ប្រធានអង្គការឃ្លាំមើលពលករចំណាកស្រុក និងការពារសិទ្ធិពលករកម្ពុជាឈ្មោះ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ បានអំពាវនាវសុំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាដំបូងរាជធានីភ្នំពេញ នគរបាលប្រឆាំងការជួញដូរមនុស្ស និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ផ្តល់សំណងជាទឹកប្រាក់សមរម្យ ឬចាប់ខ្លួនប្រធានក្រុមហ៊ុន ធី.អែន.ភី (T&P) និងប្រធានក្រុមហ៊ុន ចាយអឺន អូសីន អិនធើណេហ្សិនណល (Giant Ocean International) ដែលបានជួញដូរមនុស្សកន្លងមក។
ការអំពាវនាវនេះ គឺក្រោយពេលដែលអង្គការការពារសិទ្ធិពលករទាំងនោះ បានទទួលពាក្យបណ្ដឹងជាង ១០០ករណី ស្មើនឹង១៣៦នាក់ រងគ្រោះដោយសារការជួញដូរមនុស្ស ការធ្វើទារុណកម្មលើពលករដោយថៅកែនៅប្រទេសម៉ាឡេស៊ី និងការបាត់ដំណឹងពីពលករជាដើម។
ក្រុមហ៊ុនដែលសកម្មជនការពារសិទ្ធិពលករកំពុងតែផ្ដោតលើការជួញដូរមនុស្សកន្លងមក គឺមានក្រុមហ៊ុន ធី.អែន.ភី ដែលរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យបិទកាលពីឆ្នាំ២០១១ កន្លងទៅនេះ និងក្រុមហ៊ុនឈ្មោះ ចាយអឺន អូសីន អិនធើណេហ្សិនណល ដែលបានជួញដូរមនុស្សទៅកាន់ប្រទេសចិន អាហ្វ្រិកខាងត្បូង (South Africa) សិង្ហបុរី ហ្វីជី (Fiji) និងម៉ូរីស (Mauritius) ដែលរដ្ឋាភិបាលកម្ពុជាហាមឃាត់។
ប្រទេសដែលជាទីផ្សារការងារដែលរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបញ្ជូនពលករនោះ មានដូចជាប្រទេសម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងជប៉ុន ជាដើម។
ប្រធានអង្គការខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ថា ពលករមួយចំនួនចង់បានសំណងដែលពួកគាត់មិនបានប្រាក់ខែកន្លងមក ដោយសារការធ្វើការងារដោយបង្ខំជាទាសករនៅលើទូកនេសាទ និងនៅតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី៖ «ការសំណងនេះ វាអត់អាចដូចគ្នាបានទេ។ ពលករខ្លះគាត់ទាមទារប្រាក់បៀវត្ស ពលករខ្លះទៀត គាត់ទាមទារសុំឲ្យផ្ដន្ទាទោសក្រុមហ៊ុនដែលបញ្ជូនទៅហ្នឹង។ ការសម្រេចយ៉ាងណា គឺវាអាស្រ័យស៊ីសងលើស្ថាប័នពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការ គឺយើងអង្គការសង្គមស៊ីវិល គឺយើងគ្រាន់តែជួយពាំនាំនូវអ្វីដែលជាកង្វល់ អ្វីដែលជាបញ្ហាប្រឈម ដើម្បីឲ្យរាជរដ្ឋាភិបាលលោកមេត្តាជួយដោះស្រាយនូវអ្វីដែលជាកង្វល់ ឬបញ្ហារបស់ពលករតែប៉ុណ្ណោះ»។
ជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការប្រឆាំងរាល់ទម្រង់ និងការរើសអើងលើស្ត្រី អ្នកស្រី ពុង ឈីវកេក និងជាប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ពលករមួយចំនួនរងការធ្វើទារុណកម្ម ការចាប់រំលោភសេពសន្ថវៈ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែក្រុមហ៊ុនទាំងពីរនោះ មិនបានដោះស្រាយទេ៖ «រឿងមិនចប់មិនហើយទេលោកអើយ! អ្នកខ្លះទូរស័ព្ទ (Telephone) មកខ្ញុំដោយផ្ទាល់ខ្លួនឯងថា គេយកទៅធ្វើបាបគ្រប់មុខទាំងអស់ អ្នកខ្លះគេដាក់ចូលក្នុងផ្ទះហ្នឹង គេទៅក្រៅគេចាក់សោមិនឲ្យចេញ គេដាក់ម៉ាស៊ីនថត (Camera) ដើម្បីមើល។ គេឲ្យទៅគេងនៅក្នុងហ្គារ៉ាស៍ (យានដ្ឋាន=Garage) គេធ្វើបាបឲ្យបាយទឹកមិនគ្រប់គ្រាន់ រឿងរ៉ាវមិនចប់ មានដល់ការរំលោភសេពសន្ថវៈ មានដល់វាយទៅទៀត»។
ពលករឈ្មោះ ម៉ៅ សុភ័ក្រ អាយុ៣២ឆ្នាំ មកពីខេត្តព្រៃវែង ដែលធ្លាប់បានរងគ្រោះធ្វើជាកម្មករលើទូកនេសាទ នៅប្រទេសហ្វីជី កាលពីឆ្នាំ២០១១ កន្លងទៅនេះ បាននិយាយថា មេខ្យល់បានសន្យាថា លោកនឹងទទួលបានប្រាក់ខែចំនួន១៥០ដុល្លារអាមេរិក ក្នុងមួយខែ ប៉ុន្តែលោកមិនបានទទួលអ្វីសោះ ហើយគេបានបង្ខំឲ្យធ្វើការងារនេសាទរវាង១៨ម៉ោង ទៅជាង២០ម៉ោង ក្នុងមួយថ្ងៃៗ៖ «ជួនកាលក្នុងមួយថ្ងៃ ខ្ញុំធ្វើដល់២៩ម៉ោង ដល់៣០ម៉ោងជាង។ ខ្ញុំធ្វើរហូតអត់សម្រាក ហូបចុកគេឲ្យយើងហូបធម្មតា ជួនកាលទៅ ២ថ្ងៃ ឬ៣ថ្ងៃ គេឲ្យហូបម្តង គឺធ្វើការជាប់រហូត ឈរ»។
ឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនប្រធានក្រុមហ៊ុន ធី.អែន.ភី លោក សម ពីសី ដែលកំពុងតែលាក់ខ្លួននៅក្រៅប្រទេសកម្ពុជា។
ចំណែកឯប្រធានក្រុមហ៊ុនឈ្មោះ ចាយអឺន អូសីន អិនធើណេហ្សិនណល គឺសមត្ថកិច្ចកំពុងតែរង់ចាំដីកាចាប់ខ្លួនពីសាលាដំបូងរាជធានីភ្នំពេញ។ ប្រធានក្រុមហ៊ុននេះកំពុងតែរត់លាក់ខ្លួនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។