ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសប្រព្រឹត្តទៅចប់ទៅតាមការកំណត់ ចៀសវាងការរំខានពីគ្រោះធម្មជាតិ ឬទឹកជំនន់ មន្ត្រី គ.ជ.ប បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ឲ្យចុះទៅធ្វើការចុះឈ្មោះបន្ទាន់ចំពោះតំបន់ភូមិស្រុកណាដែលអាចងាយលិចលង់ដោយទឹកជំនន់មុនគេ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅការិយាល័យ គ.ជ.ប នៅថ្ងៃទី១១ ខែកញ្ញា ថា ខេត្តដែលកំពុងប្រឈមដោយទឹកជំនន់នៅពេលនេះ មានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តខ្លះទៀតស្ថិតតាមដងទន្លេមេគង្គ ដូចជាខេត្តកំពង់ធំ ជាដើម ដែលមន្ត្រីចុះឈ្មោះបោះឆ្នោតកំពុងប្រញាប់ប្រញាល់ចុះឈ្មោះប្រជាពលរដ្ឋនៅតំបន់នោះបន្ទាន់ មុនគ្រោះទឹកជំនន់កើតឡើង។
លោក ទេព នីថា៖ «យើងបានរំលឹកមន្ត្រីចុះឈ្មោះបោះឆ្នោតនៅពេលបណ្ដុះបណ្ដាលនេះ ឲ្យយកចិត្តទុកដាក់អំពីបញ្ហាទឹកជំនន់នេះ ហើយមន្ត្រីថ្នាក់ខេត្តក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់បានអនុវត្តការងារនេះជាបណ្ដើរមកហើយ។ ឧទាហរណ៍នៅខេត្តឧត្តរមានជ័យ គឺគាត់បានចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅឃុំសង្កាត់ ដែលគាត់យល់ថាទឹកជន់មកដល់។ ដោយឡែកនៅខេត្តព្រះវិហារ ទឹកជន់ឡើងនៅតាមផ្លូវទេ មិនទាន់លិចកន្លែងដែលត្រូវពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទេ ហើយនៅកំពង់ធំ នឹងលិចតំបន់ខ្លះតែបានចុះឈ្មោះហើយ»។
លោកឲ្យដឹងថា យ៉ាងហោចណាស់មានឃុំបី នៅខេត្តឧត្តរមានជ័យ កំពុងប្រឈមទឹកជំនន់។ គ.ជ.ប បានបើកយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាតិឆ្នាំ២០១៣ រយៈពេលជាងមួយខែ គឺចាប់ផ្ដើមពីថ្ងៃ១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ ដោយឡែកដំណើរការចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ទើបបិទបញ្ជី។
លោក ជីង សំភួ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មិននៅជាប់ទន្លេមេគង្គមែន តែរៀងរាល់ឆ្នាំលិចលង់ដោយជំនន់ទឹកភ្លៀងធ្លាក់មកពីភ្នំដងរែក។
លោកថា នៅពេលនេះសង្កាត់សំរោង កំពុងប្រឈមជំនន់នេះ៖ «ពីព្រោះទឹកវាមកហើយ ហើយយើងមិនទាន់បានទៅចុះឈ្មោះ ដូច្នេះនៅពេលណាដែលយើងទៅគឺពេលនោះទឹកវាលិច»។
កាលពីឆ្នាំ២០១១ ទឹកជំនន់បានរំខានដល់ដំណើរការបោះឆ្នោតម្ដងរួចមកហើយ។
លោក ទេព នីថា បានរំលឹកថា កាលនោះទឹកជំនន់បានប៉ះពាល់ដំណើរការចុះឈ្មោះ ៣៦៧ឃុំ ក្នុងខេត្តក្រុងចំនួន ១៦ តាមដងទន្លេមេគង្គ និងខេត្តនៅតំបន់ភ្នំច្រើន ហើយបានពន្យារពេលបោះឆ្នោត ៣ថ្ងៃ ដើម្បីបង្ហើយការចុះឈ្មោះ។
ទោះយ៉ាងណា លោក ទេព នីថា រំពឹងថា តាមសន្ទុះទឹកជំនន់ឆ្នាំនេះ ទំនងមិនប៉ះពាល់ដល់ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតធ្ងន់ធ្ងរដូចឆ្នាំទៅមិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។