គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត

លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប.​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី និង​អ្នក​ដែល​បាន​កែ​តម្រូវ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០០៩​ទាំង​អស់ ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់​ដែល​បាន​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​ប្រាកដ​ថា​ខ្លួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដែរ​ឬ​ទេ។

0:00 / 0:00

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​បិទ​បញ្ជី​ដំបូង​នេះ​មាន​សារសំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយៗ​ទៀត។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «ក្នុង​ករណី​ដែល​ឃើញ​មិន​ត្រឹមត្រូវ គឺ​អាច​ស្នើ​សុំ​ស្មៀន​ឃុំ សង្កាត់ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ ហើយ​ក្នុង​ករណី​ថា ឃើញ​ឈ្មោះ​ណា​ដែល​យើង​យល់​ថា មាន​ព័ត៌មាន​ឬ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ថា អ្នក​ហ្នឹង​ពុំ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ក្នុង​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ គឺ​អាច​ប្ដឹង​ជំទាស់​បាន។ អ៊ីចឹង​សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឲ្យ​បាន​ទាំង​អស់​គ្នា»

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា និចហ្វិក មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​នេះ​អ្នក​ដែល​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ចុះ​ឈ្មោះ​នេះ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៩​នេះ អង្គការ​និចហ្វិក​បាន​រក​ឃើញ​ថា មាន​លក្ខណៈ​ប្រសើរ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ។ ជាមួយ​គ្នា​នេះ​ដែរ លោក ហង្ស ពុទ្ធា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់ សូម​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​នេះ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្លួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ និង​អាច​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយៗ​ទៀត។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «លទ្ធផល​នៃ​ការ​រៀបចំ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​នៅ​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រមូល​នូវ​អ្នក​បោះ​ឆ្នោត​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រៀម​នឹង​បោះ​ឆ្នោត​សម្រាប់​ការ​ប្រកួត​ប្រជែង​គណបក្ស​នយោបាយ​ខាង​មុខ​នេះ​ទៀត»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វែ្រល មាន​ប្រសាសន៍​ថា ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​គឺ​មាន​ភាព​សាំញ៉ាំ​ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក គល់ បញ្ញា បាន​ផ្តល់​ជា​អនុសាសន៍​ទៅ​គ.ជ.ប. (គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត) ថា គួរ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សាំញ៉ាំ​ទាំង​នេះ​ចេញ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ៖ «ប្រព័ន្ធ​ចុះ​ឈ្មោះ​សព្វ​ថ្ងៃ​ហ្នឹង​វា​បង្កើត​ការ​លំបាក​ដល់​ប្រជាជន​ណាស់ មើល​រាល់​ឆ្នាំ​អ៊ីចឹង វា​មាន​បញ្ហា​ដែរ​ណា៎! យើង​គួរ​រៀបចំ​ប្រព័ន្ធ​យ៉ាង​ម៉េច​គឺ​គេ​ចុះ​ឈ្មោះ​ម្ដង គេ​អាច​ដឹង​ថា​ឈ្មោះ​គេ​នៅ​ក្នុង​ហ្នឹង​រហូត​មួយ​ជីវិត លើកលែង​តែ​គេ​ផ្លាស់​ប្ដូរ​ទី​លំនៅ ឬ​ក៏​គេ​ស្លាប់ គេ​អី​អ៊ីចឹង។ កុំ​ឲ្យ​ធ្វើ​ឲ្យ​ឈ្មោះ​គេ​បាត់​បង់​ឬ​ក៏​ខុស​ឈ្មោះ​គេ អា​ហ្នឹង​គ.ជ.ប.​ត្រូវ​ទទួល​ខុស​ត្រូវ ព្រោះ​យើង​មិន​អាច​ចេះ​តែប​ង្ខំ​ឲ្យ​ប្រជាជន​រាល់ៗ​ឆ្នាំ​ហ្នឹង​ចេះ​តែ​ទៅ​មើល​ឈ្មោះ​អ៊ីចឹង​បាន​ទេ មិន​អាច​ចេះ​តែ​ដាក់​កាតព្វកិច្ច​អ៊ីចឹង​ទេ»

គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា ការ​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ឆ្នាំ​២០០៩ ដែល​អាច​បើក​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា​នេះ​មាន​រយៈ​ពេល​៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​ត​ទៅ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា គ.ជ.ប. បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០០៩​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចំនួន​២៦០.៥២០​នាក់, កែ​តម្រូវ​ឈ្មោះ​មាន​ចំនួន​៤០.២៩៩​នាក់, លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ដោយសារ​អ្នក​បោះ​ឆ្នោត​ស្លាប់ ត្រូវ​ដក​សិទ្ធិ និង​ផ្លាស់​ប្តូរ​ទី​លំនៅ សរុប​ចំនួន​១១១.០៨១​នាក់៕