ប្រទេសសមាជិកអាស៊ានទាំង ១០ យល់ដឹងអំពីសារសំខាន់នៃកម្មសិទ្ធិបញ្ញានៅក្នុងរង្វង់តំបន់អាស៊ាន និងការធ្វើពាណិជ្ជកម្មពិភពលោក។ កិច្ចសហប្រតិបត្តិការសំខាន់ក្នុងចំណោមអាស៊ាន គឺវិស័យកម្មសិទ្ធិបញ្ញា និងការបង្កើតជំនឿទុកចិត្តដល់អ្នកផ្ដល់បច្ចេកវិទ្យាបរទេសទាំងឡាយ ហើយគំនិតផ្ដួចផ្ដើមនេះ នឹងរួមចំណែកដល់ការពង្រឹងសមត្ថភាព និងវឌ្ឍនភាពនៃបច្ចេកវិទ្យាក្នុងស្រុក។
យ៉ាងណាក៏ដោយ យន្តការនេះកំពុងអនុវត្ត ដើម្បីជំរុញសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធក្នុងរង្វង់អាស៊ាន រួមមានលទ្ធភាពនៃការបង្កើតប្រព័ន្ធប៉ាតង់អាស៊ាន និងប្រព័ន្ធពាណិជ្ជកម្មសញ្ញាអាស៊ាន។
ប្រទេសកម្ពុជា បានបង្កើតគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាដែលមានក្រសួងពាក់ព័ន្ធចំនួន ១៤ បានចូលរួមនៅក្នុងកិច្ចការនេះ ដើម្បីលើកតម្កើង និងធានាឲ្យមានគោលនយោបាយជាតិពិសេសមួយទាក់ទងនឹងកម្មសិទ្ធិបញ្ញា។ ការបង្កើតនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឲ្យមានភាពរលូនក្នុងការរៀបចំផ្សព្វផ្សាយ និងអនុវត្តច្បាប់ ព្រមទាំងបទបញ្ញត្តិកម្មសិទ្ធិបញ្ញា ហើយគណៈកម្មការនេះមានក្រសួងពាណិជ្ជកម្មជាប្រធាន។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា មានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញានេះ គឺប្រទេសនីមួយៗមានកម្រិតយល់ដឹងខុសគ្នា និងកម្រិតនៃការអនុវត្តក៏មានភាពខុសគ្នា ដោយលោកបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយនឹងតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នឹងធ្វើឲ្យប្រទេសនីមួយៗមានការយល់ដឹងកាន់តែច្រើនពីកម្មសិទ្ធិបញ្ញានេះ។
លោកមានប្រសាសន៍បន្ថែមថា កត្តានេះធ្វើឲ្យប្រទេសជាសមាជិកអាស៊ាននឹងខិតខំធ្វើឲ្យកម្រិតនៃការអនុវត្តកម្មសិទ្ធិបញ្ញានេះមានភាពស្មើគ្នា ដោយប្រទេសសមាជិកអាស៊ានដែលមានការយល់ដឹងខ្ពស់ ជួយដល់ប្រទេសដទៃទៀតដែលមានការយល់ដឹងទាប។
សេចក្ដីប្រកាសព័ត៌មានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ ជាមួយអង្គការកម្មសិទ្ធិបញ្ហាពិភពលោក បានឲ្យដឹងថា ការពិភាក្សាគឺផ្ដោតលើបញ្ហាមួយចំនួន រួមមានវិធីសាស្ត្រ និងការអនុវត្តក្នុងការជំរុញការច្នៃប្រឌិតកម្មសិទ្ធិបញ្ញា ការធ្វើពាណិជ្ជកម្ម និងការការពារ។ ការពិភាក្សាផ្សេងទៀត គឺវិស័យគោលនយោបាយ និងគំនិតផ្ដួចផ្ដើមក្នុងបរិបទនៃផែនការសកម្មភាពកម្មសិទ្ធិបញ្ញារបស់អាស៊ាន នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ រួមទាំងការប្រើប្រាស់កម្មសិទ្ធិបញ្ញា និងប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏មាការចូលរួមពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលជាវេទិកានាំមុខរបស់ពិភពលោកសម្រាប់ផ្សព្វផ្សាយកម្មសិទ្ធិបញ្ញា និងជាកម្លាំងចលករមួយសម្រាប់ការកែច្នៃ និងការឆ្នៃប្រឌិត។
អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោកបណ្ឌិត ហ្វ្រង់ស៊ី ហ្គឺរី (Francis Gurry) មានប្រសាសន៍ថា ការប្រើប្រាស់កម្មសិទ្ធិបញ្ញាអាចជួយឲ្យប្រទេសនានានៅក្នុងតំបន់កាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅលើពិភពលោក និងកម្មសិទ្ធិបញ្ញានឹងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការប្រកួតប្រជែង។ មានន័យថា ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី ប្រទេសណាមានការប្រកួតប្រជែងខ្ពស់ នឹងធ្វើឲ្យប្រទេសនោះមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ដែរ។
យ៉ាងណាក៏ដោយ អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ (Surin Pitsuwan) មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានពិភាក្សាលើបញ្ញាជាច្រើនជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអាស៊ានក្នុងការធ្វើសមាហរណកម្មតំបន់នៅពេលខាងមុខ ហើយអាស៊ានក៏បានពិភាក្សាផងដែរលើកម្មសិទ្ធិបញ្ញានៅក្នុងរង្វង់អាស៊ាន ព្រោះការនាំចេញគឺជាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា។
លោក ស៊ូរិន ពិតសូវ៉ាន់៖ «យើងបានពិភាក្សាផងដែរទាក់ទងនឹងការលើកកម្ពស់បរិយាកាសកម្មសិទ្ធិបញ្ញា រួមទាំងការផ្សព្វផ្សាយ ការការពារ និងការចែករំលែកបច្ចេកវិទ្យានៅក្នុងតំបន់ ដោយសារតែការនាំចេញរបស់អាស៊ានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា»។
បញ្ជាក់បន្ថែមអំពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ធ្លាប់មានប្រសាសន៍ថា ប្រទេសអាស៊ានកំពុងកសាងច្បាប់ស្ដីពីការប្រកួតប្រជែង រួមទាំងសហការជាមួយប្រទេសអាស៊ានដទៃទៀត ដើម្បីឲ្យមានគោលនយោបាយស្របគ្នាមួយនៅក្នុងអាស៊ាន រួមទាំងលើកទឹកចិត្តឲ្យការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។ លោកមានប្រសាសន៍បន្ថែមថា ដើម្បីធ្វើឲ្យតំបន់អាស៊ានមានភាពប្រកួតប្រជែង គឺទាក់ទងនឹងកត្តាមួយចំនួន ដូចជាការការពារអ្នកប្រើប្រាស់ ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក ចម ប្រសិទ្ធិ មានប្រសាសន៍បន្តថា នៅលើពិភពលោកមានតំបន់ពាណិជ្ជកម្មសេរី ដូចអាស៊ានមានចំនួនជាង ៧០តំបន់ ដែលកំពុងកសាងតំបន់របស់ខ្លួនឲ្យមានភាពប្រកួតប្រជែងខ្លាំងនៅលើពិភពលោក។
អាស៊ានកំពុងកសាងឲ្យក្លាយជាតំបន់ និងមានមូលដ្ឋានផលិតតែមួយ និងធ្វើឲ្យតំបន់អាស៊ានក្លាយជាតំបន់សេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែងមាកម្រិតខ្ពស់ផងដែរ ប៉ុន្តែដើម្បីធ្វើឲ្យតំបន់មានភាពប្រកួតប្រជែងទៅបាន គឺទាមទារឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ធ្វើគោលនយោបាយ ឬច្បាប់ប្រកួតប្រជែងតែមួយនៅក្នុងរង្វង់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។