លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់បន្ថែមថា អ្នកទោសនៅគុកទួលស្លែងដែលបានដោះលែងនោះ គឺមានរួមទាំងជនស៊ីវិលនិងកងទ័ពខ្មែរក្រហមផងដែរ ដែលអ្នកខ្លះត្រូវបានដោះលែងនៅចុងឆ្នាំ១៩៧៧ ។
លោក ឆាំង យុ បានឲ្យដឹងថា ៖ «ពីព្រោះនេះជាឯកសារនៅមន្ទីរស-២១ យើងដឹងហើយថានៅមន្ទីរស-២១ ឌុច គាត់ជាប្រធាននៅក្នុងពេលនោះ... អ៊ីចឹងការដកនេះគឺថាមិនអាចចៀសផុតពីការដឹងឮរបស់គាត់ទេ ។ ហើយនៅក្នុងហ្នឹងនៅខាងក្រោមហ្នឹងបានចែងថា ឈ្មោះនេះបានដោះលែងចេញអស់ហើយ ។ យើងមានឯកសារនៅខាងមុខខ្ញុំហ្នឹង នៅក្នុងឆ្នាំ៧៥ ៧៦ និងក្នុងឆ្នាំ៧៧ ទាំងអស់វាមាន១២៨នាក់ ហើយនៅក្នុងឆ្នាំ៧៧ហ្នឹង មានចំនួន១០០នាក់គត់ ហើយក្នុងទាំងអស់ហ្នឹងមានបញ្ជីច្បាស់លាស់ អ្នកខ្លះជាប្រជាជន អ្នកខ្លះជាកងទ័ព» ។
លោក ឆាំង យុ ថ្លែងបន្តថាការប្រឹងប្រែងរកឯកសារភស្តុតាងថ្មីនេះ គឺនៅក្រោយពេលសិក្សាឃើញថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះ ឌុច គឺមានភស្តុតាងចោទដាក់បន្ទុកច្រើនលើសលុប ហើយភស្តុតាងដោះបន្ទុកមានតិចតួចទៅវិញ ។
ក៏ប៉ុន្តែលោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង ថ្លែងថាការស៊ើបអង្កេតនិងការសួរចម្លើយកសាងសំណុំរឿង ឌុច គឺមាននីតិវិធីត្រឹមត្រូវ ។
លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «យើងនិយាយអំពីសវតាររបស់គាត់ហ្នឹងយ៉ាងណាៗនោះ យើងបាននិយាយហើយ កន្លងមកគាត់នៅម-១៣ជាដើម ដែលគាត់ធ្លាប់បានដោះលែងជនជាតិបារាំងអីជាដើមហ្នឹង ។ អានេះគឺជាបញ្ហាមួយដែលវាមានកត់នៅក្នុងនោះហើយ យើងមិនអាចនិយាយអ្វីដែលលើសអំពីបញ្ហានៃលទ្ធផលការអង្កេតរបស់យើងទេ ។ ក្នុងនីតិវិធីកន្លងមកហ្នឹង យើងដឹងថាមេធាវីអន្តរជាតិផង មេធាវីខ្មែរផង គឺគេមានលទ្ធភាពនឹងសុំកិច្ចដើម្បីនឹងស៊ើបអង្កេតអាដោះបន្ទុក ។ គេសុំហ្នឹងយើងបានធ្វើឲ្យគេអស់ហើយ» ។
មន្ទីរស-២១ ឬហៅថា គុកទួលស្លែង ត្រូវអតីតអ្នកទោសមួយរូប គឺលោក ហេង ណាត ពិពណ៌នាថាជាកន្លែងមរណៈដែលចូលហើយមិនអាចចេញវិញបានឡើយ ។
លោក ហេង ណាត ដែលជាប់ឃុំនៅគុកទួលស្លែងរយៈពេលមួយឆ្នាំគត់នោះ បានរំឮកទៀតថាខ្មែរក្រហមមានកលវិធីច្រើនក្នុងការនាំយកមនុស្សទៅសម្លាប់ចោល ។
លោក ហេង ណាត បានបញ្ជាក់ថា ៖ «សូម្បីតែទៅដល់មាត់រណ្ដៅមរណៈហ្នឹងហើយ ក៏គេប្រាប់ថាអង្គុយចាំនៅហ្នឹងសិនហើយ បន្តិចទៀតគេមកយកទៅនៅផ្ទះថ្មីហើយ គឺច្រើនតែពាក្យនិយាយមិនពិតទេ» ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឆាំង យុ បានថ្លែងថាមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងស្វែងរកមនុស្សជាង១០០នាក់ដែលមានឈ្មោះក្នុងបញ្ជីដោះលែងនោះ ។ ហើយលោករំពឹងថាអ្នកទាំងនោះនឹងអាចជាសាក្សីសំខាន់បន្ថែមទៀតក្នុងសំណុំរឿង ឌុច ។
សូមជម្រាបថា ឌុច ដែលទទួលខុសត្រូវលើការស្លាប់រង្គាលមនុស្សជាង១២០០០នាក់ នៅគុកទួលស្លែងនោះ គឺរងការចោទលើបទល្មើសចំនួនពីរ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ។ គេរំពឹងថាសវនាការ ឌុច អាចនឹងធ្វើនៅចុងឆ្នាំ២០០៨នេះ ៕
