ក្រុមស្ត្រីបម្រើការងារតាមផ្ទះរួបរួមគ្នាបង្កើតបណ្ដាញថ្មីមួយ ឈ្មោះថា បណ្ដាញកម្មករធ្វើការងារតាមផ្ទះ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ពួកគេ ពីការរំលោភបំពាន និងការកេងប្រវ័ញ្ចដោយប្រការផ្សេងៗ។
បណ្ដាញកម្មករធ្វើការតាមផ្ទះលើកដំបូងបង្អស់នៅកម្ពុជា បង្កើតឡើងតាមរយៈសមាជលើកទី១ ដែលត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២។
អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន ជាអ្នកសម្របសម្រួលបង្កើតបណ្ដាញកម្មករធ្វើការងារតាមផ្ទះមានប្រសាសន៍ថា អ្នកធ្វើការតាមផ្ទះ គឺជាកម្មករដែលពួកគេត្រូវមានសិទ្ធិសេរីភាព និងទទួលបានអត្ថប្រយោជន៍ ដែលអាចអោយរស់នៅក្នុងភាពថ្លៃថ្នូរ៖ «ពីមុនមក សង្គមតែងនិយាយថាពួកគាត់ជាខ្ញុំគេ។ យើងឃើញបទពិសោធន៍ដូចជាកម្មករក្នុងវិស័យកាត់ដេរអីចឹង នៅពេលដែលពួកគេចងក្រងជាបណ្ដាញ ជាសហជីពអីចឹង គេអាចតវ៉ាទាមទារនូវលក្ខខណ្ឌការងារ ប្រាក់ឈ្នួលអីបានផ្សេងៗ។ អីចឹង យើងចាប់ផ្ដើមចងក្រងកម្មករតាមផ្ទះជាបណ្ដាញ ដើម្បីគាត់ការពារអត្ថប្រយោជន៍ពួកគាត់ដែរ»។
អ្នកបោសសំអាតនៅវិទ្យាស្ថានវណ្ណដា អ្នកស្រី សួន ស្រីគា អោយដឹងថា អ្នកស្រីជឿជាក់ថា បណ្ដាញថ្មីនេះនឹងអាចជួយអ្នកធ្វើការងារតាមផ្ទះអោយទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងនាមជាមនុស្សជាតិ។
បើទោះជាយ៉ាងណា ក្នុងបរិបទកម្ពុជា បច្ចុប្បន្ន គឺនៅមិនទាន់មានក្របខណ្ឌច្បាប់ណាមួយដែលអាចប្រើប្រាស់បានក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍អ្នកធ្វើការងារតាមផ្ទះឡើយ។ នៅក្នុងច្បាប់ការងារដែលមានសុពលភាពក្នុងពេលបច្ចុប្បន្ននេះ គ្រាន់តែបញ្ជាក់ថា អ្នកដែលត្រូវជួលអោយធ្វើការ គឺមានសិទ្ធិសេរីភាពក្នុងការបង្កើត និងចូលរួមសមាគម ឬចងក្រងបណ្ដាញ ដើម្បីការពារអត្ថប្រយោជន៍ខ្លួន៖ «ចូលរួមបណ្ដាញនឹកឃើញថា វាល្អម្យ៉ាងដែរ។ យើងមានការអី ដូចគាបសង្កត់អីលើយើងអីចឹង យើងអាចទៅរកបណ្ដាញហ្នឹង យើងអាចទៅប្ដឹង អាចផ្តល់ព័ត៌មាន ដូចថាប្រាក់ខែដូចតិចអីចឹង យើងអាចអោយគេជួយដំឡើងប្រាក់ខែ ដំឡើងអីចឹងណាស់។ ឧបមាមានបដិហេតុអី អាចទៅរកគេដូចធូរម្យ៉ាងអីចឹងដែរ បានចេះទេនាំគ្នាតវ៉ាអីចឹង»។
តំណាងអង្គការពលកម្មអន្តរជាតិ លោក យឹម សេរីវឌ្ឍនៈ មានប្រសាសន៍ថា អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១១ កន្លងមកបានបង្កើតអោយមានអនុសញ្ញាអន្តរជាតិលេខ១៨៩ ស្ដីពីការងារសមរម្យសម្រាប់អ្នកបម្រើការងារតាមផ្ទះ។ លោក យឹម សេរីវឌ្ឍនៈ បន្តថា ជំហានទី២ បន្ទាប់ពីការបង្កើតបណ្ដាញកម្មករធ្វើការតាមផ្ទះនេះ គឺពួកគេត្រូវធ្វើសកម្មភាព ដើម្បីជំរុញអោយរដ្ឋាភិបាលកម្ពុជា យល់ព្រមអនុម័តលើអនុសញ្ញាអន្តរជាតិមួយនេះ៖ «ផលប្រយោជន៍លក្ខខណ្ឌការងារនៅក្នុងច្បាប់ការងារយើងនោះ គឺមិនបានគ្របដណ្ដប់ទៅលើយើងទាំងអស់គ្នាទេ។ អីចឹងអនុសញ្ញាលេខ១៨៩ នេះ មានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាចូលរួមក្នុងយុទ្ធនាការទាមទារអោយមានការអនុម័ត»។
អ្នកធ្វើការងារតាមផ្ទះតែងត្រូវអះអាងថា រស់នៅក្នុងជីវភាពស្ងាត់កំបាំង និងបានរងគ្រោះសព្វបែបយ៉ាង ជាពិសេសមិនត្រូវបានការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។