គ.ជ.ប ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ទាក់​ទិន​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​មាន​កម្រាស់​១៨​ទំព័រ​បង្ហាញ​ថា មាន​ភាព​រីក​ចម្រើន​មួយ​ចំនួន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស ប៉ុន្តែ​ក៏​នៅ​តែ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ទៀត ដែល​ត្រូវ​កែប្រែ ដើម្បី​ភាព​ប្រសើរ​ថែម​ទៀត។

0:00 / 0:00

ក្នុង​នោះ បាន​ផ្ដោត​ទៅ​លើ​សិទ្ធិ​លំនៅឋាន ដីធ្លី សេរីភាព​បញ្ចេញ​មតិ សាលា​ក្ដី ពិសេស​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជា​ពិសេស​លោក​បាន​ផ្ដល់​អនុសាសន៍​ច្រើន​ទៅ​លើ​តួនាទី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដល់​ការ​បោះ​ឆ្នោត។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​បន្ទាន់ នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ។

សេចក្ដី​អំពាវនាវ​របស់​លោក សុរិយា ស៊ូប៊ែឌី នេះ បាន​ដាក់​បញ្ចូល​រួច​ហើយ​ទៅ​ក្នុង​របាយការណ៍​ដែល​លោក​នឹង​ដាក់​ជូន​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១២។

ចំណុច​ដែល​លោក​ចង់​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ រួម​មាន​ការ​កែប្រែ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ និង​មាន​ស្វ័យភាព។ ក្នុង​នោះ ការ​ជ្រើសរើស​តែងតាំង​ប្រធាន និង​សមាជិក គ.ជ.ប ត្រូវ​ជា​តួនាទី​របស់​រដ្ឋសភា ហើយ​អ្នក​ទាំង​នោះ​គឺ​ជា​មន្ត្រី​ដែល​ចូល​និវត្តន៍។ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៃ គ.ជ.ប ត្រូវ​រៀបចំ​តាម​គោលការណ៍​តុល្យភាព​ទៅ​តាម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។

លោក សុរិយា ស៊ូប៊ែឌី បាន​ស្នើ​អោយ​បង្កើត​ប្រព័ន្ធ​ការងារ​ថ្មី​មួយ​ចំនួន ដែល​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ មាន​ដូច​ជា​ក្រុម​ការងារ​ដោះស្រាយ​ជម្លោះ​ទាក់​ទង​ការ​បោះ​ឆ្នោត គណៈកម្មការ​តាម​ដាន​ភាព​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត សម្រាប់​គណបក្ស​នយោបាយ​ធំៗ និង​ក្រុម​ការងារ ធានា​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ដែល​គ្មាន​ការ​រើសអើង ធានា​អោយ​អ្នក​ដែល​ផ្លាស់​ទី​លំនៅ អ្នក​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។

ក្នុង​នោះ​ដែរ ចំណុច​ចុង​ក្រោយ​នៃ​សំណើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ត្រូវ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​បាន​ធានា​ថា បាន​ចូល​រួម​ពេញលេញ​ក្នុង​ការ​ដឹកនាំ និង​គ្រប់​ដំណាក់​កាល​នៃ​ការ​បោះ​ឆ្នោត ដែល​ជា​ចំណុច​ស្នូល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បើ​ទោះ​ជា​អ្នក​នោះ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​បក្ស​ដឹកនាំ ក្នុង​នោះ​លោក​បាន​រំលឹក​ថា គេ​ត្រូវ​រក​មធ្យោបាយ​សម្រប​សម្រួល​ផ្នែក​នយោបាយ ធ្វើ​យ៉ាង​ណា​អោយ​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ដែល​មាន​ទោស​ដោយ​សារ​នយោបាយ​នោះ បាន​វិល​មក​ប្រឡូក​ក្នុង​នយោបាយ​នៅ​កម្ពុជា ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​ឡើង​វិញ។

ចំ​ពោះ​សំណើ​ទាំង​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា នេះ​ថា របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ហាក់​ដូច​ជា​លោក​បាន​ស្ដាប់​តែ​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការងារ​របស់ គ.ជ.ប បច្ចុប្បន្ន​នេះ​ឡើយ។ លោក ទេព នីថា អះអាង​ថា រាល់​ការ​ស្នើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ គ.ជ.ប បាន​បំពេញ​រួច​រាល់​ហើយ គឺ​បូក​រួម​ទាំង​ឯករាជ្យ​ភាព ស្វ័យភាព និង​ការ​ធានា​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ជាដើម។ បើ​ទោះ​ជា​យ៉ាង​ណា លោក ទេព នីថា ពុំ​បាន​ចាត់​ទុក​អវត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង​នោះ គឺ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត ឬ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ៖ «ចំពោះ​ថា​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​ប្រធាន​គណបក្ស​ប្រឆាំង ឬ​អ្នក​មាន​បញ្ហា​បាន​ចូល​រួម ខ្ញុំ​គិត​ថា​មិន​មែន​សមត្ថកិច្ច​របស់​ គ.ជ.ប ទេ។ ហើយ​ប្រជាធិបតេយ្យ ឬ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មួយ មិន​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ទេ អាស្រ័យ​លើ​ច្បាប់ លើ​អ្នក​ចូល​រួម​ទាំង​អស់»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គុល បញ្ញា មាន​ប្រសាសន៍​ថា សំណើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​ចំណុច​សំខាន់ និង​ចាំបាច់​ដែល គ.ជ.ប ត្រូវ​ផ្លាស់​ប្ដូរ។ ហើយ​អ្វី​ដែល​ចាំ​បាច់ និង​ត្រូវ​ផ្លាស់​ប្ដូរ​បន្ទាន់​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នោះ គឺ​ការ​ធានា​សិទ្ធិ​ពេញ​លេញ​សម្រាប់​អ្នក​បោះ​ឆ្នោត៖ «អំពី​ការ​ធានា​សិទ្ធិ​បោះ​ឆ្នោត​តាម​រយៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឃើញ​នៅ​មាន​បញ្ហា ដែល​គណបក្ស​នីមួយៗ​គេ​តវ៉ា​អោយ គ.ជ.ប ហ្នឹង​ផ្លាស់​ប្ដូរ​រឿង​ហ្នឹង ប៉ុន្តែ គ.ជ.ប អត់​បាន​គិត​រឿង​ហ្នឹង នៅ​ពេល​ចន្លោះ​ការ​បោះ​ឆ្នោត​ហ្នឹង ដែល​ត្រូវ​ការ​កែលំអ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ គ.ជ.ប អត់​បាន​ធ្វើ​ផង​ហ្នឹង»

កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជាតិ ឬ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ចំនួន​៤​លើក​មក​ហើយ។ ក្រៅ​តែ​ពី​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) កាល​ពី​ឆ្នាំ​១៩៩៣ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ គ.ជ.ប តែង​តែ​រង​ការ​រិះគន់​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថា ពុំ​បាន​ធានា​អោយ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​មាន​យុត្តិធម៌ រវាង​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ប្រឆាំង​ឡើយ។ ការ​នោះ បាន​ជំរុញ​អោយ​គណបក្ស​កាន់​អំណាច​នៅ​តែ​ជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​គ្រប់​អាណត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។