លោក រាជ សម្បត្តិ មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម បានថ្លែងគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ លោក ខៀវ សំផន នៅមិនទាន់សម្រេចជាផ្លូវការជ្រើសរើសយកមេធាវីថ្មី នៅឡើយទេ ។
លោក រាជ សម្បត្តិ ថ្លែងដូច្នេះថា ៖ «ខាងអង្គភាពគាំពារមេធាវីរបស់សាលាក្ដីខ្មែរក្រហមបានបញ្ជូនបញ្ជីឈ្មោះមេធាវី៣ ដែលយកមកពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅឲ្យលោក ខៀវ សំផន គាត់មើល ហើយយើងបានដឹងថា គាត់កំពុងស្ថិតក្នុងការពិចារណានៅឡើយ មកដល់ពេលនេះ គាត់មិនទាន់បានបញ្ជាក់ជាផ្លូវការថា គាត់ជ្រើសយកអ្នកណាទេ» ។
ការជ្រើសរើសមេធាវីជាតិថ្មីនេះ គឺបានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត សាយ បូរី បានប្រកាសកាលពីដើមខែកក្កដានេះ លាឈប់ធ្វើជាមេធាវីការពារក្តី ឲ្យលោក ខៀវ សំផន ។
លោក សាយ បូរី បានលាឈប់នេះ គឺដោយលោកលើកសំអាងថា លោកមានបញ្ហាសុខភាពដែលញ៉ាំងឲ្យលោកមិនអាចការពារក្តីជូនលោក ខៀវ សំផន បានចប់រួចរាល់ឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីប្រកាសមួយពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺនៅបន្តធ្វើជាតំណាងឲ្យ លោក ខៀវ សំផន រហូតដល់មានមេធាវីថ្មីមកជំនួស ។
លោក រាជ សម្បត្តិ មិនទាន់អាចបញ្ជាក់ឲ្យដឹងថា លោក ខៀវ សំផន នឹងសម្រេចទទួលយកមេធាវីថ្មីនៅវេលាជាក់លាក់ណាមួយនោះនៅឡើយទេ ៖ «យើងមិនកំណត់ទេ ប៉ុន្តែយើងយល់ថា គាត់ក៏ដឹងខ្លួនឯងដែរ ពីព្រោះខាងអង្គបុរេជំនុំជម្រះគាត់បានបញ្ជាក់ហើយថា គាត់អត់ចង់ទុកកិច្ចការនេះឲ្យយូរតទៅទៀតទេ គឺត្រឹមខែ៩ ខែ១០ យ៉ាងយូរឲ្យចប់អស់សម្រាប់រឿងអ្នកដែលសុំនៅក្រៅឃុំ ។ អ៊ីចឹងហើយ ចង់ ឬមិនចង់ គាត់ត្រូវសម្រេចចិត្តឲ្យបានលឿនដែរក្នុងផ្នែកហ្នឹង» ។
សូមជម្រាបថា អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម គឺលោក ខៀវ សំផន ដែលមានវ័យ ៧៦ឆ្នាំហើយនោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅសាលាក្តីខ្មែរក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៧មក ដោយជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម ។
សម្រាប់ការតតាំងក្តី នៅក្នុងសាលាក្តីវិសាមញ្ញ ដែលមានអង្គការសហប្រជាជាតិចូល រួមផងនោះ លោក ខៀវ សំផន មានមេធាវីជាតិបារាំងមួយរូបទៀតគឺ លោក Jacques Verges ៕
