ទន្ទឹមនឹងក្តីបារម្ភនេះ មានអង្គការមួយចំនួនបានប្រកាសសាទរចំពោះការអនុវត្តច្បាប់ថ្មីមួយ នៅសហរដ្ឋអាមេរិក ថា មានតម្លៃជាវិជ្ជមានសម្រាប់តម្លាភាពចំណូលចំណាយលើធនធានរ៉ែនៅកម្ពុជា។
ក្រុមអង្គការតម្លាភាពកម្ពុជា ចាត់ទុកការព្រមព្រៀងអនុវត្តច្បាប់ ស្ដីពីកំណែទម្រង់ទីផ្សារមូលប័ត្រ និងកិច្ចការពារអ្នកប្រើប្រាស់ (Dodd–Frank Wall Street Reform and Consumer Protection Act) នៅសហរដ្ឋអាមេរិក នោះថា នឹងអាចជួយអោយក្រុមហ៊ុនដែលមានគោលដៅធ្វើអាជីវកម្មប្រេង និងឧស្ម័ននៅកម្ពុជា បង្ហាញពីតម្លាភាពចំណូលចំណាយរបស់ក្រុមហ៊ុនទាំងនោះជាមួយរដ្ឋាភិបាលកម្ពុជា។
នាយកប្រតិបត្តិសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន លោក ឆាយ សារ៉ាត មានប្រសាសន៍នៅនៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ថា ការព្រមព្រៀងអនុវត្តច្បាប់ ស្ដីពីកំណែទម្រង់ទីផ្សារមូលប័ត្រ និងកិច្ចការពារអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក នោះ នឹងតម្រូវអោយក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ទាំងអស់ដែលបានចុះបញ្ជីផ្សារមូលប័ត្ររបស់អាមេរិក រាយការណ៍ពីការបង់ប្រាក់ដល់ប្រទេសនីមួយៗ។
លោក ឆាយ សារ៉ាត បន្តថា ការបង្ហាញពីតម្លាភាពនោះ នឹងជះឥទ្ធិពលទៅពាសពេញពិភពលោក ជាពិសេសនៅកម្ពុជា ពោលគឺពលរដ្ឋកម្ពុជាគ្រប់រូប និងអង្គការមិនមែនរដ្ឋាភិបាល អាចទទួលបានព័ត៌មានពីក្រុមហ៊ុនដែលនឹងមកធ្វើអាជីវកម្មផ្នែកប្រេង ឧស្ម័ន និងរ៉ែ នៅកម្ពុជា៖ «ដូច្នេះ បើច្បាប់ហ្នឹងមានសុពលភាពនៅឆ្នាំ២០១៣ ប្រជាពលរដ្ឋយើងនឹងបានទទួលព័ត៌មានពីវិស័យហ្នឹង ហើយក៏ជាផ្នែកមួយនៃការជំរុញអោយរដ្ឋាភិបាល ត្រូវលាតត្រដាងព័ត៌មានថែមទៀតដែរ។ បើសិនជាយើងបានព័ត៌មានហើយ ធម្មតាគឺប្រជាពលរដ្ឋគាត់មានសិទ្ធិក្នុងការសួរទៅរដ្ឋាភិបាលថា តើចំណូលហ្នឹង គឺត្រូវបានប្រើប្រាស់របៀបម៉េច ទទួលដោយរបៀបម៉េច?»។
សេចក្ដីប្រកាសព័ត៌មានរបស់សម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន បានអោយដឹងថា ក្នុងចំណោមក្រុមហ៊ុនដែលចុះបញ្ជីនៅគណៈកម្មការមូលប័ត្រ និងប្ដូរប្រាក់នៅសហរដ្ឋអាមេរិក (SEC) នោះ គឺមានក្រុមហ៊ុនធំៗមួយចំនួន ដែលមានផែនការធ្វើអាជីវកម្មប្រេង ឧស្ម័ន និងរ៉ែ នៅកម្ពុជា រួមមានក្រុមហ៊ុន Chevron Total Conocophillips និងក្រុមហ៊ុន China National Off shore Oile Corporation (CNOOC)។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអាជ្ញាធរជាតិប្រេងកាតបានទេ ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធការអធិប្បាយនៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែសីហា។
នៅសហរដ្ឋអាមេរិក ច្បាប់ស្ដីពីកំណែទម្រង់ទីផ្សារមូលប័ត្រ និងកិច្ចការពារអ្នកប្រើប្រាស់ ត្រូវអនុម័តកាលពីឆ្នាំ២០១០ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប៉ុន្តែ ដោយសារមានភាពប្រទាំងប្រទើសគ្នាលើចំណុចមួយចំនួន ទើបគេត្រូវចំណាយពេលពីរឆ្នាំដើម្បីអោយមានការព្រមព្រៀងអនុវត្តច្បាប់នេះ ពោលគឺកាលពីថ្ងៃទី២២ ខែសីហា ទើបគណៈកម្មការមូលប័ត្រ និងប្ដូរប្រាក់នៅសហរដ្ឋអាមេរិក បានបោះឆ្នោតព្រមព្រៀងអនុវត្តច្បាប់នេះ។
នាយកប្រតិបត្តិសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន លោក ឆាយ សារ៉ាត បានរំពឹងទុកថា ការបង្ហាញពីតម្លាភាពរបស់ក្រុមហ៊ុនទាំងនេះ នឹងជួយអោយកាត់បន្ថយអំពើពុករលួយក្នុងវិស័យធនធានរ៉ែ ឬគេចផុតពីបណ្ដាសាប្រេង៖ «នៅឆ្នាំ២០១០ យើងឃើញថា ក្រុមហ៊ុន BHP ហ្នឹង ត្រូវបានស៊ើបអង្កេតដោយគណៈកម្មការមូលប័ត្រ និងប្ដូរប្រាក់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងរឿងពុករលួយ ឬក៏ភាពមិនប្រក្រតីក្នុងការបង់ប្រាក់ទៅអោយរដ្ឋាភិបាល នៃប្រទេសផ្សេងៗ បើសិនជាមានសុពលភាពច្បាប់នេះ នឹងជួយកំហិតនៃអំពើសូកប៉ាន់ និងអំពើពុករលួយ។ យើងដឹងហើយថា ក្នុងវិស័យប្រេង និងឧស្ម័ន វាមានភាពរងគ្រោះច្រើន បើសិនជាយើងមិនគ្រប់គ្រងបានល្អទេ កម្ពុជាយើងនៅថ្ងៃអនាគត នឹងអាចឈានទៅរកបទពិសោធន៍នៃប្រទេសផ្សេងទៀត»។
មកដល់ពេលនេះ នៅកម្ពុជា បានអនុញ្ញាតអោយក្រុមហ៊ុនមួយចំនួនចូលមកសិក្សា និងរុករកប្រេងកាត ក្នុងនោះក្រុមហ៊ុនអាមេរិកឈ្មោះ Chevron បានគ្រោងថា នឹងដំណើរការអាជីវកម្មប្រេងរបស់ខ្លួននៅក្នុងតំបន់ប្រេងកាតប្លុក អេ (A) នៅក្នុងដែនសមុទ្រកម្ពុជា នៅក្នុងឆ្នាំ២០១៦។ ការប៉ាន់ប្រមាណមួយបានអោយដឹងថា ការរុករកជាជំហានដំបូងនោះ អាចរកបានប្រេងចំនួន១២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។