វាគ្មិនកិត្តិយសពីររូបគឺលោកមេធាវី សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍យល់ស្របជាមួយគ្នាថា សេចក្តីព្រាងក្រមព្រហ្មទណ្ឌថ្មីដែលសភាជាតិកំពុងពិភាក្សានេះ ប្រសិនបើអនុម័តដោយពុំមានកែប្រែមាត្រាខ្លះទៅតាមអនុសាសន៍ដែលបានស្នើឡើងដោយក្រុមសង្គមស៊ីវិលទេនោះ វានឹងនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកមេធាវី សុក សំអឿន បានមានប្រសាសន៍រៀបរាប់អំពីការព្រួយបារម្ភរបស់សង្គមស៊ីវិលយ៉ាងដូច្នេះ ៖ «អ្វីដែលយើងព្រួយបារម្ភគឺពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសគឺបទបរិហារកេរ្តិ៍ហើយនិងបទញុះញង់ ហើយនៅក្នុងក្រមព្រហ្មទណ្ឌនេះ យើងឃើញបទញុះញង់ហ្នឹងមានច្រើនជាងច្បាប់អ៊ុនតាក់ទៅទៀត ជាពិសេសអា៤៩៤ដែលនិយាយពីលក្ខខណ្ឌអាទិភាពនៃការញុះញង់នោះ។ គឺក្នុងចំណុចទី១ គេនិយាយថា ដោយសម្ដីតាមប្រភេទណាក៏ដោយដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈឬនៅក្នុងពេលប្រជុំជាសាធារណៈ។ បើយើងនិយាយពីប្រជុំ ការប្រជុំគ្នា បើសិនជាមនុស្សច្រើន ការនិយាយហ្នឹងគឺយើងអាចនឹងមានការបារម្ភណាស់ ខ្លាចគេមានការបកស្រាយថាជាការញុះញង់»។
លោក សុក សំអឿន បានមានប្រសាសន៍បញ្ជាក់ផងដែរថា ដោយសារតែមាត្រាខ្លះទាក់ទងនឹងនិយមន័យនៃបទបរិហារកេរ្តិ៍និងបទញុះញង់មិនច្បាស់លាស់ វានឹងអាចនាំឲ្យមានផលវិបាកធំៗពីរ ៖ «ផលវិបាកទី១ បើសិនជាតុលាការគាត់បកស្រាយតឹងរ៉ឹង បទល្មើសហ្នឹងវាទៅជាមិនអាចយកទៅអនុវត្តបាន មិនអាចដាក់ទោសអ្នកណាបាន។ តែបើសិនជាតុលាការបកស្រាយធូររលុងទៅវិញ បកស្រាយយ៉ាងម៉េចក៏ជនជាប់ចោទជាប់គុកដែរ។ ឧទាហរណ៍ដូចពាក្យ "ញុះញង់" មិនដឹងថាមានស្អីខ្លះទៅដែលហៅថា "ញុះញង់"? យើងមិនដឹងថាតើមានស្អីមួយដែលបកស្រាយថា ពាក្យនេះហៅថាញុះញង់ ពាក្យនោះមិនហៅថាញុះញង់ ពីព្រោះថា តាមពិតទៅក្នុងរដ្ឋធម្មនុញ្ញនិយាយថា បើសិនជាអ្វីដែលយើងនិយាយគ្រាន់តែជាការបញ្ចេញមតិ គឺអត់ត្រូវមានទោសមានពៃរ៍អីទេ»។
មិត្តអ្នកស្តាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលបានសាកសួរវាគ្មិនកិត្តិយសជាច្រើនសំណួរ ដូចជាថាតើច្បាប់នេះធ្វើឡើងដើម្បីការពារប្រជាពលរដ្ឋ ឬដើម្បីការពាររដ្ឋាភិបាល ហើយបើច្បាប់ហ្នឹងហាមឃាត់មិនឲ្យប្រជាពលរដ្ឋបញ្ចេញមតិនោះ តើមានន័យដូចម្តេច?
ចំពោះសំណួរនេះ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ឆ្លើយតបថា ៖ «ច្បាប់គឺសម្រាប់ប្រជាពលរដ្ឋទូទៅ តាំងពីអ្នកខាងលើដល់ខាងក្រោមត្រូវនៅក្រោមច្បាប់។ ប្រទេសដែលគោរពប្រជាធិបតេយ្យពិតប្រាកដ អ្នកដឹកនាំប្រទេសហ្នឹងគឺគេធ្វើច្បាប់នានាឲ្យតាមខ្នាតអន្តរជាតិ ជាច្បាប់ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ»។
បញ្ហាភាពមិនច្បាស់លាស់នៃនិយមន័យរបស់មាត្រាខ្លះនៃសេចក្តីព្រាងក្រមព្រហ្មទណ្ឌថ្មីនេះ មន្ត្រីសង្គមស៊ីវិលបានអះអាងថា ក្រោយពេលដែលច្បាប់មួយនេះអនុម័តហើយពិតជាមានការលំបាកក្នុងការនិយាយបញ្ចេញមតិរិះគន់ ឬធ្វើការតវ៉ាណាមួយ ពីព្រោះតុលាការខ្មែរអាចនឹងធ្វើការបកស្រាយមាត្រាច្បាប់ទាំងនោះតាមទំនើងចិត្តរបស់ខ្លួន៕
