នាយកដ្ឋានអន្តោប្រវេសន៍បានឃុំខ្លួនជនជាតិចិននេះ នៅបន្ទាប់ពីសមត្ថកិច្ចកម្ពុជា ចាប់បានក្រុមឧក្រិដ្ឋកម្មចាប់ជំរិតឆ្លងដែនជនជាតិចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាបន្តបន្ទាប់ ដែលជនជាតិចិន ទាំងនោះ មានទាំងស្រី និងប្រុស យកទីតាំងប្រទេសកម្ពុជា ដើម្បីប្រកបមុខរបរខុសច្បាប់របស់ខ្លួន។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៦ មករា ថា នាយកដ្ឋានអន្តោប្រវេសន៍កំពុងសួរចម្លើយ និងបំពេញបែបបទទៅតាមផ្លូវច្បាប់ ដើម្បីចាត់វិធានការទៅលើជនសង្ស័យជនជាតិចិន ចំនួន ៨០នាក់ ជាប់សង្ស័យទៅនឹងរឿងចាប់ជំរិតឆ្លងដែន។
លោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធិ ជាប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា កំពុងបំពេញនីតិវិធីរបស់ខ្លួនដើម្បីចាត់វិធានការផ្លូវច្បាប់ ចំពោះជនសង្ស័យជនជាតិចិនទាំងនោះ ដែលជាប់ទាក់ទងនឹងការចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធទូរស័ព្ទទំនើប វីអូអាយភី (VOIP) និងប្រព័ន្ធអ៊ីនធឺណិត។
លោក ឆៃ ស៊ីណារិទ្ធិ បានបន្ថែមថា លោកមិនទាន់បញ្ជាក់បានទេថា តើជនជាតិចិន ទាំងនោះគេនឹងបញ្ជូនទៅកាន់ប្រទេសចិនវិញ ឬយ៉ាងណានោះ។
ជនជាតិចិនចំនួន ៨០នាក់ ក្នុងនោះមានស្រ្តី ១៧នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មករា នោះ គេយកទៅឃុំខ្លួននៅក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលពួកគេទាំងនេះ កាន់លិខិតឆ្លងដែនស្របច្បាប់ចូលមកកម្ពុជា ដើម្បីលួចធ្វើសកម្មភាព៖ «ក្នុងនាមសមត្ថកិច្ចសុំឲ្យប្រជាពលរដ្ឋយើងសហការជាមួយសមត្ថកិច្ច ប្រសិនបើជាមានការសង្ស័យថា ជនជាតិចិន នៅផ្ទះជួលមិនប្រក្រតីនោះ»។
លោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធិ បានសង្កត់ធ្ងន់ថា ជនសង្ស័យជនជាតិចិន ជាប់ទាក់ទងនឹងបទឧក្រិដ្ឋកម្មចាប់ជំរិតឆ្លងដែន មកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជានេះ នៅមានមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តដើម្បីចាប់ខ្លួន។
លោកបញ្ជាក់ថា ក្រុមជនជាតិចិន ទាំងនោះ មកស្នាក់នៅផ្ទះជួលជាក្រុមៗក្នុងប្រទេសកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញ៖ «ការជួលផ្ទះ ជួលទៅឲ្យជនបរទេសត្រូវពិនិត្យឲ្យបានច្បាស់លាស់ ឬជូនដំណឹងទៅអាជ្ញាធរ ពួកហ្នឹងនៅប្រមូលផ្ដុំគ្នា ការរស់នៅជាលក្ខណៈខ្លួន ពួកហ្នឹងធ្វើសកម្មភាពមិនស្របច្បាប់ទេ»។
សមត្ថកិច្ចកម្ពុជា កន្លងមកចាប់ខ្លួនជនជាតិចិន ជាប់សង្ស័យពីបទឧក្រិដ្ឋកម្មចាប់ជំរិតឆ្លងដែននេះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនគេបញ្ជូនទៅកាន់ប្រទេសចិនវិញ។
របាយការណ៍នាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតពីឆ្នាំ២០១១ ដល់ដើមឆ្នាំ២០១៣ នេះ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនសង្ស័យចាប់ជំរិតឆ្លងដែនជនជាតិចិន ប្រមាណ ៥០០នាក់ បញ្ជូនទៅប្រទេសចិនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។