទាំង​មូល​ហ្នឹង។ ក្នុង​ម្នាក់​ម្តង​ចុះ​ទៅ​ឃុំ​នេះ ម្តង​ចុះ​ទៅ​ឃុំ​នោះ ម្តង​នៅ​ឃុំ​ត្រពាំងរាំង ក្នុង​ស្រុក​ជុំគីរី ខ្ញុំ​នេះ សម្បូរ​ណាស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន ដែល​ចុះ​ពី​ភ្នំពេញ ពី​ខេត្ត​កំពត មក​ចល័ត​ចុះ​ឈ្មោះ​គ្រប់​ឃុំ ហើយ​អត់​ឲ្យ​លុប​ឈ្មោះ​ទេ ឈ្មោះ​នោះ​គឺ PECខេត្ត​ណែនាំ​មិន​ឲ្យ​លុប​ទេ។ តែ​ខ្ញុំ​នេះ​ហើយ ទាមទារ​តស៊ូ​ឲ្យ​លុប ប៉ុន្តែ​គេ​មិន​លុប​ដោយ​ថា ទាមទារ​ឯកសារ គ្មាន​សាមី​ខ្លួន​មក​បញ្ជាក់ អ៊ីចឹង គេ​អត់​លុប​ទេ អ៊ីចឹង​ឈ្មោះ​នៅ​ណែន​ពេញ​ទាំង​អស់ ឈ្មោះ​នោះ​មក​ដល់​ថ្ងៃ​នេះ​ណែន អ៊ីចឹង វិធី​លួច​ឈ្មោះ​នោះ ងាយ​ណាស់»

មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក អិន ញេញ ថ្លែង​ថា គាត់​បាន​ឃើញ​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធ​មនុស្ស បង្កើត​ជា​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ គាត់​រីករាយ និង​សង្ឃឹម​ថា អ្នក​ប្រជាធិបតេយ្យ​ចុង​ក្រោយ​នៃ​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ ដែល​ខំ​តស៊ូ​យូរ​មក​ហើយ ដើម្បី​សេរីភាព​នៃ​ការ​រស់នៅ។

តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក គង់ សើរ ថ្លែង​ថា គាត់​សុំ​ឲ្យ​អ្នក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក ម៉ម សូណង់ដូរ បាន​ចេញ​ក្រៅ​ឃុំ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ជុំគីរី ដែល​បាន​ចូល​រួម​ស្តាប់​ការ​បកស្រាយ​ពី​ភាព​រឹងមាំ នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង ដើម្បី​ត្រៀម​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ ខាង​មុខ បាន​ថ្លែង​ថា ពួក​គាត់​សង្ឃឹម​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​មួយ​នេះ​នឹង​មិន​ដឹកនាំ​ពួក​គាត់​ទៅ​រក​របប​ផ្តាច់​ការ និង​កុម្មុយនីស្ត​នោះ​ឡើយ៖ «ផ្តល់​មតិ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង មាន​ការ​សួរ និង​សំណួរ​ចម្លើយ​នោះ​បាន​ច្រើន មិន​ដូច​របប​ផ្តាច់​ការ​នោះ វា​មិន​អាច មិន​ហ៊ាន​ឲ្យ​មាន​សំណួរ​ចម្លើយ​ទេ»

បុរស​ម្នាក់​ទៀត​បន្ថែម​ថា ការ​ចុះ​ផ្ទាល់​របស់​ថ្នាក់​ដឹកនាំ​មក​ដល់​មូលដ្ឋាន នាំ​ឲ្យ​អ្នក​នៅ​ជនបទ​មាន​ក្តី​សង្ឃឹម នៃ​ការ​ពឹង​ផ្អែក​សម្រាប់​នយោបាយ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ៖ «ចំណេញ​ទី១ ត្រង់​ថា គណបក្ស​ទាំង​២​នោះ​រួម​គ្នា​ទៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​សុខ​បាន​រីក​ចម្រើន ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ ទី២​ទៀត យើង​កាត់​បន្ថយ​ភាព​អំពើ​ហិង្សា​ពី​ពួក​ក្រុម​កុម្មុយនីស្ត ពួក​ផ្តាច់​ការ»

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ជួប​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ចំនួន​៤ស្រុក។ ពេល​ព្រឹក នៅ​ស្រុក​ឈូក និង​ស្រុក​ជុំគីរី ពេល​រសៀល នៅ​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស។ នៅ​ថ្ងៃ​សៅរ៍ នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ស្រុក​ផ្សេង​ទៀត ក្នុង​ខេត្ត​កំពត។ នៅ​រាល់​ពេល នៃ​ការ​ជួប​ជុំ​អ្នក​គាំទ្រ ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​២៤ ខែ​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ជួយ​ការពារ​ពិធី​ប្រជុំ​នោះ ដោយ​គ្មាន​ការ​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Thean

ពី Sralanh Khmer) (Phnom Penh

I'm so glad to hear that many party take part in the CholnaBrachea TibDey SangKrosCheat. This show that all democracy join each other to save our country from dictators. So I would like to suggest all Cambodian join together to get a good new leader to make our country grow up. thank

Aug 31, 2012 07:54 AM

ngoc quang

ពី mkhack) (ta khmao

i like that word NATIONAL RESCUE PARTY,but i don't like son subert and pen sovann they are VN undercover.good luck!

Aug 31, 2012 03:06 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

ខ្ញុំសូមឲ្យចលនាប្រជាធិបតេយ្យសង្រ្គោះជាតិចុះឲ្យបានគ្រប់ខេត្តក្រុង មុនពេលបោះឆ្នោតឆ្នាំ២០១៣នេះ ជាពិសេសទីជនបទឲ្យបានច្រើនលើក ដើម្បីឲ្យប្រជាជនគាំទ្រ។

Aug 26, 2012 09:49 PM

តេជះ

ពី ភ្នំពេញ

បើអាហែងឈ្នះមែន កុំភ្លេចថាអញ់មានកំលាំងច្រើនណាស់ អង្គរក្ស ប៉ូលីស អាវុហត្ថ​ ទាហាន កាល​ឆ្នាំ​៩៣​ អាហែងមានកំលាំងខ្លះអាឡូវអត់ផ្លូវទេអាវា បើអញ់កាន់មិនទាន់បាន​រហូតដល់អាយុ​៩០ឆ្នំាទេកុំសុបិន្ត។​

Aug 26, 2012 08:28 PM

អ្នក​អាន​អនាមិក

I WANT TO KNOW CLEARLY THE NEW PARTY'S NAME IN ENGLISH, NATIONAL SALVATION PARTY OR NATIONAL RESCUE PARTY?

Aug 26, 2012 03:04 AM

មើល​មតិ​ទាំង​អស់.