អ្នក​និពន្ធ​ខ្មែរ​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​ស្ដី​ពី អ្នក​ម្ដាយ​និង​កូន​អង្គការ

និពន្ធ​នាយក​នៃ​កាសែត ខេមបូឌា ញូវ (Cambodia News) និង​ជា​មន្ត្រី​បណ្តុះ​បណ្ដាល​ជំនាញ​អ្នក​កាសែត នៅ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ទៀត ឈ្មោះ​ថា អ្នកម្តាយ និង កូន​អង្គការ នៅ​ក្នុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។
ដោយ សុខ សេរី
2012-07-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឆាយ សុផល កុមារ និង កូន​អង្គការ ៣០៥
និពន្ធ​នាយក នៃ​កាសែត ខេមបូឌា ញូវ (Cambodia News) លោក ឆាយ សុផល បង្ហាញ​សៀវភៅ​ថ្មី ស្តី​ពី កុមារ និង កូន​អង្គការ ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

សៀវភៅ​នេះ គឺ​ជា​ស្នាដៃ​និពន្ធ​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​លោក ឆាយ សុផល បាន​ចេញ​ផ្សាយ​សៀវភៅ​ស្នាដៃ​លើក​ដំបូង កាល​ពី​ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ មាន​ឈ្មោះ​ថា ហ៊ុន សែន/នយោបាយ និង អំណាច ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង ៤០​ឆ្នាំ។

សៀវភៅ​ថ្មី​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​សរសេរ​លាត​ត្រដាង​អំពី​ការ​រំលោភ​សិទ្ធិ​កុមារ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដោយ​សារ​អង្គការ​ខ្មែរ​ក្រហម​នោះ​បាន​ប្រើ​ប្រាស់​កុមារ​អាយុ​ជាង ១០​ឆ្នាំ ដើម្បី​តាម​ដាន​សកម្មភាព​របស់​ក្រុម​គ្រួសារ និង​ឪពុក​ម្តាយ​ខ្លួន​ឯង។

កុមារ​ទាំង​នោះ​ចាំបាច់​ត្រូវ​រាយការណ៍​ជូន​អង្គការ ហើយ​ក្រោយ​មក កង​ឈ្លប​របស់​អង្គការ បាន​យក​ឪពុក​ម្តាយ​របស់​កុមារ​នោះ យក​ទៅ​កម្ទេច​ចោល ឬ​សម្លាប់​ចោល។

សៀវភៅ​នេះ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​បោះពុម្ព ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញ៉ារិទ្ធិ។ ខ្លឹម​សារ​ក្នុង​សៀវភៅ​នេះ ក៏​ត្រូវ​បាន​ពិនិត្យ​ដោយ​ប្រធាន​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ របប​ខ្មែរ​ក្រហម លោក ឆាង យុគ មុន​ការ​ចេញ​ផ្សាយ​នេះ។

អ្នក​និពន្ធ​សៀវភៅ​នេះ បាន​បោះពុម្ព​លើក​ដំបូង​ចំនួន ១​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​ជា​ភាសា​ខ្មែរ​ចំនួន ៥​ពាន់​ក្បាល និង​ជា​ភាសា​អង់គ្លេស​ចំនួន ៥​ពាន់​ក្បាល​ទៀត ដើម្បី​ចែក​ជូន​នៅ​តាម​បណ្ណាល័យ​ជាតិ និង​បណ្ណាល័យ នៅ​តាម​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ។ ក្រៅ​ពី​នេះ គេ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា។

និពន្ធ​នាយក​នៃ​កាសែត ខេមបូឌា ញូវ លោក ឆាយ សុផល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២ ថា សៀវភៅ​មាន​លក្ខណៈ​ពិសេស​ជាង​សៀវភៅ​ដទៃ​ទៀត ដោយ​សារ​តែ​សៀវភៅ​នេះ បាន​លាត​ត្រដាង​ជា​សាច់​រឿង​របស់​កុមារ​ម្នាក់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​បាន​ស្មោះត្រង់​ជាមួយ​អង្គការ​ខ្មែរ​ក្រហម ហើយ​បាន​រាយការណ៍​ឲ្យ​ខ្មែរ​ក្រហម កម្ទេច​ឪពុក​ម្តាយ​ខ្លួន​ឯង។

លោក ឆាយ សុផល៖ «នៅ​ក្នុង​របប​នោះ គឺ​គេ​បណ្ដុះ​គំនិត​ឲ្យ​យើង​ស្អប់​ឪពុក​ម្តាយ គេ​បាន​បង្ហាញ​យើង​ថា ឪពុក​ម្តាយ​គ្រាន់​តែ​អ្នក​បង្កើត​យើង​ទេ ឯ​ឪពុក​ម្តាយ​ពិត​ប្រាកដ គឺ​ជា​អង្គការ។ អង្គការ គឺ​ជា​អ្នក​បំភ្លឺ​ផ្លូវ ផ្តល់​អនាគត ចិញ្ចឹម​បី​បាច់​ថែ​រក្សា របស់​យើង​ហើយ។ ប្រសិន​ណា​ឪពុក​ម្តាយ​ហ៊ាន​ធ្វើ​ខុស យើង​អាច​រាយការណ៍​ជូន​អង្គការ ខាង​កង​របស់​ខ្ញុំ​ហ្នឹង គឺ​ខ្ញុំ​នៅ​ចាំ​ឈ្មោះ​អត់​បាន គាត់​បាន​រាយការណ៍ គ្រាន់​តែ​ឪពុក​ម្តាយ​របស់​គាត់​ហ្នឹង លួច​ចេក​មួយ​ស្ទង ឃើញ​គាត់​ទៅ​រាយការណ៍​ប្រាប់​អង្គការ ឈ្លប​របស់​អង្គការ គឺ​បាន​យក​គាត់​ទៅ​កម្ទេច។ ភាសា​កម្ទេច គឺ​យក​ទៅ​សម្លាប់»

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភ័ក្រ្តា បាន​មាន​ប្រសាសន៍​ថា សាច់​រឿង​នៅ​ក្នុង​សៀវភៅ​នេះ គឺ​ជា​ភស្តុតាង​ថ្មី​មួយ​ទៀត៖ «មាន​សៀវភៅ​ខ្លះ​សរសេរ ហើយ​យើង​បាន​ស្តាប់​ឭ​នូវ​ការ​រ៉ាយរ៉ាប់​តាម​មាត់​ដោយ​ផ្ទាល់។ ប៉ុន្តែ​ឥឡូវ​នេះ គឺ​យើង​ឃើញ​ចង​ក្រង​ជា​សៀវភៅ គឺ​ជា​ការ​ល្អ ហើយ​យើង​គិត​ថា ការ​ចង​ក្រង​នេះ គឺ​នឹង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម»

ដោយ​ឡែក ចាប់​តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បាន​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ផ្សាយ ឬ​ចែក​ចាយ​នោះ​ឡើយ។

សៀវភៅ​នោះ​មាន​ឈ្មោះ​ថា ឫស​ចាក់​ក្នុង​ថ្ម ដែល​មាន​អត្ថន័យ​រិះគន់ ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត និង​បាន​រិះគន់​អំពើ​ពុក​រលួយ ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ខ្មែរលើ

ខ្ញុំសូមគាំទ្រ អ្នកអានអនាមិក សូមចេញនូវចំណងជើងជាភាសាអង់គ្លេសនៃសៀវភៅរបស់លោក សម រង្សីផង ។

Jul 09, 2012 12:08 PM

Nam Vang

ពី Saigon Nho

សរសេរសរសើរហ៊ុនសែន គ្រាន់បានបុណ្យស័ក្តិបានលាភ សក្ការៈ ។ សង្គមខ្មែរតាំងពីណាពីណីមក អ្នកធំមិនដែលចេះ ទទួលកំហុសខ្លួនទេ ចូលចិត្តឲ្យគេបញ្ចើ​បញ្ចើកណាស់ ។ យួនយកដីអស់ហើយ នៅនាំគ្នាសើចសប្បាយទៅ ៕

Jul 05, 2012 02:21 PM

អ្នក​អាន​អនាមិក

Should list the title in English version,so the buyer can search to buy book.

Jul 05, 2012 11:39 AM