ការអះអាងនេះ ធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត ទៅសាកសួរនៅថ្ងៃទី២៤ សីហា ជុំវិញបទចោទសង្ស័យថា លោកបានល្មើសនឹងមាត្រាទី៥៤៤ នៃក្រមព្រហ្មទណ្ឌ។
អង្គការ សង្គមស៊ីវិលការពារសិទ្ធិមនុស្ស បានសម្ដែងការសោកស្ដាយចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើមន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត។ ក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលធ្វើឡើងក្រោយពេលចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួនដើម្បីសាកសួរនៅថ្ងៃទី២៤ សីហា។ សេចក្តីថ្លែងការណ៍អង្គការសង្គមស៊ីវិល ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ចៅក្រមស៊ើបសួរចោទលោក ចាន់ សុវ៉េត ក្នុងបទសង្ស័យល្មើសនឹងមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីថ្លែងការណ៍បន្ថែមថា បទចោទនេះធ្វើឡើងដោយចៅក្រមសំអាងតាមការចោទប្រកាន់របស់អាជ្ញាធរថា លោក ចាន់ សុវ៉េត បានផ្តល់ជំនួយមិនជាក់លាក់ដល់អ្នកភូមិម្នាក់ នៅខេត្តក្រចេះ ដែលរដ្ឋាភិបាលចោទថាជាសមាជិកនៃក្រុមបង្កើតតំបន់អបគមន៍។ ប្រសិនបើតុលាការរកឃើញថា លោក ចាន់ សុវ៉េត មានទោសដូចការចោទប្រកាន់នោះ លោកអាចប្រឈមនឹងជាប់ពន្ធនាគាររយៈពេលពីមួយឆ្នាំទៅបីឆ្នាំ។
អង្គការសង្គមស៊ីវិល បានហៅការចោទប្រកាន់លើលោក ចាន់ សុវ៉េត ថាជាការចោទប្រកាន់បែបនយោបាយ ដែលកើតឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យមន្រ្តីសិទ្ធិមនុស្សម្នាក់ ដោយមិនបញ្ចេញឈ្មោះ ចេញមកសារភាព។ អង្គការសិទ្ធិមនុស្សបន្ថែមទៀតថា លោក ហ៊ុន សែន ចោទថា បុគ្គលិកសិទ្ធិមនុស្សរូបនោះបានផ្តល់ជំនួយដល់ក្រុមចលនាអបគមន៍។
អង្គការសិទ្ធិមនុស្សបានចាត់ទុកថា ការចោទប្រកាន់នេះបានបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ។
ការចោទប្រកាន់មកលើលោក ចាន់ សុវ៉េត ធ្វើឡើងក្រោយពេលនាយកវិទ្យុសំបុកឃ្មុំ (FM 105) និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ទាក់ទងនឹងចលនាអបគមន៍។ លោក ម៉ម សូណង់ដូ អាចនឹងប្រឈមជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកមានទោសដូចការចោទប្រកាន់នោះ។ ការចោទប្រកាន់នេះ ក៏ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានអំពាវនាវឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ ផងដែរ។ មន្ត្រីអង្គការសង្គមស៊ីវិល បានអះអាងថា ការចោទប្រកាន់ទៅលើលោក ម៉ម សូណង់ដូ មានភាពអយុត្តិធម៌។ មន្ត្រីទាំងនោះបន្តថា រដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ ដោយសារតែវិទ្យុរបស់លោកផ្តល់ព័ត៌មានពិត។
នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ អ្នកស្រី ណាលី ពីឡូក មានប្រសាសន៍ថា ឆ្នាំ២០១២ នេះ ជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ អ្នកស្រីបន្ថែមទៀតថា មន្ត្រីអង្គការសិទ្ធិមនុស្សបានសង្កេតឃើញថា នៅឆ្នាំនេះ មានការកើនឡើងនៃការប្រើហិង្សាដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ការគំរាមកំហែងតាមប្រព័ន្ធតុលាការ និងចុងក្រោយនេះ ការព្យាយាមប្រើប្រាស់បទល្មើសព្រហ្មទណ្ឌមកលើមន្ត្រីសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។