មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ចៅក្រម​ម្នាក់​នៅ​រតនគិរី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើប​អង្កេត​លើ​ករណី​លោក​ចៅក្រម ថោ សារ៉ន នៅ​ខែត្រ​រតនគិរី ក្រោយ​ពេល​មាន​ការផ្លាស់​ប្តូរ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​២​នាក់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​ហៅ​កាត់​ថា អាដហុក។

0:00 / 0:00

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា លោក ថោសារ៉ន បាន​រំលោភ​ក្រម​សីលធម៌​និង​ច្បាប់​ក្នុង​ការដោះស្រាយ​រឿង​ក្តី​សកម្មជន​សមាគម​អាដហុក បន្ទាប់​ពី​ចៅក្រម​ស៊ើប​អង្កេត លោក ថោ សារ៉ន បាន​ធ្វើ​អត្ថាធិប្បាយ​ហៅ​ការប្តូរ​ភារកិច្ច​និង​ការចាក​ចេញ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ពី​ខេត្ត​រតនគិរី ជា​វិធី​ដែល​នឹង​សម្រួល​ឲ្យ​តុលាការ​អាច​ផ្អាក​រឿង​ក្តី​នោះ​បាន។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ បញ្ជាក់​ថា នេះ​ជា​ការដាក់​គំនាប​លក្ខណៈ​បុគ្គល មិន​មែន​ជា​នីតិ​វិធី​ក្នុង​ការដោះស្រាយ​រឿង​ក្តី ហើយ​ការធ្វើ​របៀប​នេះ​ដើម្បី​បំបាក់​ស្មារតី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា ៖ «ចៅក្រម​គឺ​អត់​មាន​មូលហេតុ​អី​ក្រៅ​តែ​ពី​ជំរុញ​ឲ្យ​លោក ប៉ែន ប៊ុណ្ណារ៍ ចេញ​ពី​ខេត្ត បញ្ចប់​នូវ​ការងារ​មួយចំនួន​ដែល​វា​ខាត​ដល់​អាជ្ញាធរ បុគ្គល​មួយចំនួន​ដែល​គាត់​ពុក​រលួយ»

ចៅក្រម​តុលាការ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ សីហា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​ផ្អាក​រឿង​ក្តី​នេះ ប្រសិន​បើ​សកម្មជន​ទាំង​ពីរ​ចាក​ចេញ​ពី​ទឹក​ដី​ខេត្ត​រតនគិរី។

លោក ថោ សារ៉ន បាន​មាន​ប្រសាសន៍​ថា វា​មិន​អនុលោម​តាម​ច្បាប់ ក៏​ប៉ុន្តែ​ដើម្បី​សម្រប​សម្រួល​គ្នា​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អាជ្ញាធរ។

លោក ថោ សារ៉ន បាន​ថ្លែង​ថា ៖ «ដើម្បី​សន្តិសុខ​នយោបាយ​សង្គម ជា​ពិសេស​យើង​មិន​ចង់​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន ហើយ​យើង​ចង់​រក្សា​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​ផ្នែក​សិទ្ធិ​មនុស្ស»

លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី បាន​បញ្ជាក់​ថា នេះ​ជា​ចំណាត់ការ​ជា​លក្ខណៈ​បុគ្គល មិន​អនុលោម​តាម​ច្បាប់​ទេ ហើយ​នោះ​គឺ​ជា​ការប្រើប្រាស់​អំណាច​តុលាការ​ដើម្បី​រារាំង​សកម្មភាព​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ដែល​ត្រូវ​គេ​រំលោភ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ធម្មតា​យើង​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រឆាំង​ជាមួយ​ការបំផ្លាញ​បរិស្ថាន​ហ្នឹង មាន​បុគ្គល​ដែល​ជា​អាជ្ញាធរ​សមត្ថកិច្ច​មួយចំនួន​ហ្នឹង​មិន​ពេញ​ចិត្ត»

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា មន្ត្រី​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ក៏​ប៉ុន្តែ​ដើម្បី​បញ្ចៀស​នូវ​ការប្រទាំង​ប្រទើស​គ្នា​រវាង​សង្គម​ស៊ីវិល​និង​អាជ្ញាធរ ដូច្នេះ​សមាគម​សម្រេច​ផ្ទេរ​ភារកិច្ច​សកម្មជន​ទាំង​ពីរ។

លោក នី ចរិយា បាន​បញ្ជាក់​ថា ៖ «អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ក្នុង​ន័យ​ការពារ​ផល​ប្រយោជន៍​សាធារណៈ​សហគមន៍»

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ទាមទារ​ឲ្យ​ផ្ទេរ​តួនាទី​សកម្មជន​អាដហុក​ក្នុង​ខេត្ត​នោះ​ទេ ហើយ​ក៏​មិន​បាន​ដឹង​ពី​វិវាទ​នោះ​ដែរ។

លោក ប៉ាវ ហមផាន បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​ថា មាន​ប្រជុំ​សុំ​ដក​អី ខាង​ខេត្ត​មាន​ទៅ​ផល​រមាស់​អី​នឹង​រឿង​ហ្នឹង»

យ៉ាង​នេះ​ក្តី លោក អ៊ូ វីរៈ បញ្ជាក់​ថា លោក​នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ។

សកម្មជន​បម្រើការ​ក្នុង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ទាំង​ពីរ​រូប​ដែល​ត្រូវ​ប្តូរ​ទី​កន្លែង​ការងារ​នោះ​មាន​ឈ្មោះ ប៉ែន ប៊ុណ្ណារ៍ និង ឆាយ ធី៕