ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបក្សប្រឆាំងនិយាយថា អ្វីដែលជាការសំខាន់ជាងគេនៅពេលចំពោះមុខនេះ គឺការរួបរួមអ្នកប្រជាធិបតេយ្យ។
នៅពេលនេះមន្ត្រីនៃគណបក្សកាន់អំណាចដែលជាគណបក្សតែងរងការរិះគន់ពីមហាជន ថាដឹកនាំប្រទេសដោយការចងសំណាញ់អំណាចតាមរយៈសាច់សាលោហិត និងបក្សពួកនិយមនោះ បានបករិះគន់ក្រុមបក្សសង្គ្រោះជាតិថា កំពុងរៀបចំថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនប្រកបដោយសាច់ញាតិ និងបក្សពួកនិយម។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលធ្លាប់ផ្លាស់ប្ដូរពីគណបក្សមួយទៅគណបក្សមួយ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថ្មីថា គួរចាប់បង្កើតយន្តការសំបូរបែបមួយក្នុងការផ្ដល់ឱកាសដល់សមាជិកផ្សេងៗរបស់ខ្លួនឲ្យបានចូលរួមក្នុងក្រុមដែលធ្វើសេចក្ដីសម្រេចនៃថ្នាក់ដឹកនាំកំពូលរបស់បក្ស។
ការថ្លែងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងនៅអំឡុងដែលបក្សសង្គ្រោះជាតិ ចាប់បង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនចំនួន ១៦រូប ដោយមានសមាជិក ៨រូបមកពីខាងបក្ស សម រង្ស៊ី និង ៨រូបផ្សេងទៀតពីខាងបក្សសិទ្ធិមនុស្ស។
សមាជិកចំនួន ៨រូបពីខាងគណបក្ស សម រង្ស៊ី មានលោក សម រង្ស៊ី លោក យឹម សុវណ្ណ និងភរិយា គឺអ្នកស្រី កែ សុវណ្ណរតន៍ លោក អេង ឆៃអ៊ាង និងលោក គួយ ប៊ុនរឿន ដែលជាបងថ្លៃប្អូនថ្លៃនឹងគ្នា លោក សុន ឆ័យ អ្នកស្រី មូរ សុខហួរ និងលោក ម៉ែន សុថាវរិន្ទ្រ ដែលជាមនុស្សស្និទ្ធស្នាលនឹងអ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី។
ចំណែកសមាជិក ៨រូបផ្សេងទៀតពីខាងបក្សសិទ្ធិមនុស្សវិញ មានលោក កឹម សុខា លោក ម៉ៅ មុនីវណ្ណ លោក ប៉ុល ហំម លោក អ៊ូ ចាន់រិទ្ធិ និង អ៊ូ ចាន់រ័ត្ន បងប្អូនបង្កើតនឹងគ្នា លោក សាម ស៊ុនឌឿន លោក យ៉ែម បុញ្ញឫទ្ធិ និងលោក តុប វាន់ចាន់។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដាក់សែស្រឡាយ ឬបក្សពួកច្រើនក្នុងថ្នាក់ដឹកកំពូលរបស់គណបក្សដូច្នេះ អាចនាំឲ្យមានទំនាស់ផលប្រយោជន៍ដ៏ធំទៅថ្ងៃមុខ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រឆាំងបានបកស្រាយថា ការជ្រើសរើសសមាជិកសំរាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិថ្មីនេះ គឺធ្វើឡើងដោយការប្រុងប្រយ័ត្នទៅតាមសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ គួបផ្សំនឹងបទពិសោធន៍ខ្ពស់នៃសមាជិកនីមួយៗ។
លោក សុន ឆ័យ បន្តថា អ្វីដែលជាការចាំបាច់ចំពោះមុខសំរាប់គណបក្សថ្មីនេះ គឺការចាត់តាំងតួនាទីសំខាន់ៗសំរាប់សមាជិកបក្សសង្គ្រោះជាតិ។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា គ្រួសារនិយម ឬបក្សពួកនិយម មិនថា នៅក្នុងជួររដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល ឬសមាគមនោះទេ សុទ្ធតែអាចផ្ដល់លទ្ធភាពគ្រប់គ្រាន់ គ្រប់ពេល និងគ្រប់បែបយ៉ាង ក្នុងការធ្វើឲ្យមានអំពើពុករលួយ ការរំលោភអំណាចជាលក្ខណៈប្រព័ន្ធ និងទំនាស់ផលប្រយោជន៍មិនចេះចប់។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដើម្បីកសាងប្រជាធិបតេយ្យនៅក្នុងប្រទេសទៅបាន លុះក្រុមអ្នកនយោបាយត្រូវជៀសវាងជាអតិបរមានូវការប្រកាន់គ្រួសារនិយម។
ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ៅ មុនីវណ្ណ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិមកពីគណបក្សសិទ្ធិមនុស្ស ថ្លែងថា អ្វីដែលសំខាន់បំផុតសំរាប់សភាពការណ៍ចំពោះមុខមុនការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ គឺក្រុមអ្នកប្រជាធិបតេយ្យត្រូវតែរួមគ្នាដើម្បីប្រជែងជាមួយបក្សកាន់អំណាចដ៏យូរឆ្នាំនោះ។
លោក មៅ មុនីវណ្ណ បន្តថា សមាសភាពសមាជិកគណបក្សសង្គ្រោះជាតិថ្មីនេះ នឹងបន្ថែមពីចំនួន ១៦រូប រហូតដល់ ១៩រូប ទៅតាមការចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់បក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។