គ.ជ.ប ជំរុញ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។
ដោយ ដែន អយុធ្យា
2012-08-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ព្រោះ​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ជា​បញ្ជី​ឈ្មោះ​ទុក​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ខាង​មុខ។

ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​តាម​ស្ថាប័ន​នានា ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

លោក អ៊ឹម សួស្តី ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​តាម​ក្រសួង ឬ​ស្ថាប័ន​នានា ត្រូវ​ចូល​រួម​សហការ​ជាមួយ គ.ជ.ប ធ្វើ​យ៉ាង​ណា​ជួយ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត ឲ្យ​ទៅ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​ឲ្យ​បាន​គ្រប់​គ្នា។

សេចក្តី​អំពាវនាវ​របស់​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប នេះ ធ្វើ​ឡើង​ចំពោះ​មុខ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​សង្កាត់​ទាំង ៩៦​សង្កាត់ និង​មន្ត្រី​មក​ពី​ស្ថាប័ន​នានា​ទូទាំង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​សីហា។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​តាម​ឃុំ-សង្កាត់​នីមួយៗ​ត្រូវ​ពិនិត្យ និង​លុប​ឈ្មោះ​ស្ទួន​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។ ព្រោះ​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១ កន្លង​ទៅ មាន​ឈ្មោះ​ស្ទួន​រាប់​រយ​ពាន់​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ របស់ គ.ជ.ប បាន​បង្ហាញ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។

ទាក់​ទិន​បញ្ហា​នេះ លោក ម៉ប សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា ដោយ​កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ លោក​បាន​អញ្ជើញ​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​សង្កាត់​ទាំង ៩៦​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ មក​ជួប​ប្រជុំ និង​ស្នើ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ជំរុញ​ឲ្យ​ការងារ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​ដំណើរ​ការ​ល្អ។

លោក​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​ប្រជាពលរដ្ឋ ពិសេស​យុវជន នៅ​ស្រពេចស្រពិល និង​មិន​ទាន់​យល់​ដឹង​ជុំវិញ​ព័ត៌មាន​ទាក់ទង​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​បាត់​សិទ្ធិ​បោះ​ឆ្នោត។

លោក​បន្ត​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មាន​ដំណើរ​ការ​ល្អ ទាម​ទារ​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ចូល​រួម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។

គំនិត​ផ្ដួចផ្ដើម​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះ​ឆ្នោត ចាត់​ទុក​ថា ជា​សកម្មភាព​បង្កើន​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល។

មន្ត្រី​អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ​និចហ្វិក (Nicfec) បាន​លើក​ឡើង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ទាម​ទារ​ឲ្យ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត ចូល​រួម​ឲ្យ​បាន​ច្រើន។

មន្ត្រី​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា អាណត្តិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ ឬ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បាត់​សិទ្ធិ​បោះ​ឆ្នោត ដោយ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឬ​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

ផ្ដើម​ពី​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។

ដោយ​ឡែក​មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស ក៏​បាន​លើក​ទឹក​ចិត្ត និង​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ឆ្លៀត​ពេល​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ដែល​មាន​មាយាថ និង​គុណធម៌​ល្អ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា បើ​ប្រជាពលរដ្ឋ ឬ​យុវជន​គ្រប់​រូប​ចង់​លុប​បំបាត់​សកម្មភាព​រំលោភ​ដីធ្លី ឬ​លំនៅឋាន​របស់​ខ្លួន ពី​សំណាក់​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ទ្រព្យធន នា​ថ្ងៃ​អនាគត ត្រូវ​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

លោក​បន្ត​ថា ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នាំ​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​រូប​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ល្អ ដើម្បី​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ នា​ថ្ងៃ​អនាគត។

ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ​២០១២ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។

រីឯ​ពេល​វេលា នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។ ចំណែក​កាល​បរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គ.ជ.ប បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ ១៨ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ (កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៩៥) ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​បាន​ផ្លាស់​ទី​លំនៅ​ចូល​ក្នុង​ឃុំ-សង្កាត់ មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​ណា​មួយ​ក្នុង​ឃុំ-សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

គ.ជ.ប ជួយផ្សព្វផ្សាយដល់ប្រជាជនខែ្មរគឺល្អហើយ តែកុំរើសអើងគណបក្សឲ្យសោះ ព្រោះថាពួកគាត់ជាខែ្មរ មិនមែនជាជនជាតិវៀតណាមទេ និងកុំឲ្យអស់តំលៃគ.ជ.ប ខ្លួនឯង។

Aug 03, 2012 10:15 PM

Mao

ពី Kampong Cham

Dear RFA and readers. My ID card is originally made with my address in Kampong Cham. My parents have moved to Ratanakiri. I'm married and now live with my parents in-law in Phnom Penh. Can I register for election in Phnom Penh? Thanks,

Aug 03, 2012 09:09 PM